ក្រ​​សួង​ទេស​ចរណ៍កែសម្រួល​​អភិក្រមឡើងវិញ​ បន្ទាប់ពីរង​ការរិះគន់ពីសាធារណជន​​

ដោយៈ

Press Start Cambodia Avatar

ក្រសួង​ទេសចរណ៍​សម្រេច​កែ​សម្រួល​អភិក្រមថ្មី​របស់​ខ្លួន ដែល​ប្រើ​ប្រាស់​ឃ្លា​ប្រៀបធៀប​ “​ការ​នាំកង្កែប​ចេញពី​អណ្តូង​” មក​ជា​ឃ្លា​ “ជវភាព ​នៃប្រព័ន្ធ​តួអង្គតែមួយ​”​ ​បន្ទាប់ពី​មាន​​ការ​រិះគន់​ជា​ទូទៅ​ពី​សា​ធារ​ណ​ជន​​តាម​បណ្តាញសង្គម​ថា មាន​លក្ខណៈប្រមាថ​។​

តាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០២៦​ ក្រសួង​ទេស​​​ចរណ៍​បាន​ឆ្លើយ​តបទៅនឹង​មតិ​រិះគន់​ទាំង​នេះ និង​សម្រេច​កែ​សម្រួល​អភិក្រម​​របស់ខ្លួន​ឡើងវិញ​ ដោយ​ក្រសួង​លើក​ឡើង​ថា ការកែលម្អនេះ នឹង​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​រួម​គិត​ រួម​ធ្វើ​ និង​រួម​ទទួល​ខុស​ត្រូវ​ ដោយ​​មាន​ការ​ចូល​រួម​ពីគ្រប់ភាគីពាក់​ព័ន្ធ​ទាំង​អស់​ ក្នុងការ​លើក​​កម្ពស់​កិត្តិនាម​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគ​គិន​អន្តរជាតិ​មក​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​។​

សេចក្តីប្រកាស​ព័ត៌មាននេះសរសេរថា៖ “ដោយ​ឈរ​លើ​ស្មារតីបើក​ចំហ តម្លាភា​ព​ និង​ការ​ស្តាប់មតិ​យោបល់​ពីគ្រប់​មជ្ឈដ្ឋាន ក្រសួងទេសចរណ៍​សូម​​ថ្លែង​អំ​ណរ​​គុណ ​និង​ទទួល​យក​នូវ​រាល់​មតិ​យោបល់​ស្ថាបនា​ទាំង​នោះ ដើម្បី​កែសម្រួល​ប្រើ​​ប្រាស់​អភិក្រម​ខាង​លើ​ឱ្យ​បាន​កាន់តែ​សម​ស្រប និង​គ្រប់ជ្រុង​ជ្រោយ​ជាង​មុន ”​​។​

ការ​សម្រេចកែសម្រួល​អភិក្រម​នេះ​ ធ្វើ​ឡើង​ ក្រោយពី​អ្នក​លេង​បណ្តាញ​សង្គម​ជា​ច្រើនបាន​​បានយកឃ្លានេះមកវែកញែកនិងរិះគន់​ថា ការ​ប្រើប្រាស់​ឃ្លានេះ មាន​​​​លក្ខណៈប្រមាថ​ធ្ងន់ធ្ងរ​ អ្នក​ខ្លះ​ចោទជា​សំណួរថា នរណាគេជា​កង្កែប ហើយ​អ្នក​ខ្លះស្នើ​ឱ្យ​ដូរ​ពាក្យ​កង្កែបនេះចេះ​។ ប៉ុន្ដែក្រសួងទេសចរណ៍ចាត់ទុក​ថា មតិ​ទាំងនោះ គឺ​ការ​បក​ស្រា​យ ​និង​យល់​ន័យ​ផ្សេង​ៗគ្នា​ពី​គោលបំណង​ដើម​ពិត​ប្រាកដនៃអភិក្រមនេះ​។​

លោក ហួត ហាក់ រដ្ឋ​មន្ត្រីក្រសួង​ទេសចរណ៍​បាន​លើកឡើង​​ពី​អភិក្រមថ្មី​មួយ ដោយ​ប្រើ​ឃ្លា “ការ​នាំ​កង្កែប​ចេញពីអណ្តូង​” ក្នុងគោលបំណងជំរុញការផ្សព្វ​ផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជាទៅកាន់ពិភពលោកឱ្យបានកាន់តែទូលំទូលាយ អំឡុង​ពេល​លោក​ចូល​រួម​ក្នុង​កម្មវិធី​រត់​ឆ្លង​ឧបសគ្គ​ ក្រោម​ប្រធាន​បទ​ “ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ ” កាល​​ពីថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២៦​ នៅ​ខេត្ត​កំពង់​ធំ​៕

អត្ថបទ​ដោយ៖ ធួន ស្រីពៅ​

អត្ថបទគួរឱ្យចាប់អារម្មណ៍