កម្ពុជា​​ចូល​រួម​ក្នុង​សេចក្តី​ព្រាង​ស្តីពី​ការធ្វើ​ឱ្យ​លែង​មាន​ទោស​ជា​សកល​ នៃការ​ស្រឡាញ់​​ភេទ​ដូច​គ្នា

ដោយៈ

Press Start Cambodia Avatar

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រាប់​តំណាង​ប្រចាំ​ប្រទេស នៃ​ការិយាល័យ​ឧត្តម​ស្នងការ​សហប្រ​ជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំកម្ពុជា​ អំពីការ​ចូល​រួម​ជាមួយនឹង​ប្រទេស​បារាំង​ក្នុង​សេចក្តី​ព្រាង​សេចក្តី​​សម្រេច​​ចិត្ត​​ ស្តីពី “ការធ្វើ​ឱ្យ​លែង​មាន​ទោស​ជា​សកល​ នៃការ​ស្រឡាញ់​ភេទ​ដូច​គ្នា​” ដែល​គ្រោង​នឹង​​អនុម័ត​ អំឡុង​សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​លើកទី​៦២។​

ការ​​លើក​​ឡើង​បែប​នេះ ធ្វើ​ឡើង​ អំឡុង​ជំនួប​​ពិភាក្សា​ការ​ងារ​កាល​ពីរសៀល​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០២៦​រវាង​លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា(គ.ស.ម.ក.) និង​​លោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា (​OHCHR) នៅឯគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​។​

លោកស្រី Matilda Bogner បាន​ស្វាគមន៍​និង​សម្តែង​ក្តី​រីករាយ​ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បន្តលើក​កម្ពស់​ និង​ការ​ពារ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ រួម​ទាំង​ការ​ពិចារណា​លើការ​ផ្តល់សច្ចាប័ន​ចំពោះពិធីសារ​ទី​២ ស្តីពី​ការ​លុប​បំបាត់​ទោស​ប្រហារ​ជីវិត​ នៃ​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ដោយ​បន្ថែម​ថា OHCHR បាន​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ និង​បាន​ចុះ​ទៅជួប​ផ្ទាល់​ជាមួយ​ជនភៀស​សឹក​កម្ពុជា ដើម្បី​ស្វែង​យល់​ពីស្ថានភាព​រស់នៅ​របស់​ពួកគេ។​

​នៅ​ក្នុង​ជំនួបពិភាក្សានេះដែរ លោក កែវ រ៉េមី ក៏​បាន​លើកឡើង​​អំពី​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​និង​​ច្បាប់​អន្តរជាតិ​ពីសំណាក់​ភាគី​​ថៃ​ ដូច​ជា​ការ​រើស​អើង​ចំពោះ​ពល​ករ​កម្ពុជា ដែល​ធ្វើ​ការ​និងរស់នៅ​ក្នុង​ប្រទេសថៃ​ ការ​គំរាម​កំហែង​ ការ​ប្រើ​​អំពើ​ហិង្សា​ក្នុង​ទម្រង់ផ្សេងៗ​ និង​ការ​ចាប់រំលោភ​បូក​យ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុក​ម្នាក់​ដោយ​យោធា​ថៃ​។​

លោក​ កែវ រ៉េមី បាន​បន្ថែម​ទៀត​ថា ការ​វាយ​ប្រហារ​ដោយ​មិន​រើស​គោលដៅចូល​ជ្រៅ​លើដែន​អធិប​តេយ្យ​​ភាព​របស់​ប្រទេសកម្ពុជា​ ដោយ​ប្រើ​ប្រាស់​អាវុធ​ធន់​ធ្ងន់​ គ្រាប់បែក​ចង្កោម​ ផ្សែងពុល​និង​យន្ត​ហោះបណ្តាល​​ឱ្យ​ខូច​ខាតទ្រព្យ​សម្បត្តិ​ឯកជន​និង​សាធារណៈ រួម​ទាំង​ប្រា​សាទព្រះវិហារ​ និង​បណ្តាល​ឱ្យ​មាន​ជនភៀស​សឹក​ជាង​ ៦៤ម៉ឺន​នាក់​។​

លោក​បញ្ជាក់​ថា ក្រៅ​ពីសកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ទាំង​នេះ យោធាថៃ​បានព្យាយាម​បង្កើត​តថភាពថ្មីនៅ​​នឹងកន្លែង​ ដោយការ​​ឈូស​បំផ្លាញ​ផ្ទះប្រជា​ពលរដ្ឋ​ និង​ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី​ៗ ​និង​បន្ត​កាន់កាប់​​ដោយ​​ខុស​​ច្បាប់​​ ហើយ​រហូត​មក​ដល់​ពេលនេះ ជនភៀសសឹក​ជាង​ ២០ ០០០នាក់​ នៅ​មិន​ទាន់អាច​វិល​ត្រឡ​ប់​​ទៅ​លំនៅឋាន​របស់​ខ្លួន​នៅឡើយ​ ដោយ​សារ​ការកាន់កាប់ ការដាក់​ពង្រាយ​បន្លាលួស​និងទូរកុងតឺន័រ បើទោះបីជា​មាន​កិច្ច​ព្រម​ព្រៀង​ស្តីពីបទ​ឈប់​បាញ់​កាល​ពីថ្ងៃទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ក៏ដោយ​៕

អត្ថបទ​ដោយ​៖ ឈួន ឡាំងស៊ីន​

អត្ថបទគួរឱ្យចាប់អារម្មណ៍