បទយកការណ៍៖ អ្នកប្តូរអត្តសញ្ញាណយេនឌ័រមួយចំនួន​ថា ពួកគេ​នៅតែរង​ការ​រើស​អើង​និងការ​​បៀតបៀន​​​តាម​ប្រព័ន្ធ​អន​ឡាញ​

នៅក្នុងព្រឹត្តិការណ៍អបអរខែមោទកភាព (Pride Month) និងសេរីភាពក្នុងការបង្ហាញខ្លួនរបស់សមាជិកសហគមន៍ LGBTQ+ ដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិលជាង១០ កាលពីថ្ងៃទី២៣ ខែឧសភា នៅ​​​រាជធានីភ្នំពេញ កាលពីពេល​ថ្មីៗនេះ គេ​សង្កេត​ឃើញ​​​មាន​​មនុស្ស​ម្នា​ជាច្រើន​ បាន​ទៅ​ជួប​ជុំ​គ្នា​យ៉ាង​ច្រើន​កុះ​ករ ​ដែលក្នុងនោះ​ភាគ​ច្រើន​ជា​​អ្នក​ស្រឡាញ់​ភេទដូចគ្នា ឬអ្នក​ប្តូរអត្តសញ្ញាណយេនឌ័រ។

ក្នុងព្រឹត្តិការណ៍នោះ មានការតាំងពិព៍រណ៍ ការចាក់បញ្ចាំងវីដេអូ ការ​សម្តែង​របាំ​ប្រពៃ​ណី បង្ហាញ​ម៉ូត ព្រមទាំង​មាន​ការ​ជជែក​អំពី​រឿង​រ៉ាវ និងបទពិសោធន៍​ជីវិត ការតស៊ូ ភាពជោគជ័យ និង​បញ្ហាផ្សេងៗ​ដែល​កើតមាន​ក្នុង​សហគមន៍ និងសង្គមផងដែរ។ អ្នកប្តូរអត្តសញ្ញានយេនឌ័រមួយចំនួន បានលើកឡើ​ងថា ពួកគេ​នៅ​តែ​រង​​ការ​រើសអើង និង​អំពើបៀតបៀន ពីសង្គម​ខាងក្រៅ និង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណេត​។

ប៉ិត វីរៈ អាយុ ៤១ឆ្នាំ ដែល​បានចូលរួមក្នុងព្រឹត្តិការណ៍មោទកភាព បានលើកឡើង​ថា គាត់​បានកំណត់​អត្តសញ្ញាណ​ខ្លួនឯង​ថា​ជាអ្នកស្រឡាញ់ភេទដូចគ្នារយៈពេល ២០ឆ្នាំ​មកហើយ។ ក្នុងរយៈពេល​ ២០ឆ្នាំនេះ គាត់បាន​ជួបនូវ​បញ្ហា​ប្រឈម និងការ​រើស​អើង​មួយចំនួន​ពីសង្គម​ខាង​ក្រៅ និង​នៅ​តាម​បណ្តាញ​សង្គម​ផង​ដែរ។ ​

វីរៈ បាន​រៀបរាប់ដោយអារម្មណ៍ស្រគត់ស្រគុំថា៖ «ភាគច្រើន គេតិទៀនពា​ក្យ​សម្តី​ ដូច​ជា ពាក្យ Bully ជារឿយៗ ពាក់​ព័ន្ធទៅ​លើ​​ភេទ​ច្រើន​ជាង ព្រោះ​គាត់​គិត​ថា​ពេល​ដែល​យើង​ចេញ​មុខ​នៅ​ក្នុង​សង្គម​មក គឺ​គាត់​ថា​ម្នាក់​នោះ​មិន​សូវ​ស្អាត ម៉្ញិកម្ញក់ មិន​សម​ជាស្រី មិន​សម​ជា​អី ធ្វើខ្លួ​ន​ចេញ​មក​ខុស​គេ ហើយកា​រ​ទើស​របស់​ពួក​គាត់​ចេះ​តែ​មាន​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ទោះបី​ជា​យើង​ខំ​ប្រឹង​ព្យាយាមប្រព្រឹត្ត​ខ្លួន​ឯង​​ឱ្យ​ល្អ​ប៉ុណ្ណា ក៏​នៅ​តែ​មានចន្លោះប្រហោង សម្រាប់ឱ្យពួកគាត់មើល រកកន្លែងទើសយើងទាល់តែឃើញដែរ»។

ពាក្យតិទៀនទាំងនៅ​ខាង​ក្រៅ និង​នៅលើ​បណ្តាញ​សង្គម​ទាំងនោះ​ មនុស្សទូទៅ​​​អាច​មើល​ថា​​ជា​ការ​លេង​សើច​ ប៉ុន្តែ វីរៈ និយាយថា ​សម្រាប់​អ្នកស្រឡាញ់​​​​​​ភេទ​ដូច​គ្នា​ដូចជា​រូប​គាត់ ពាក្យទាំងនេះ បាន​​ធ្វើ​ឲ្យ​ប៉ះពាល់ផ្លូវចិត្ត និងធ្វើឱ្យ​ពួកគាត់​មានការ​ខ្មាស់​អៀន និង​ខ្លាច​រអា​មិន​សូវហ៊ាន​ដើរចេញ​ទៅក្រៅ។

គាត់​​បន្តថា៖ «អ្នកខ្លះ Comment [បញ្ចេញមតិ] ប្រើភាសាថា ម៉ើ! មើលទៅអាម៉េចទេ! មើលមិនដាច់។ អ្នកខ្លះសួរថាស្រី​ឬក៏ប្រុស នៅលើ Content រូបភាពមកលើយើង ពេលខ្លះយើងព្យាយាមតបជាមួយគាត់ថាយើងមិនមែនស្រីទេ ប៉ុន្តែអ្នកខ្លះនៅតែប្រើប្រាស់ពាក្យសម្តីឱ្យ​​យើង​​ចាក់ដោតសម្រាប់យើងដែរ ពេលខ្លះគិតថាខ្លួនឯងបើកចិត្តទទួលយកហើយ ប៉ុន្តែវានៅតែមានតិចតួច [ឈឺចិត្ត ឬខូចចិត្ត]»។

ជាពិធីការិនីក្នុងព្រឹត្តិការណ៍មោទកភាព​នោះ​ សុទ្ធ ពៅ​សំណាង ដែល​ជា​អ្នក​ប្តូរ​យេន​ឌ័រ​ជា​នារី បានលើក​ឡើង​​​​​ដែរ​ថា គាត់​​ធ្លាប់​ប្រឈមមុខ​នឹងអំពើបៀតបៀន និងការគំរាមកំហែងនានា នៅពេលប្រើប្រាស់​​កម្ម​វិធីស្វែង​រ​ក​ដៃគូ (Dating app) នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណេត​។

អ្នក​នាងបន្ត​​ថា ​នៅ​ពេល​​អ្នកប្រើប្រាស់​ App នេះ​គេ​​ដឹ​ង​​​ថា​​រូបគាត់​ជា​អ្នក​ប្តូរ​យេន​ឌ័រ មានអ្នកខ្លះ​​មិ​ន​​ត្រឹម​​តែ​បង្ហាញ​​ការ​មិន​​គោរ​ព​​នោះ​ទេ ប៉ុន្តែថែមទាំងបាន​ប្រើបាស់​ពាក្យ​ពេចន៍ និង​រូប​​ភាពមិនសមរម្យ​​ទៀត​ផង​។ ករណី​​​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្តរបស់អ្នកនាង ហើយ​អ្នកនាងក៏សម្រេច​ចិត្ត​​​ឈប់​ប្រើប្រាប់​​ App ទាំងនោះតែម្តង។

អ្នក​​នាងនិយាយថា៖ «គ្រាន់​តែ​គេដឹ​ង​ថា​យើង​ជា​អ្នក​ប្តូរ​យេន​ឌ័រ​ចឹង គឺ​គេ​ប្តូរ​ប្រធាន​បទ​ពី​ការ​សួរ​សុខ​ទុក្ខ មក​និយាយ​រឿង​​រួមភេទ​អីចឹង ប្តូរ​មួយ​រំពេច​ចឹង​​ទៅ គឺគេម៉ៃ [សរុប] ថាពួកយើងចូលចិត្ត​ស៊ិច​[ការរួមភេទ] អីចឹងទៅ ផ្ញើ​រូប​មក​ថា​ចង់​មើល​អត់​អី​ចឹង​ទៅ។ សម្រាប់​ខ្ញុំ​វា​ប៉ះពាល់​អារម្មណ៍ ពេល​ឃើញ Comment អាក្រក់ៗ វាប៉ះពាល់ផ្លូវចិត្តយើង ព្រោះវាហាក់បីដូចជាក្នុងក្រសែភ្នែកបុរស​ភាគ​ច្រើន​មើល​មក​ពួកយើង ដូច​ពួក​ដែល​ឃ្លាន​រួម​ភេទ​អីចឹង»។

ក្នុងនាមជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សំណាង ត្រូវការ​ការ​គាំទ្រ​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង ពីព្រោះ​ការបង្ហាញ​អត្ត​សញ្ញាណ​យេន​ឌ័រ​ផ្ទាល់​ខ្លួន​ទៅខាងក្រៅ តែងតែត្រូវគេ​មាក់ងាយ ដែលបង្កភាពតានតឹងផ្លូវចិត្តយ៉ាង​​ខ្លាំង។

ជាមួយគ្នានេះដែរ អ្នកស្រឡាញ់ភេទដូចគ្នាមួយ​រូបទៀត ឈ្មោះ​ ខៃ បាន​និយាយ​ដែរ​ថា នៅ​ពេល​ដែល​ខ្លួនបង្ហាញ​អំពី​ជីវិត​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ដៃគូ​ស្នេហា ទាំង​នៅ​លើ​បណ្តាញ​សង្គម និង​នៅ​ទីសាធារណៈ ខ្លួន​តែង​តែប្រឈម​នឹង​ការ​មើល​មក​បែប​ម៉ាក់​​ងាយ និង​មិន​ផ្តល់​តម្លៃ។

គាត់​​ថា៖ «ពេលត្រូវគេមើលមកក្រោមក្រសែភ្នែកបែបហ្នឹង គេប្រើពាក្យលេបខាយនៅក្នុង comment អីជាដើម ខ្ញុំមានអារម្មណ៍ថាពិបាក​ទទួល​​យក មានអារម្មណ៍ថាខ្មាស់ ហេតុអ្វីបានជាយើងត្រូវរងភាពអយុត្តិធម៌ គ្រាន់តែយើងកើតមកដូចគេ ដូចឯងដែរ ហើយយើងចង់អោយពួកគាត់ទទួលយកពួកយើង»។

បើតាម​​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​របស់អង្គការសហប្រជាជាតិ នៅ​​ក្រោម​​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​​រូប ​រា​ប់​​ទាំង​​ម​នុស្ស​​ស្រី​​ស្រ​ឡាញ់​​ភេទ​​ដូច​​គ្នា ​ម​នុស្ស​ប្រុស​​ស្រ​ឡាញ់​​ភេទ​​ដូច​​គ្នា ​ម​នុស្ស​​ស្រ​ឡាញ់​ភេទ​ពីរ ​និង​​ម​នុស្សប្តូរ​ភេទ (​ម​នុស្ស​ស្រ​ឡាញ់​ភេទ​ដូច​គ្នា) ​មាន​​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​​ដ​ទៃ​​ទៀត​​ដែរ។ ​

តែយ៉ាងណា សម្រាប់សង្គមជាក់ស្តែងវិញ ចាន់ ភក្តី វ័យ១៩ឆ្នាំ ដែលជា​អ្នកប្តូរអត្តសញ្ញាណ​​យេនឌ័រដែរ​នោះ​ បាននិយាយ​ដែរ​ថា រូបគាត់​ និង​មិត្តភ័ក្ត ហាក់​មិន​ទទួលបាន​សិទ្ធិ​ដូចបុគ្គលដទៃ ដោយសារ​តែ​ពួកគាត់​តែង​តែ​ជួបនូវ​​​ការ​រើស​អើង ការប្រើពាក្យពេចន៍​មិនសមរម្យ និង​ការ​បដិសេធនានា ពីសំណាក់​​​​​មនុស្ស​មួយចំនួន​​​ ដោយ​សារ​ការ​បង្ហាញ​​អត្តសញ្ញាណរបស់ពួកគេ​​ ​ជាពិសេស​នៅពេល​ដែលពួកគេ​​​​​ដាក់ពាក្យ​​សុំចូលបម្រើ​ការ​ងារ​នៅ​វិស័យឯកជន​មួយចំនួន​​។

ភក្តី រៀបរាប់ទាំងអួលដើមកថា៖ «ខ្ញុំធ្លាប់ឆាតទៅសុំការងារគេ គេថាយកបាន តែទាល់តែប្រុសសុទ្ធ ឬស្រីសុទ្ធ ភេទដែលច្បាស់​លាស់​​មួយ ពួកគេថា​​គេមិនទទួលយេនឌ័រដូចខ្ញុំឡើយ។ វាប៉ះពាល់អារម្មណ៍ខ្ញុំ​​ខ្លាំង ខ្ញុំគ្រាន់តែចង់ឱ្យមាន​ការទទួលស្គាល់ខ្ញុំ​ជាមនុស្ស ដូចអ្នក​ដទៃ ហេតុអ្វីដល់សម័យកាលនេះ​ហើយ នៅរើសអើងបែបនេះទៀត ខ្ញុំចង់លុបបំបាត់​​ការរើសអើងនេះចេញ»។

ករណីនេះ ភក្តី ចង់​ឱ្យ​សង្គម​ទទួល​ស្គាល់​អត្តស​ញ្ញាណ​យេឌ័រ​អ្នកស្រឡាញ់ភេទដូចគ្នា​ ដោយ​​បើក​ចិត្ត​ទទួ​ល​យក បញ្ឈប់​​ការ​រើស​អើង និង​​ផ្តល់ឱកាស​ស្មើគ្នា​​នៅកន្លែងធ្វើការ។

គាត់និយាយ​​​​ថា៖ «ខ្ញុំមិនចង់បានអ្វីពីពួកគាត់ទេ ខ្ញុំចង់ឱ្យពួកគាត់ទទួលស្គាល់​​​ពួកខ្ញុំកាន់តែច្រើន ហើយបញ្ឈប់ការរើសអើងនៅកន្លែងការ​​ងារ និងទទួលស្គាល់ពូកខ្ញុំ ពួកខ្ញុំក៏មានសិទ្ធិនៅក្នុងការរស់រាន សិទ្ធិនៅក្នុងការបង្ហាញ ឱ្យពួកខ្ញុំធ្វើអ្វីដូចពួកគាត់បានដូចគ្នា​ មិនមែនពួកខ្ញុំជា​ Gay មិនមានប្រយោជន៍អ្វីសម្រាប់សង្គមនោះទេ» ។

អ្នកប្តូរអត្តសញ្ញាណយេនឌ័រមួយរូបទៀត ដែលសុំដាក់ឈ្មោះកាត់ថា​ ម សស បាននិយាយ​ថា ការ​ប្រើ​ប្រាស់​ពាក្យពេចន៍ និងការ​រើស​អើង​ទាំងនៅក្នុងសង្គម និង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណេត បានជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំងចំពោះ​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​របស់​គាត់។ ម សស បានលើកឡើងថា នៅលើបណ្តាញ​សង្គម រូបគាត់​បាន​ទទួល​នូវ​ឆាតបែប​បៀត​បៀន​​ជាច្រើន ពីម្ចាស់គណនីហ្វេសប៊ុក​មួយចំនួន នៅពេល​ដែល​ពួកគេ​ដឹង​ថា រូបគាត់ជា​អ្នកប្តូរ​អត្តសញ្ញាណ​យេនឌ័រ ក្នុងនោះ​មានអ្នក​ខ្លះ​​​ផ្ញើរូបភាពអាស​អាភាស និងពាក្យពេចន៍អសុរស​ ដែល​មិនផ្តល់តម្លៃ​ជាមនុស្ស​ដូចគ្នា។ ​

ម សស និយាយ​​ថា៖ «គេឆាតមកយើង គេសុំមើល​ស្អីៗ រាង​កាយ​យើង ប្រដាប់​ភេទ​យើង មិន​ឱ្យ​​តម្លៃ​យើង ខ្ញុំ​ជា​អ្នក​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​មនុស្ស​ដែល​ឱ្យ​តម្លៃ​គ្នាដូ​ច​គ្នា […] ខ្ញុំមាន​អារម្មណ៍​តូច​ចិត្ត អន់​ចិត្ត​ខ្លាំង​មិន​សប្បាយ​ចិត្ត​នឹង​គេ​ម៉ាក់​ងាយ ហើយគិត​ថា​ខ្លួន​ឯង​អន់​ខ្លាំង​ដែល​ត្រូវ​គេ​បៀត​បៀន​បែប​នេះ តែមិ​ន​ដឹង​ធ្វើ​យ៉ាង​ណា» ។

មានវ័យ ៣៧ឆ្នាំ ម​ សស បាន​អំពាវនា​វ​ឱ្យ​ក្រសួង និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត បង្កើន​ការ​​អប់រំ​​​ និងផ្សព្វផ្សាយ​ដល់​​សាធារណជន​ ឱ្យ​​មាន​ការ​យល់ដឹង​ឱ្យ​បាន​ទូលំទូលាយ អំពីសិទ្ធិ ​តម្លៃ​​មនុស្ស និន្នាការ​​ភេទ និង​អត្តសញ្ញាណយេនឌ័រ ព្រោះ​ការ​ផ្លាស់ប្តូរ​អត្តសញ្ញាណ​យេនឌ័រ ជាធម្មជាតិរបស់​ពួកគេ មិន​មែននរណា​ម្នាក់​ចង់​ធ្វើ​បែបនេះទេ។​

ជុំវិញការ​លើកឡើង​នេះ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា កម្ពុជា គឺជាប្រទេសមួយដែលឈានមុខក្នុងតំបន់អាស៊ាន ដែល​បានខិតខំ​ក្នុងការលើកស្ទួយ ការពារ និងលើក​កម្ពស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនបានយកទោសពៃ មិនមានការដាក់ទោសចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នានោះដែរ ហើយ​ថ្នាក់ដឹកនាំកំពូល តែងតែណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ កុំឱ្យមានការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ព្រម​ទាំង​ក៏​បាន​ណែ​នាំដល់​ប្រជា​ពលរដ្ឋ ប្រុង​ប្រយ័ត្ន​នៅក្នុ​ង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​ណាមួយ ដែល​ឈាន​ទៅ​ដល់​ប៉ះពាល់​ដល់​បង​ប្អូន​អ្នក​ដែល​ស្រឡាញ់ភេទដូចគ្នា»។

លោកបន្តថា កន្លងមក គណៈកម្មាធិការ​នេះ​ ក៏​បាន​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​កា​រ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិនសមរម្យ ដែលឈានទៅដល់ការរើសអើង ហើយប៉ះពាល់ដល់សិទ្ធិអ្នកស្រឡាញ់​ភេទដូចគ្នាផងដែរ ដោយក្នុងនោះ បាន​ហៅភាគីទាំ​ង​សង​ខាង​មក​ពន្យល់ ដើម្បីឱ្យយល់អំពីគ្នាទៅវិញទៅមក។

បើ​ទោះ​បី​ជា​ទំ​នាក់​ទំនង​ផ្លូវ​ភេទ​ដូច​គ្នា ​មិន​ត្រូវ​បាន​ដាក់​ជា​ទោ​សព្រ​ហ្ម​ទណ្ឌ​ក្តី ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ទាំង​នោះ ​មិន​ត្រូវ​បាន​ការ​ពារ ឬ​ទ​ទួល​ស្គាល់​ដោយ​ច្បាប់​កម្ពុ​ជា​ដែរ។ ​ច្បាប់​ដែល​មាន​ជាធរ​មាន​មិន​បាន​ហាម​ឃាត់​ជាពិ​សេស​លើ​ការ​រើស​អើង ​ដោយ​ផ្អែក​លើ​ទំនោរ​ផ្លូវ​ភេទ ​និង​អត្ត​សញ្ញា​ណ​យេនឌ័រ ​ហើ​យ​ក៏​មិន​មាន​ដែរ​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​អ្នក​ដែល​រំ​លោភ​សិទ្ធិ​ម​នុស្ស​របស់​ម​នុស្សស្រ​លាញ់​ភេទ​ដូច​គ្នា។ ​នេះបើតាម​ការ​លើក​ឡើង​របស់​ការិយាល័យឧត្តម​ស្នងការ​ទទួលបន្ទុកសិទ្ធិមនុស្ស​នៃ​អង្គការ​​សហប្រជា​ជាតិ។​

ប្រភពដដែល​ បន្តថា​ ​ជា​ញឹក​ញយ ​ម​នុស្សស្រ​ឡាញ់​ភេទ​ដូចគ្នា ​ត្រូវ​ប្រ​ឈម​នឹង ​ការ​រើស​អើង ​និង​ការ​ផាត់​ចេញ ​នៅ​កន្លែង​ផ្សេងៗ ​ដូច​ជា ​នៅ​លំ​នៅ​ឋាន ​សា​លា​រៀន ​កន្លែង​ធ្វើ​ការ ​មណ្ឌល​សុខ​ភាព ​និង​នៅ​ទីសា​ធា​រ​ណៈ។ ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ជា​ច្រើន ​ជាពិ​សេ​ស​ម​នុស្សប្តូរ​ភេទ ​ជា​ញឹក​ញយ ​មានអា​រម្មណ៍​ថា​ខ្លួន​ឯ​ក​កោរ ​និង​ងាយ​រង​គ្រោះ គ្មាន​ជំនាញ ឬគ្មាន​ចំ​ណេះ​ដឹង ​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង​ឡើយ។ ​

មន្ត្រីសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក លឹម បូរិន មាន​ប្រសាសន៍​ថា ថ្វី​បើអំពើ​បៀត​បៀន​តាម​អ៊ីន​ធឺណេត​ បាន​ថយ​ចុះ​ប្រៀប​ធៀប​នឹង ៥ទៅ​៦​ឆ្នាំ​មុន ប៉ុន្តែ​បញ្ហានេះ​​នៅ​តែ​បន្ត​កើត​មាន ដែលធ្វើឱ្យ​ប៉ះពាល់​ដល់​​​​ផ្លូវចិត្ត​ និងជីវិត​​​រស់​នៅ​​ប្រចាំថ្ងៃរ​បស់​អ្នក​រង​គ្រោះ។

លោកថ្លែងថា៖ «នៅពេលដែលពួកគាត់ទទួលរងការបៀតបៀនទាំងអស់នេះ អ្នកខ្លះបានប៉ះពាល់ផ្លូវចិត្តពួកគាត់ បាក់ទឹក​ចិត្ត នៅពេលដែល​​ពួកគាត់ហ៊ានចាប់ផ្តើមបង្ហាញហើយ បែរជាមានការរើងអើង ខ្វះការគាំទ្រពីសាធារណជន ជាពិសេស ពន្លកថ្មីដែលធ្វើឱ្យប៉ះពាល់ច្រើន»។

ករណីនេះ លោកស្នើឱ្យមាន​ច្បាប់ ឬ​គោល​នយោបា​យ​ណា​មួយ ទាក់​ទង​នឹង​ការ​លុប​បំបាត់​ការ​រើស​អើង​លើអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​​ស្នើ​ឱ្យ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ បញ្ជ្រាប​ការ​យល់​ដឹង​ទាក់​ទង​នឹង​និន្នាការ​ភេទ និង​អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ ទាំងក្នុង​​ស្ថាប័ន​​រដ្ឋ និង​​ឯកជន ដើម្បីបញ្ឈប់ការរើសអើង​លើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

មាត្រា៣១ នៃរដ្ឋធម្មនុញ្ញ ចែងថា កម្ពុជាទទួលស្គាល់ និងគោរពច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ កម្ពុជាធានានូវសមភាពចំពោះមុខច្បាប់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដោយ គ្មានការរើសអើង “ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា ទំនោរនយោបាយ ដើមកំណើត ឋានៈសង្គម ទ្រព្យសម្បត្តិ ឬឋានៈផ្សេងទៀត”។

របាយការណ៍របស់​​អ្នកជំនាញឯករាជ្យ​ស្តីពីការការពារអំពើហិង្សា និងការរើសអើងផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ដែល​ចេញផ្សាយកាលពីខែ​មេសា ឆ្នាំ២០២៤ បានលើកឡើ​ង​ថា​ ទោះបី​ជានិន្នាការ​ភេទ និង​​អត្ត​សញ្ញាណយេនឌ័រ ស្ថិតក្រោម “ឋានៈផ្សេងទៀ​ត” ក៏ដោយ ប៉ុន្តែ​កង្វះ​ការ​ការ​ពារជាក់លាក់ ចំពោះ​ការរើសអើងផ្អែកលើមូលដ្ឋានទាំងនេះក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា បាន​បង្កើតនូវ​ចន្លោះប្រហោងក្នុងកិច្ចការពារ ដែលរារាំងការកំណត់ និងរាយការណ៍អំពីស្ថានភាពនៃការរើសអើង ផ្អែកលើនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ ធានាការទទួលខុសត្រូវ និងផ្តល់សំណង​ដល់ជនរងគ្រោះ។

ប្រភពដដែល បន្តថា កង្វះ​ការ​ទ​ទួល​ស្គាល់ ​និង​​​ការ​ការពា​រ​សិទ្ធិ​​ផ្លូវ​​ភេទ ដល់​​ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា​នេះ ​បង្ក​ជា​ឧប​សគ្គ​ដល់​បុគ្គល​ដែលស្រ​ឡាញ់​​ភេទ​​ដូច​គ្នា ​ក្នុង​ការ​ទ​ទួល​បា​ន​ពេញ​លេញ​នូវ​សិទ្ធិ​ចូល​រួម​ក្នុង​ជីវ​​ភាព​​ន​យោ​បាយ ​សង្គ​ម​ ​សេដ្ឋ​កិច្ច ​វប្ប​ធម៌ ​និង​ការ​អភិវឌ្ឍ​ដែល​មាន​ការ​រួមបញ្ចូល​នៅកម្ពុ​ជា។

ត្រឡប់មកកាន់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាវិញ ប៉ិត វីរៈ ដែលជាអ្នកប្តូរអត្តសញ្ញាណយេនឌ័រ បាន​និយាយថា បើទោះមនុស្ស​មួយចំនួន​នៅក្នុងសង្គម​បច្ចុប្បន្ន នៅមានការ​រើស​អើងទៅលើពួកគេ​ ប៉ុន្តែពួកគេ​នៅ​តែ​​​បន្ត​ពង្រឹង​សុខភាពផ្លូវចិត្ត និងតស៊ូជម្នះគ្រប់ឧបសគ្គ​ ដើម្បី​ឱ្យ​សារធារណជន​​បើក​ចិត្ត​ទូលាយ​ទទួលស្គាល់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឱ្យកាន់តែ​ល្អប្រសើរ​ជាង​នេះ។

​វីរៈ និយាយ​ថា៖ «សូមឱ្យប្រជាជនទូទៅ រៀនទទួលយកបរិបទរបស់អ្នកស្រឡាញ់ភេទដូចគ្នា អាកប្បកិរិយា ដែលពួកគាត់អាចនឹង​គិតថា​ខុស​ឆ្គង ឬ​ការរស់​នៅ​ខុស​គេ​បន្តិច ប៉ុន្តែពួកយើងមិនមែនកើតមកចង់ចឹងទេ ប៉ុន្តែអារម្មណ៍ពួកយើងគឺម​កបែបហ្នឹង ចឹងសូមឱ្យជួយគាត់ផង ជួយទទួល​ស្គាល់​គាត់ គាំទ្រគាត់ផង កុំឱ្យគាត់ធ្វើការរើសអើងទៀត បើមានការរើសអើងខ្លាំង​ធ្វើឱ្យមានការបាក់ទឹកចិត្តកាន់​តែ​​ច្រើន»៕

អត្ថបទគួរឱ្យចាប់អារម្មណ៍