អាជ្ញាធរជាតិអប្សរាក្រើនរំលឹកអំពីវិធានការគួរអនុវត្តមួយចំនួនដល់ក្រុមហ៊ុនទេសចរណ៍ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើម្បីធានាបានសុវិត្ថភាពជាអតិបរមា អំឡុងការកម្សាន្ដនៅតំបន់រម្មណីយដ្ឋានអង្គរ ក្នុងរដូវវស្សា។
តាមសេចក្ដីប្រកាសចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរជាតិអប្សរាបានរំលឹកជាថ្មីម្ដងទៀតដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្កើនការប្រុងប្រយ័ត្នក្នុងដំណើរកម្សាន្ត និងឆ្លងកាត់រមណីយដ្ឋានអង្គរ ដោយជៀសវាងការជ្រក ឬចតយានយន្តគ្រប់ប្រភេទក្រោមដើមឈើ និងការប្រើឧបករណ៍អេឡិចត្រូនិច នៅពេលមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្រ្តាក់ខ្លាំង និងមានផ្គររន្ទះ។
សេចក្តីជូនដំណឹងដដែលនេះ បានដាស់តឿនលើការរៀបចំខ្លួន និងសម្លៀកបំពាក់ មានត្រៀមអាវភ្លៀងឬឆ័ត្រ (មិនមានចុងស្រួចខ្លាំង) និងប្រើប្រាស់ស្បែកជើង ដែលមានសភាពស្អិតល្អ ពីព្រោះថ្មប្រាសាទអាចនឹងមានសភាពរអិលខ្លាំងនៅពេលសើម។ អាជ្ញាធរជាតិអប្សរា ក៏បានក្រើនរំលឹកផងដែរឲ្យភ្លៀវជាតិ និងអន្ដរជាតិស្លៀកពាក់ឱ្យបានសមរម្យ ស្របតាមការកំណត់ក្នុងក្រមប្រតិបត្តិអង្គរ នាពេលទស្សនាក្នុងរមណីយដ្ឋានអង្គរ។
ភ្ជាប់ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានហាមយ៉ាងដាច់ខាតនូវការផ្ដល់ចំណី និងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វស្វា ពីព្រោះសកម្មភាពទាំងនេះអាចធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ឥរិយាបថធម្មជាតិ និងសុខភាពរបស់សត្វស្វា៕
អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា

