រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងត្រៀមកញ្ចប់ថវិកាប្រមាណជាង ១២០០លានដុល្លារ ដើម្បីឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ រក្សាលំនឹងជីវភាពពលរដ្ឋ និងពង្រឹងនូវភាពធន់សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិបន្តបន្ទាប់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុហថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣%។ កំណើននេះ បានឆ្លុះបញ្ចាំងអំពីភាពមិនប្រាដកប្រជា និងបរិការណ៍ដែលកម្ពុជាកំពុងទទួលរងផលប៉ះពាល់ ដែលបន្តសាយភាពពីពហុវិបត្តិផ្ទួនៗ ដូចជា សង្គ្រាមនៅមជ្ឈឹមបូព៌ាដែលបង្កឱ្យមានការឡើងថ្លៃប្រេងឥន្ធនៈ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាដកប្រជានៃសេដ្ឋកិច្ចសកល។
យ៉ាងណា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវបានស្រង់ប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួងស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងការរំពឹងទុក។
លោកបន្តថា សកម្មភាពចាយវាយក្នុងស្រុក ក៏នៅរក្សាបាននូវនិន្នាការវិជ្ជមាន បើជាទោះបីជាវិស័យទេសចរណ៍អន្តរជាតិ ត្រូវបានវាយតម្លៃថានឹងធ្លាក់ចុះជាងការរំពឹងទុក។
ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួននេះ រដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍មួយចំនួន ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ និងជនងាយរងគ្រោះ ដែលរួមមាន យន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួន ដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ។ ជាមួយគ្នានេះ រដ្ឋាភិបាល បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាពលរដ្ឋ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ស្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែលនេះ កម្មវិធីអន្តរាគមន៍នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១២៤៤លានដុល្លារអាមេរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន៤ គឺថវិការដ្ឋ ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។
សម្រាប់ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Kenichiro Kashiwase បានលើកឡើងពីវិធានការអន្តរាគមន៍ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តបន្ទាន់ ដូចជា ការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅដល់ការគាំទ្រដល់ប្រជាពលរដ្ឋ និងវិស័យចំគោលដៅ និងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច។ នេះបើតាមការស្រង់សម្តីរបស់លោក ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានោះ លោក Kenichiro Kashiwase ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ការពង្រឹងអភិបាលកិច្ចល្អ ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងសន្តិសុខថាមពល និងការពង្រឹងការរក្សា និងការចែករំលែកទិន្នន័យជាដើម។
កាលពីពាក់កណ្តាលខែមេសា មូលនិធិរូបិយវត្ថុអន្តជាតិ(IMF) ធ្លាប់បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ នឹងមានកំណើន ៤% ប៉ុន្តែបច្ចុប្បននេះ បានទម្លាក់មកត្រឹម ៣% វិញ ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលរំខានដល់ទីផ្សារទំនិញសកល មិនត្រូវបានអូសបន្លាយយូរ៕
អត្ថបទដោយ៖ គីម សុខលាភ

