ក្រសួងរ៉ែ និងថាមពល បានអនុម័តឲ្យប្រើប្រាស់មូលនិធិ ដែលមានថវិកាសរុបប្រមាណជាង ៥លានដុល្លារ នៅតាមបណ្ដាលឃុំចំនួន៤៦ ក្នុងខេត្តចំនួន១០ តាមរយៈការស្នើសុំគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានពីរដ្ឋបាលឃុំ-សង្កាត់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២៦ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៦នេះ ក្រសួងបានអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុបចំនួនជាង ៥លានដុល្លារ (៥ ៦៩៥ ៥៦៧,២៨ដុល្លារ) តាមបណ្តាឃុំចំនួន ៤៦ ក្នុងខេត្តចំនួន១០ រួមមាន តាកែវ កំពត កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ចាម កោះកុង ក្រចេះ ព្រះវិហារ និងបន្ទាយមានជ័យ។
ក្រសួងថា៖ «មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋាន ដែលមានការដ្ឋានរ៉ែស្ថិតនៅ និងអាចប្រើប្រាស់បានក្នុងតំបន់ជិតខាងនៃការដ្ឋានរ៉ែនេះ តាមរយៈការស្នើសុំដោយផ្ទាល់ ពីរដ្ឋបាលឃុំ-សង្កាត់ដែលមានការដ្ឋានរ៉ែស្ថិតនៅ»។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់ដែរថា ការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុន អាជីវករ ទាំងអស់ត្រូវមានកាតព្វកិច្ចបង់ជូនរដ្ឋនូវសួយសាររ៉ែ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករ ត្រូវបង់នូវមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកជួយដល់មូលដ្ឋានឃុំ-សង្កាត់ ក្នុងការអភិវឌ្ឍឃុំ-សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។
ក្រសួងបន្តថា ថវិកាដែលបង់ចូលមូលនិធិនេះ សមាមាត្រ ទៅនឹងទំហំផលិតកម្មរ៉ែដែលក្រុមហ៊ុន អាជីវករបានធ្វើអាជីវកម្មរ៉ែ ដែលជាការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈការជួយសាងសង់ផ្លូវ សាលារៀន អណ្តូងទឹក។ល។ នៅក្នុងឃុំ-សង្កាត់ដែល ការដ្ឋានរ៉ែបានស្ថិតនៅ។
តាមប្រភពដដែលនេះ គិតចាប់តាំងពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២៥ ក្រសួងបានអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន១៤៤ មានថវិកាសរុបជិត ១០លានដុល្លារ (៩ ៧១២ ៨៨០,៤៤ ដុល្លារ)៕
អត្ថបទដោយ៖ ដោក សុវណ្ណវឌ្ឍនា

