ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ដែលត្រូវបានតែងតាំងជាក្រុមហ៊ុនជម្រះបញ្ជីដោយធនាគារជាតិបានរកឃើញថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក មិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុល។
យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ឱ្យដឹងថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក កំពុងស្ថិតក្នុងស្ថានភាពអសាធន (មិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ទូទាត់បំណុល) ដោយបញ្ជាក់ថា ការជម្រះបញ្ជីក្រៅផ្លូវតុលាការអនុវត្តដោយអ្នកជម្រះបញ្ជីក្រោមការតែងតាំងរបស់ធនាគារជាតិ នៃកម្ពុជា ត្រូវបិទបញ្ចប់។
សេចក្តីជូនដំណឹងដដែលបន្តថា សំណុំរឿងជម្រះបញ្ជីតាមផ្លូវតុលាការ នឹងត្រូវបើកដំណើរការតាមនីតិវិធីច្បាប់ជាធរមាន ដោយមានអ្នកជម្រះបញ្ជីតាមផ្លូវតុលាការដែលតែងតាំងដោយតុលាការមានសមត្ថកិច្ច។ ក្រុហ៊ុន រីចឆ៍ & ផាតនើរ បញ្ជាក់បន្ថែមថា ខ្លួនបានដាក់សំណើជូនទៅស្ថាប័នតុលាការ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។
សេចក្តីជូនដំណឹងនេះបន្ថែមទៀតថា ក្រុហ៊ុន រីចឆ៍ & ផាតនើរ បានវាយតម្លៃបឋម និងដាក់ការសង្ស័យកម្រិតខ្ពស់ថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក មានការជាប់ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការអាជីវកម្មហួសដែនកម្រិត នៃអាជ្ញាបណ្ណ ដែលធនាគារជាតិបានផ្តល់ឱ្យ។
ធនាគារជាតិ នៃកម្ពុជាបានតែងតាំងក្រុមហ៊ុន រីចឆ៍ & ផាតនើរ ជាអ្នកជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយបានអនុវត្តនីតិវិធីជម្រះបញ្ជី និងបានប្រកាសជាសាធារណៈដល់ភាគីពាក់ព័ន្ធមកដាក់ពាក្យស្នើសុំទាមទារសិទ្ធិជាម្ចាស់បំណុលរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦៕
អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

