ក្រ​​សួង​​​ពា​ណិជ្ជ​​កម្ម​​បន្ត​​លើក​​លែង​​ការ​​ពិ​ន័យ​​ចំ​ពោះ​​ក្រុម​ហ៊ុន​​ខក​ខាន​​តម្កល់​​ប្រ​តិ​វេទ​ន៍​​រយៈ​​​ពេល​​​៦​​​ខែ​​​ទៀត​​​

ដោយៈ

Press Start Cambodia Avatar

ក្រសួងពាណិជ្ជកម្មបន្តលើកលែងការពិន័យចំពោះ​ក្រុមហ៊ុនដែល​ខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ​សម្រាប់រយៈពេល៦ខែបន្ថែមទៀត ដោយសារ​មាន​សំណូមពរ និងសង្កេតឃើញ​ភាពចាំបាច់របស់ក្រុមហ៊ុនដែលមានបំណងបំពេញ​កាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ​​​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្មចុះ​ថ្ងៃទី​១០​ ខែ​កក្កដា ​បាន​ឱ្យ​ដឹង​ថា ម្ចាស់​ក្រុម​​​ហ៊ុន ​និង​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​ទាំង​អស់​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ជា​បង់​ប្រាក់​ពិន័យ​មិន​បាន​​តម្កល់​​ប្រ​តិ​វេទន៍​ប្រចាំឆ្នាំ​សម្រាប់​រយៈ​ពេល​ ១​ឆ្នាំ​ចុងក្រោយ និង​បង់​កម្រៃ​សេវា​តម្កល់ប្រតិ​វេទន៍​​ប្រ​ចាំ​​ឆ្នាំ​​តាម​​ចំនួន​​ឆ្នាំ​ ដែល​មិន​បាន​បង់​ជាក់ស្តែង​ ក្នុង​អំឡុង​ពេល​៦​ខែ​ចាប់ពីថ្ងៃចេញ​​សេចក្តី​ជូន​ដំ​ណឹង​​នេះ។​​

សេចក្តីជូន​ដំណឹង​ដដែលនេះ​បញ្ជាក់​ទៀត​ថា ម្ចាស់​ក្រុម​ហ៊ុន​ និង​អ្នក​គ្រប់គ្រង​​ត្រូវ​ចូល​រួ​ម​ក្នុង​​ការ​​​ត្រួត​​ពិនិត្យ​សាវតា​រូប​វន្ត​បុគ្គល​របស់​ម្ចាស់​ហ៊ុន​ ដើម្បីរួម​ចំណែក​ក្នុង​ការ​ពង្រឹង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​ការ​លាង​សម្អាត​ប្រាក់​។​

​បើ​តាម​សេចក្តីជូនដំណឹង​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ព្រមាន​ថា ក្នុង​ករណី​ក្រុមហ៊ុន​មិន​បាន​​អនុវត្ត​តាម​លក្ខ​ខណ្ឌ​ និង​កាល​បរិច្ឆេទ​កំណត់​ខាងលើ​ នឹង​ត្រូវ​ចាត់​ទុក​ជា​ក្រុមហ៊ុន​អកម្ម​ ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​ និង​ស្ថានភាព​របស់​ក្រុម​ហ៊ុន​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​ជា​ធរមាន​។​ ក្នុង​ករណីមានបញ្ហាបច្ចេកទេសក្នុងការតម្កល់ប្រតិវេទន៍​​ប្រចាំ​ឆ្នាំ​ក្នុង​ប្រព័ន្ធ​ចុះ​បញ្ជី​។

គួរ​រំលឹក​ផងដែរថា កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៦​ កន្លងទៅ ក្រសួង​ពាណិជ្ជកម្ម​បាន​ជូនដំណឹង​អំពី​ការ​លើក​លែង​ការ​ពិន័យ​ចំពោះ​ក្រុមហ៊ុន​ខកខាន​តម្កល់​ប្រតិវេទន៍​ប្រចាំឆ្នាំ​តាម​រយៈ​ការ​ពិន័យ​ត្រឹម​ ១​ឆ្នាំ​ចុងក្រោយ​៕​

អត្ថបទដោយ​៖ ឈួន ឡាំងស៊ីន​

អត្ថបទគួរឱ្យចាប់អារម្មណ៍