ក្រសួង​​ការ​ងារ​​ជ្រើស​រើស​ជន​ទេសន្តរ​​ប្រ​វេស​ន៍​ចំនួន​​ ២០០០នាក់​ ទៅ​ធ្វើ​ការ​ផ្នែក​​កសិកម្ម​​នៅ​​អ៊ី​​ស្រា​​អែល​

ដោយៈ

Press Start Cambodia Avatar

ក្រ​សួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូន​ដំណឹង​មួយ​ អំពីការជ្រើសរើសជនទេសន្ដរប្រវេសន៍ចំនួន២០០០នាក់ ទៅធ្វើការក្នុង​វិស័យ​កសិកម្ម​នៅប្រទេសអ៊ីស្រាអែល​​។

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការ​ងារចុះ​​ថ្ងៃ​ទី​១០ ខែ​កក្កដា បេក្ខជន​ដែល​ចាប់អា​រម្មណ៍​​ការ​ងារនេះ ត្រូវ​មាន​អាយុ​ចន្លោះ​ពី​២៣ ដល់​៣៩​ឆ្នាំ​ (គិតត្រឹម​កាលបរិច្ឆេទ​ដាក់​ពេក្យ​) មាន​​ចំណេះ​ដឹង​ភាសា​អង់គ្លេស​កម្រិត​មូលដ្ឋាន បេក្ខ​ជន ​ដែលចេះភាសា​ហេព្រើរ​ត្រូវ​បាន​ផ្តល់​​អា​ទិ​ភាព​។​

បើ​តាម​លក្ខខណ្ឌ​ជ្រើ​សរើស​ក៏ត្រូវ​ការ​បទពិសោធន៍​ការងារ​កសិកម្ម បទពិសោធន៍​ការ​ងារ​កសិកម្ម​ស្របច្បាប់​នៅសាធារណរដ្ឋកូរ៉េ​ ឬប្រទេស​ជប៉ុន​ត្រូវ​បាន​ផ្តល់​អាទិភាព​ កាយ​សម្ប​ទា​​​​រឹង​មាំ​ ស្មារតី​ល្អ អាចបំពេញ​ការងារ​ក្រោម​បរិយាកាស​ក្តៅ​ និង​ត្រជាក់ខ្លាំង​ និងនៅទីវាល​ហើយ​បេក្ខជន​មិន​មាន​សាច់ញាតិ​កម្រិត​ទី​១ កំពុង​រស់នៅ​ឬធ្វើការ​ក្នុង​រដ្ឋ​អ៊ីស្រាអែល​ មិន​ធ្លាប់​ទៅ​​ធ្វើ​​ការ​​នៅ​​រដ្ឋ​អ៊ីស្រាអែល​ពីមុន​។

ជាងនេះទៅទៀត​​ បេក្ខជន​មិនមាន​ជំងឺ​ឆ្លង​ មិន​មានជំងឺ​បេះដូង​ ជំងឺ​ងងឹតពណ៌ភ្នែក​ និង​មិន​មាន​​ពិការភាព​ផ្នែក​អវយវៈ​ មិនធ្លាប់​ប្រើប្រាស់គ្រឿងញៀន​ ឬញៀនគ្រឿងស្រវឹង​ គ្មាន​ប្រវត្តិ​ប្រព្រឹត្តបទ​ល្មើស​ ឬជាប់ពន្ធនាគារ​ឬទោស​ឧក្រិដ្ឋ​។

សេចក្តីជូនដំណឹង​នេះ ​បន្ថែមទៀត​ថា និយោជក​អ៊ីស្រាអែល គឺជា​អ្នក​ជួលបេក្ខជនឱ្យ​ធ្វើ​ការ​ ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការ​ងារ​ផ្សេងៗរបស់​បេក្ខជន​ ដោយ​ប្រាក់ឈ្នួល​​អប្បបរមា​ប្រចាំខែ​នៅរដ្ឋ​អ៊ីស្រាអែល​ គឺប្រមាណ​ ២១០០​ដុល្លារ​អាមេរិក​ និង​តម្រូវ​ឱ្យ​មាន​ការ​កាត់​ប្រាក់​ឈ្នួល​ជា​កាតព្វកិច្ច​តាម​ច្បាប់​ដូចជា​ថ្លៃធានារ៉ាប់រងសុខភាព កន្លែងស្នាក់នៅ​ ​ថ្លៃទឹកភ្លើង​និង​ពន្ធលើប្រាក់​ចំណូល​ និង​ធានារ៉ាប់រងផ្សេងៗ៕

អត្ថបទដោយ៖ ហ៊ឺ ចាន្ធី