កម្ពុជាដាក់ឱ្យ​ប្រើប្រាស់​សៀវភៅស្តង់ដា​​មូស្លីម​ហ្វ្រែនលី​​កម្ពុជា សម្រាប់ទទួល​​ភ្ញៀវទេសចរ​​មូស្លីម

ដោយៈ

Press Start Cambodia Avatar

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​កា​រ «សៀវភៅស្តង់​ដាមូសស្លីម​ហ្វ្រែនលី​កម្ពុជា​» ដែល​ជា​ឯកសារ​​គោល​សម្រាប់អភិវឌ្ឍន៍​គោលដៅ​​ទេស​ចរណ៍ មូល​ដ្ឋាន​អាជីវកម្ម និង​កា​រផ្តល់​បដិសណ្ឋារកិច្ច​​ជន​ភ្ញៀវ​ទេស​ចរ​​មូសស្លីម ដែល​ជាទី​ផ្សារ​ដ៏​មាន​សក្ដា​នុពល។

ការ​ដាក់ឱ្យ​ប្រើ​ប្រាស់​សៀវ​ភៅ​នេះ បាន​ធ្វើឡើងនៅក្នុង​​​​​វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ​២០២៦ ក្រោម​ប្រធាន​បទ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែល​ផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើ​ដំណើរ» ដែល​រៀបចំ​​​រយៈ​ពេល ៣ថ្ងៃ ចាប់​ពី​​ថ្ងៃ​ទី​១០ ដល់​ទី​១២ ខែ​កក្កដា ​២០២៦។ នេះ​បើតាម​កា​រផ្សព្វ​ផ្សាយ​​ក្នុ​ងទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ទេស​ចរណ៍ កាលពីថ្ងៃទី​១០​ខែកក្កដា។

ថ្លែង​ក្នុង​ពិធីបើកវេទិកា​នេះ រដ្ឋមន្ត្រីក្រសួង​ទេស​ចរណ៍ លោក ហួត ហាក់ បាន​លើក​ឡើង​ថា ក្រសួង​បាន​ដាក់​ឱ្យ​​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ សៀវ​ភៅស្ត​ង់ដា​មូ​ស្លីម​ហ្វ្រែន​លីក​ម្ពុជា ដែល​ជា​ឯកសារ​គោលស​ម្រាប់​អភិវឌ្ឍន៍​គោល​ដៅ​​ទេស​ចរណ៍ មូល​ដ្ឋាន​អាជីវ​កម្ម និង​ការ​ផ្តល់​បដិ​សណ្ឋារ​កិច្ច​ប្រកប​ដោយ​គុណ​ភាព សុវត្ថិ​ភាព និង​ទំនុក​ចិត្ត ជូន​ភ្ញៀវ​ទេសចរ​មូស្លីម។

លោក​បន្តថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វ​​ផ្សាយសក្តានុ​​ពលទេសចរណ៍​កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេស​នានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជា​គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិ​ភាព មានភាពកក់ក្តៅ និងទំនុកចិត្ត ដែលអាចទទួលស្វាគមន៍ភ្ញៀវទេសចរ​ពីគ្រប់ទិសទីនៅក្នុងតំបន់ និងនៅ​លើ​​ពិភព​​លោក។

បើតាមក្រសួង​ទេសចរណ៍ ​វេទិកានេះ ក៏មាន​រៀបចំទស្សនកិច្ចសិក្សា (Fam Trip) របស់គណៈប្រតិភូ​ធុរជន​មូស្លីម មកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដើម្បីទៅ​ទស្សនាតំបន់គោល​​ដៅទេសចរណ៍​សំខាន់ៗនៅ​កម្ពុជា និងពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ច​ជូនទេសចរ​មូស្លីមពីក្នុងតំបន់ និង​ជុំវិញពិភពលោក មកទស្សនាកម្ពុជា៕

អត្ថបទដោយ៖ គីម សុខលាភ

អត្ថបទគួរឱ្យចាប់អារម្មណ៍