រដ្ឋាភិបាល​​​ដាក់​ឱ្យដំណើរការ​​​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​បន្ទាន់ ដើម្បី​ឆ្លើយ​តប​ករណី​​ផ្ទុះ​​ជំងឺគ្រុនឈាម

ដោយៈ

Press Start Cambodia Avatar

រដ្ឋាភិបាល តាមរយៈ​​ក្រសួង​សុខា​ភិបាល បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​​​​មជ្ឈ​មណ្ឌល​ប្រតិ​បត្តិ​ការ​​បន្ទាន់ (EOC) ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាម និង​ទប់ស្កាត់​ការ​រីករាល​ដាល​បន្ថែម។

យោងតាម​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក​របស់ក្រសួង​សុខាភិបាល នៅថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២៦ បានឱ្យ​ដឹងថា កាលពីថ្ងៃសុក្រ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​​​ បាន​​រៀប​ចំ​កិច្ចប្រជុំ​ដាក់ឱ្យ​ដំណើរកា​រ​​​មជ្ឈ​​មណ្ឌល​ប្រតិ​បត្តិ​ការ​បន្ទាន់ (EOC) សម្រាប់​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម តាម​ប្រព័ន្ធ​និមិត (Zoom)។

ប្រភពដដែល​ បន្តថា កិច្ច​ប្រជុំនោះ ធ្វើឡើង​ក្នុងគោល​បំណង​​ធានា​ឱ្យ​មានកា​រ​ឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​​ទាន់​​ពេល​វេលា ដើម្បី​គ្រប់​គ្រង​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម កាត់បន្ថយ​អត្រា​ឈឺ និង​អត្រា​ស្លាប់ ព្រម​ទាំង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​បន្ថែម។ ក្រៅពីនោះ ក៏​ពិនិត្យ និង​វាយ​តម្លៃ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈា​ម និ​ង​កំណត់​កម្រិត​​ហានិ​ភ័យ​ ​សម្រេច​​ចិត្ត​លើ​ការ​ធ្វើ​ឱ្យ​ដំណើរ​ការ​​​មជ្ឈ​​មណ្ឌល​ប្រតិ​បត្តិ​ការ​បន្ទាន់ (EOC) និង​កំណត់​កម្រិត​នៃ​ការ​ឆ្លើយ​តប​។

ក្នុងកិច្ច​ប្រជុំនោះ ​​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី យក់ សម្បត្តិ ក៏​បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ​យក​​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ទប់​ស្កាត់​ការ​ផ្ទុះ​នៃ​ជំងឺ​គ្រុន​ឈាម​នេះ ដើម្បី​កាត់​បន្ថយ​អាត្រា​ឈឺ និង​ស្លាប់​ឱ្យ​មាន​ប្រសិទ្ធ​​ភាព​ខ្ពស់។

កាលពីថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ​២០២៦ ក្រសួង​សុខាភិបាល ក៏បាន​ចេញ​សេចក្តីណែនាំ​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ បង្ការ​​ជំងឺ​គ្រុន​ឈាម​ក្នុង​រដូវ​វស្សា ខណៈ​ឥទ្ធិ​ពល​នៃ​បាតុ​ភូត​កើន​កម្ដៅ (EI Niño) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​មូស​ខ្លា​ និង​ជំងឺ​គ្រុន​ឈាម។

ក្រសួង​បាន​ជំរុញ​ឱ្យ​​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ចូល​​រួ​ម​ចលនា​កាត់​បន្ថយ តាម​​ដាន និង​​ទប់​ស្កាត់​ការ​កកើត​សត្វ​មូស ដោយ​អនុវត្ត​នូវ​វិធាន​ការ​មួយចំនួន​។ វិធានការ​ទាំងនោះ មាន​ដូចជា សម្អាត​បរិវេណ​​ជុំវិញ​ផ្ទះ ការ​ដ្ឋាន​សំណង់ និងតាមបណ្តាទីផ្សារ​​ដោយ​លុបបំបាត់​វត្ថុ​ដក់ទឹក, ស្លៀក​ពាក់​ខោជើ​ង​វែង​អាវ​ដៃ​វែង, ប្រើ​ថ្នាំ​ការ​ពារ​មូស​ ដែល​​ថ្នាំ​នេះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ប្រើ​បាន​ដោយ​មាន​សុវត្ថិ​ភាព​ និង​សម្រាន្ត​ក្នុង​មុង​ទាំង​​ថ្ងៃ និង​យប់ ដើម្បី​ការ​ពារ​ការ​ខាំ​ពី​មូស​ជា​ដើម។

ក្រសួងបន្តថា ប្រសិនបើប្រជាពលរដ្ឋដែលមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំង​​ភ្លាមៗ ចាប់​ពី ៣៩ ទៅ ៤០ អង្សា​សេ ត្រូវ​ប្រញាប់​ទៅ​ពិនិត្យ​និង​ព្យាបាល​ជា​បន្ទាន់​នៅ​មណ្ឌល​សុខ​ភាព​ ក្នុង​រយៈ​ពេល ៤៨ ម៉ោង​យ៉ាង​តិច។

បើតាម​ការសិក្សា​​ស្រាវជ្រាវរបស់ក្រសួង សត្វ​មូសខ្លា​ចូលចិត្ត​រស់​នៅ​កន្លែង​ទឹក​ដក់ ដូចជា សំបក​កង់​ឡាន/កង់​ម៉ូតូទុក​ចោល​ពាសវាល​ពាស​កាល ត្រឡោក​ដូង កែវ ចាន​ជ័រ/ស្នោរ ក្រឡ​ដែល​បោះបង់​ចោល ពាង អាង​ ធុង​ដាក់ទឹក​ ទឹកថូផ្កា ចាទ្រ​ជើង​តុ និងពែង​ជា​ដើម។ សត្វ​មូសខ្លា​ចូលរួម​សំងំលាក់ខ្លួន​នៅក្នុង​ទីកន្លែង​ងងឹតៗ ឬ​មិនសូវ​មាន​ពន្លឺថ្ងៃចូល​ដល់។

កាលពីពេល​​ថ្មីៗនេះ ក្រសួង​ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​ជិត ៦០០ នាក់​ នៅ​ស្រុក​​កោះ​​ធំ ខេត្ត​កណ្តាល គិត​ចាប់​ពី​ថ្ងៃទី​១៦ ខែ​មិថុនា ដល់​ថ្ងៃទី០៤ ខែ​កក្កដា ឆ្នាំ​២០២៦ ក្នុង​នោះ​មាន​អ្នកជំងឺ​ធ្ងន់​ ៦នាក់ ត្រូ​វបាន​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​គ្មានករណីស្លាប់​នោះទេ៕

អត្ថបទដោយ៖ ស៊ន មេសា

អត្ថបទគួរឱ្យចាប់អារម្មណ៍