អ្នក​​គាំ​ទ្រ​​បន្ត​​អំ​ពាវ​នាវ​​ឱ្យ​ផ្តល់​យុត្តិធម៌​ពេញ​​លេញ​​​ អំឡុង​​ខួប​​១០​​ឆ្នាំ ​នៃ​​អំ​ពើ​​ឃាត​កម្ម​​លើ​​លោក​​​បណ្ឌិត​​ កែម ឡី​

ដោយៈ

Press Start Cambodia Avatar

សំឡេងខ្លាំងៗ​ជា​បន្តបន្ទាប់ថា “​យើង​ត្រូវ​ការ​យុត្តិធម៌” ត្រូវ​បាន​បន្លឺឡើង​​ចេញ​ពី​ក្រុម​​អ្នក​គាំទ្រដូច​​​ជា​មន្ត្រី​សង្គមស៊ីវិល​ សហជីព សកម្មជន​ និងពលរដ្ឋ​ ដែល​​បាន​​​​​ប្រមូល​ផ្តុំ​គ្នានៅព្រឹក​ថ្ងៃសុក្រ​នេះ​​​ ដើម្បី​រំលឹក​​ខួប​១០ឆ្នាំ នៃ​អំពើ​ឃាត​កម្ម​លើ​លោកបណ្ឌិត កែម ឡី នៅ​ស្ថានីយប្រេង​ឥន្ធនៈ​កាល​តិច​បូក​គោ នៅ​រាជធានី​ភ្នំពេញ​ ទីដែល​លោក​​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​។​

ចាប់​ពីម៉ោង ៧:០០​នាទីព្រឹក អ្នក​​ចូលរួម​ប្រមាណ​១០០​នាក់ បាន​ប្រមូលផ្តុំគ្នាដូច​ឆ្នាំ​កន្លងទៅ​ដែរ​ ដោយ​អ្នកខ្លះបាន​យក​កម្រង​ផ្កា ផ្កា​​ឈូក ​ខ្លះកាន់​រូប​ថត​ ពាក់អាវ​​សនិង​មាន​ឈ្នួត​ក្បាល​​​បង្ហាញ​ពី​ការ​កាន់​ទុក្ខ ហើយ​អ្នក​ខ្លះ​កាន់ទៀត​កាន់​​បដា​ដែល​សរសេរ​ថា “កែម ឡី” “យុត្តិធម៌” “ជូត​ទឹកភ្នែក​របស់​អ្នករួច​បន្ត​ដំណើរ​ទៅមុខ​” និង​“​និយាយ​ការ​ពិត​ កុំ​និយាយ​ការ​ពារ”​​ ជា​ដើម​​។​ ក្នុង​​​ឱកាស​នោះដែរ ក៏មានការដើរ​ទក្សិន​បីជុំ ដោយ​មាន​កាន់​រូបថត ​ផ្កាឈូក​ និង​កែវ​កាហ្វេមួយកែវដែល​សរសេរ​អក្សរពណ៌ក្រហម​លើកែវ​នោះថា “កែម ឡី” ​។ បន្ទាប់​មក​​មានពិធី​​សូត្រមន្តឧទ្ទិសកុសល​​តាម​បែបសាសានាខ្លី​មួយ​ ដោយ​ពុំ​មាន​​វត្ត​មាន​របស់​ព្រះ​សង្ឃនោះទេ​។​

លោកបណ្ឌិត កែម ឡី ជា​​អ្នក​វិភាគ​នយោបាយ​ដ៏មានប្រជា​ប្រិយ​ភាព​មួយរូប​ ត្រូវ​បាន​ខ្មាន់​​កាំ​ភ្លើង​បាញ់​សម្លាប់នៅថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​ ខណៈ​ពេល​ពេល​ដែល​លោកកំពុង​ពិ​សា​​កាហ្វេ​នៅស្តាម៉ាត​ស្ថានីយ​ប្រេងឥន្ធនៈ​កាលតិច​ស្តុប​បូកគោ​ រាជធានីភ្នំពេញ​។​ ឃាតករឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗនៅថ្ងៃកើតហេតុ ហើយនៅ ខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសឈ្មោះ អឿត អាង ​ពីបទ “ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់” និងកាត់ទោសឱ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត។ ទោះបីជាយ៉ាង​ណា សាច់ញាតិ​ សង្គមស៊ីវិល និង​មតិ​សាធារណជន​ជាច្រើន​បានសម្តែង​ការ​សង្ស័យ​ ហើយ​ជឿថា មាន​មេខ្លោង​នៅពីក្រោយ​ខ្នង​ នៃអំពើ​ឃាតកម្ម​ដ៏សាហាវ​​នេះ ដោយ​ពួកគេបន្ត​អំពាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិធម៌​ពេញ​លេញ និង​នាំ​យក​អ្នក​ពាក់​ព័ន្ធមក​ផ្តន្ទា​ទោស​តាម​ច្បាប់​​។​

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ ​នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​បាន​ថ្លែង​នៅ​ក្នុង​​ឱកាស​នោះ​ថា ការស្លាប់របស់​លោក​បណ្ឌិត កែម ឡី គឺ​ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏សំខាន់​ម្នាក់​ ដែល​លោក​ និង​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​មិន​អាចបំ​ភ្លេច​បាន និង​បាន​អំពាវនាវ​ដល់​​រដ្ឋាភិបាលឱ្យ​​ផ្តល់​យុត្តិធម៌​ដល់​​សកម្មជនទាំង​អស់​​។​

​លោក វន់ ពៅ មាន​ប្រសាសន៍ថា៖ “​ការ​បាត់​បង់​សម្មជន ការ​បាត់បង់​ធនធាន​មនុស្ស​ ដែលគិត​​គូរ​​ពី​សង្គម​ យើង​មិន​អាច​ស្ងប់​អារម្មណ៍​បាន​ទេ ”។

មន្ត្រីសង្គមស៊ីវិល សហជីព​ និង​អ្នក​គាំទ្រ​ប្រមូល​ផ្តុំគ្នា​នៅ​ស្ថានីយប្រេងឥន្ធនៈកាល​តិច​បូកគោនៅព្រឹកថ្ងៃសុក្រ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៦​ អំឡុង​ខួប​១០ឆ្នាំ​ នៃ​ឃាតកម្មលើ​លោកបណ្ឌិត កែម ឡី ។ (រូបភាព៖ គាម សោភណ្ឌ)


លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ បានលើកឡើងថា ១០ឆ្នាំហើយ ដែលលោក​បណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់គាត់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ ហើយ​បើ​ទោះបី​ជា​តុលាការ​បាន​ផ្តន្ទាទោស​ឈ្មោះ ជួប សម្លាប់​ ប៉ុន្តែ​សម្រាប់​ប្រជា​ពលរដ្ឋ​ និង​អន្តរ​ជាតិ​មើល​ឃើញ​ថា ជួប សម្លាប់ មិន​មែនជា​ឃាតករ​ពិត​នោះទេ​។​
លោកមានប្រសាសាន៍ថា៖​ “​ពលរដ្ឋនៅតែទាមទារចង់​ឱ្យ​អាជ្ញាធរមានសមត្ថ​កិច្ចបើកការ​ស៊ើប​អង្កេតឡើងវិញលើសំណុំ​រឿងឃាតម្មលើលោកបណ្ឌិត កែម ឡី ”​។
លោក នី សុខា ប្រធានសមាគមន៍ការពារសិទ្ធិ​មនុស្សអាដហុក បានផ្តាំផ្ញើអោយយុវជន និង​ប្រជាពលរដ្ឋ​ខ្មែរចងចាំស្នាដៃ កេរ្តិ៍​ឈ្មោះ ​និង​ចូលរួមគាំទ្រស្មារតី​​របស់លោក​បណ្ឌិត កែម ឡី ហើយ​ថា បើ​ទោះបីជា​​លោកបានបាត់​បង់​ជីវិតទៅហើយក៏ដោយ ក៏​ទស្សនៈ​​របស់លោកនៅ​​រស់​​រ​វើក​នៅក្នុ​ង​សង្គម​ខ្មែរ​។
លោកមាន​ប្រសាសន៍​ថា ” សូមប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេសយកថ្ងៃទី១០ កក្កដានេះ ជាថ្ងៃទិវារំលឹកដឹងគុណដល់បណ្ឌិត កែម ឡី ដែលលោកខិតខំលះបង់ ដើម្បីជាតិ និងមន​សិកាជាតិ ដើម្បីកម្ពុជាទាំងមូល ” ។
អ្នក​ស្រី អេង សុខា អាយុ៣៨​ឆ្នាំ ជាអ្នកគាំទ្រ​ដែល​បាន​ចូលរួមនៅ​ក្នុង​ពិធីរំលឹក​ខួប​នេះដែរ​​បាន​និយាយថា អ្នក​ស្រី​តែងតែចូល​រួមជារៀងរាល់ឆ្នាំ ហើយ​អ្វី​ដែល​អ្នកស្រី​​ចង​ចាំនិងកោត​សរសើ​រ ​គឺ​ថា លោក​បណ្ឌិត​ កែម ឡី ហ៊ាន​និយាយ​ការ​ពិត​ ដែល​អ្នក​ផ្សេង​មិន​ហ៊ាន​និយា​យ​​ ហើយ​ទាំងនេះ ជា​អ្វី​ដែល​អ្នក​ស្រី​ស្នើ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​យក​គំរូ​តាម​លោក​បណ្ឌិត​។ ស្រ​ដៀង​គ្នា​នេះដែរ អ្នក​ស្រី​ក៏បាន​អំពាវនាវ​ឱ្យ​ផ្តល់​យុត្តិធម៌​ពេញ​លេញ​សម្រាប់​លោក​ផងដែរ​​។​

អ្នក​ស្រី​បាន​និយាយថា៖​ ” លោកបណ្ឌិតទទួលបាន​យុត្តិធម៌ពីប្រជាពលរដ្ឋ​ តែលោកពុំទាន់បានទទួលយុត្តិធម៌ពីតុលាការនោះទេ “។
ជារៀងរាល់ឆ្នាំ រៀងរាល់ព្រឹកថ្ងៃទី១០​ ខែកក្កដា អង្គការសង្គមស៊ីវិលតែង​មក​ជួបជុំគ្នា​នៅស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិចបូកគោ ដែលជាទីតាំងដែលឃាតករបានបាញ់សម្លាប់​លោកបណ្ឌិត​​កាល​ពី​ឆ្នាំ២​០១៦៕​

អត្ថបទ​ដោយ៖ គាម សោភណ្ឌ​

អត្ថបទគួរឱ្យចាប់អារម្មណ៍