ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខដល់គ្រួសារលោក កឹម សុខា បន្ទាប់ពីទទួលដំណឹងពីមរណភាពរបស់ឧបាសិកា សៅ ង៉ែត ដែលជាម្ដាយបង្កើតរបស់ លោក កឹម សុខា។
ក្នុងសារលិខិតរំលែកមរណទុក្ខរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ បានលើកឡើងថា លោក និងភរិយា មានសេចក្តីក្តុកក្តួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងពីមរណភាពរបស់ឧបាសិកា សៅ ង៉ែត កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជន្មាយុ ១០១ឆ្នាំ ដោយជរាពាធ។
លោកបានគូសបញ្ជាក់ក្នុងលិខិតថា៖ «ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងសោកស្ដាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងគ្រួសារចំពោះការបាត់បង់នូវម្ដាយបង្កើត ម្ដាយក្មេក ជីដូន ជីទួត ជាទីគោរពស្រឡាញ់បំផុត ដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី»។
ជាងនេះទៅទៀត លោកថា មរណភាពឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។
Press Start Cambodia មិនអាចសុំការអត្ថាប្បាយបន្ថែមជុំវិញរឿងនេះ ពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យរបស់លោក ហ៊ុន សែន បានទេ ដោយទូរសព្ទចូលមិនមានអ្នកឆ្លើយតប។
នៅថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, គណបក្សនយោបាយមួយចំនួន រួមទាំងអ្នកនយោបាយ និងសកម្មជនគណបក្សក្រៅរដ្ឋាភិបាល ក៏បានផ្ញើលិខិត និងសារចូលរួមរំលែកមរណៈទុក្ខសពម្តាយរបស់លោក កឹម សុខា ផងដែរ។
សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា ឧបសិកា សៅ ង៉ែត ដែលជាម្តាយបង្កើតរបស់លោក កឹម សុខា បានទទួលមរណភាពនៅយប់ថ្ងៃទី០៨ ខែកក្កដា។
ការបង្ហោះសាររបស់លោគ ផែង ហេង ដោយមានភ្ជាប់ជាមួយនូវដំណឹងមរណភាពផងនោះ ពិធីបុណ្យសពឧបសិកា សៅ ង៉ែត បានប្រារព្ធធ្វើឡើងនៅបុរីភ្នំពេញថ្មី Elite Park សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា នឹងដង្ហែសពទៅបញ្ចុះនៅស្រុកកំណើត ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ៕
អត្ថបទដោយ៖ ធួន ស្រីពៅ

