ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា សៅ ង៉ែត ត្រូវជាម្តាយបង្កើតរបស់លោក កឹម សុខា នៅទីតាំងពិធីបុណ្យក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានឱ្យដឹងថា ការអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា នៅរសៀលថ្ងៃសុក្រនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់បេសកកម្ម ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ។
ប្រភពដដែល បន្តថា ការគោរពវិញ្ញាណក្ខន្ធម្តាយបង្កើតរបស់លោក កឹម សុខា នាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ លោក ហ៊ុន សែន ចំពោះគ្រួសារលោក កឹម សុខា ក្នុងគ្រាដ៏ក្រៀមក្រំនេះ។
កាលពីថ្ងៃទី០៩ ខែកក្កដា ម្សិលមិញ លោក ហ៊ុន សែន ក៏បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារលោក កឹម សុខា ផងដែរ ដោយក្នុងលិខិតនោះ លោកបានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចាត់ទុកមរណភាពរបស់លោកយាយឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវមាតា ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា នាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថា លោកយាយឧបាសិកា សៅ ង៉ែត ម្តាយបង្កើតរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បានទទួលមរណភាពកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។
នៅថ្ងៃនេះដែរ គេសង្កេតឃើញថ្នាក់ដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាល និងសមាជិកគណបក្សមួយចំនួន ក៏បានអញ្ជើញទៅចូលរួមពិធីបុណ្យសពម្តាយលោក កឹម សុខា ផងដែរ ក្នុងនោះមានដូចជា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច, លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី, ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរជាដើម។
បើតាមកម្មវិធីបុណ្យ ពិធីដង្ហែសពលោកយាយឧបាសិកា សៅ ង៉ែត នឹងត្រូវហែទៅបញ្ចុះសពនៅស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ៕
អត្ថបទដោយ៖ ស៊ន មេសា

