ក្រសួងបរិស្ថានបានបង្រ្កាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ករណី នៅទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០២៦ ហើយថា ការថយចុះនេះ បង្ហាញពីការយល់ដឹងកាន់តែប្រសើរ និងការចូលរួមទប់ស្កាត់ពីភាគីពាក់ព័ន្ធ។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ មន្ត្រីបានចុះល្បាតចំនួន ៥៩៥៣ លើក ដោយបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៩៦៧ករណី នៅទូទាំងប្រទេស ក្នុងនោះ មានបទល្មើសព្រៃឈើចំនួន៣១៨ ករណី ការបរបាញ់សត្វព្រៃ ២៤២ករណី បទល្មើសធនធានរ៉ែចំនួន១២ករណី ការឈូសរានដីព្រៃ ២៦២ករណី និងបទល្មើសនេសាទចំនួន ១៣២ករណី។ ចំនួននេះ គឺថយចុះ១៩ករណី ធៀបនឹងឆ្នាំ២០២៥ ដែលមានចំនួនសរុប ៩៨៦ករណី។
របាយការណ៍ដដែលបន្តថា មន្ត្រីបានដកហូតវត្ថុតាងរួមមានគ្រឿងចក្រ អេស្កាចំនួន២គ្រឿង ត្រាក់ទ័រចំនួន៥គ្រឿង រថយន្ត៥គ្រឿង រថយន្តកែច្នៃ ២គ្រឿង គោយន្តចំនួន ២១គ្រឿង ម៉ូតូចំនួន ៣៥គ្រឿង ទូកចំនួន៥គ្រឿង រណាយន្តចំនួន២៤១គ្រឿង។ ជាងនេះទៅទៀត មន្ត្រីឧទ្យានុរក្សបានដោះអន្ទាក់ឆក់ចំនួន ១៣៩៥គ្រឿង អន្ទាក់ខ្សែចំនួន ១១៤២៨ខ្សែ អាវុធចំនួន៥ដើម អាវុធកែច្នៃចំនួន៩៤ដើម និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៧៤ករណី និងឃាត់ជនសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៤៤នាក់។
របាយការណ៍នេះសរសេរថា៖ “ការថយចុះនៃករណីបង្រ្កាបនេះ ដែលឆ្លុះបញ្ចាំងពីការយល់ដឹង កាន់តែប្រសើរ និងការចូលរួមទប់ស្កាត់បទល្មើសពីភាគីពាក់ព័ន្ធ និងជាពិសេសការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន”។
ទោះបីជាយ៉ាងណា លោក ស្រី ថី អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ យល់ឃើញថា ការថយចុះនៃបទល្មើសព្រៃឈើ គឺនៅមានភាគរយតិចបំផុត ហើយវាក៏អាស្រ័យទៅតាមបណ្ដាខេត្តដែរ ដូចជាព្រំប្រទល់ស្ទឹងត្រែង និងកំពង់ធំហាក់មិនមានសំឡេងអារឈើ។
លោកបាននិយាយថា៖“ នៅព្រះវិហារ តាមការសង្កេតរយៈពេលមួយខែនេះ វាអត់ឃើញការដឹក ការកាប់ទៀតទេ” ប៉ុន្តែលោកថា ការប្រើប្រាស់អាវុធកែច្នៃនិងការបរបាញ់សត្វនៅមានច្រើន។
លោក ម៉ើ ចាន់ដារ៉ា ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា បានប្រាប់ Press Start Cambodia ថា បទល្មើសព្រៃឈើមានការថយចុះមែន ប៉ុន្តែវាមិនមានការថយចុះច្រើនប៉ុន្មានទេ បើធៀបជាមួយករណីដែលបានកើតឡើងក្នុងឆ្នាំបន្តបន្ទាប់មកនេះ ដោយលោកសង្កត់ធ្ងន់លើកត្តាធំៗពីរ គឺអាចបណ្តាលមកពីចំនួនឈើប្រណិតធំៗក្នុងតំបន់ការពារលែងសូវសម្បូរ និងការថយចុះច្រើននៃព្រៃឈើនៅក្នុងតំបន់ការពារ។
លោកនិយាយថា៖“ចឹងហើយវាធ្វើឱ្យឈ្មួញដែលទិញឈើ ឬអ្នកដែលចូលទៅរុករានកាប់ឈើលក់ធ្វើអាជីវកម្ម មិនអាចមានឈើគ្រប់គ្រាន់ ឬមួយប្រភេទឈើដែលអាចយកទៅធ្វើអាជីវកម្មបានដូចមុន…វត្តមាននៃការថយចុះបទល្មើសព្រៃឈើ នេះវាជាផ្នែកមួយបង្ហាញផងដែរ ពីការបាត់បង់ព្រៃឈើរបស់យើង”។
លោកបន្ថែមថា ទោះបីជាមានការថយចុះនៃករណី និងមានអន្តរាគមន៍បទល្មើសក្នុងតំបន់ការពារមែន ក៏គេសង្កេតឃើញបទល្មើសកើតឡើងជាក់ស្តែងនៅដែនរបស់គាត់នៅតែមានការកាប់បំផ្លាញ ដូចជាសហគមន៍ព្រៃឡង់ផ្សេងៗទៀត នៅពេលពួកគាត់ចុះទៅល្បាតព្រៃ។
បើតាមរបាយការណ៍របស់ក្រសួងបញ្ជាក់ទៀតថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋាន ដើម្បីការពារធនធានធម្មជាតិ ទប់ស្កាត់បទល្មើសព្រៃឈើ ការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។ ជាក់ស្ដែងថ្មីៗនេះ ក្រសួងបរិស្ថានរៀបចំយុទ្ធនាការ “ពន្លកបៃតង”ដោយចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម លំនៅឋាន និងដាំស្តារព្រៃនៅតាមសហគមន៍៕
អត្ថបទដោយ៖ ជា ចិន

