វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញទារិកាអាយុ១០ខែម្នាក់នៅរាជធានីភ្នំពេញ វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់ ៥ អ៊ិន ១ (H5N1) កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ និងកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។
សេចក្តីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា បន្ទាប់ពីករណីបានរកឃើញវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទហាស់៥ អ៊ិន១ (H5N1) ក្រសួងសុខាភិបាល បាននិងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវលើការកកើតឡើងនូវជំងឺផ្ដាសាយបក្សី និងបានចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ ដើម្បីទប់ស្កាត់ការរីករាលបន្តក្នុងសហគមន៍។
តាមសេចក្ដីប្រកាសព័ត៌មានបន្ថែមថា ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋ សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃ។
ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ខណៈជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាព តាមរយៈការប៉ះពាល់មាន់ទាឈឺ ឬងាប់ដោយពុំវិធានការពារត្រឹមត្រូវ និងការទទួលទានអាហារដែលចម្អិនមិនបានល្អ។
ក្រសួងក៏បានជំរុញឲ្យប្រជាពលរដ្ឋរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ នៅពេលដែលមានរោគសញ្ញាដូចខាងលើនេះ ដើម្បីចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕
អត្ថបទដោយ៖ ដោយ សុវណ្ណវឌ្ឍនា

