លោកនា​យក​​រដ្ឋ​​មន្ត្រី​សម្តែ​ង​​ការ​​សោក​​ស្តា​យ​​ចំ​ពោះ​​ផល​​ប៉ះ​ពាល់​​លើ​​​សម្បត្តិ​​បេ​តិ​​កភណ្ឌ​​

ដោយៈ

Press Start Cambodia Avatar

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត សម្តែង​ការ​សោកស្តាយចំពោះផល​ប៉ះពាល់​​លើ​​​សម្បត្តិ​បេតិកភណ្ឌ​កម្ពុជា រួម​ទាំង​ប្រាសាទព្រះវិហារ​ និង​ហៅ​ការ​ខូច​ខាតនេះថា ​ជា​​ការ​​​បាត់​បង់ដ៏ធំធេង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល​។​

ក្នុង​សារលិខិតចុះថ្ងៃទី​៣ ខែ​កក្កដា ផ្ញើ​ជូន​ជន​រួម​ជាតិ​​ក្នុង​ឱកាស​ “ខួប​១៨ឆ្នាំ នៃការ​​ចុះ​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ ​” ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ថ្ងៃទី​៧​ ខែ​កក្កដា ឆ្នាំ​២០២៦ លោក​នា​យក​​រដ្ឋ​មន្ត្រី ហ៊ុន​ ម៉ាណែត បាន​សម្តែង​ការ​សោក​ស្តាយ​​​ចំ​ពោះ​ផល​​ប៉ះ​ពាល់​ ​និង​ការ​ខូច​ខាត ​ដែល​កើត​មាន​ចំពោះ​​​សម្បត្តិ​បេតិ​ក​ភណ្ឌ​​​វប្ប​ធម៌មួយ​ចំនួន​ រួម​ទាំង​ប្រាសាទព្រះវិហារ​ផង ដែល​រងការខូច​ខាត​ធ្ងន់ធ្ងរ​រហូត​ដល់​៥៦២​កន្លែង ដោយ​សារ​​ការ​ប្រឈម​ផ្នែក​ប្រដាប់អាវុធកាល​ពីខែ​កក្កដា និង​ខែ​ធ្នូ ឆ្នាំ​​២០​២៥​​ បើទោះបីជា​កម្ពុជា​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ដោយសន្តិវិធីក៏ដោយ​​។​

សារលិខិត​របស់​លោកសរសេរ​ថា៖ “​នេះជា​ការ​បាត់​បង់​ដ៏ធំធេង​ មិន​ត្រឹម​តែ​សម្រាប់កម្ពុជានោះទេ ប៉ុន្តែ​សម្រាប់បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​ទាំង​មូល ​”។​

សារលិខិត​ដដែលនេះ បញ្ជាក់ទៀត​ថា ចំពោះមុខ​​ការ​ខូច​ខាត​ទាំងនេះ រដ្ឋាភិបាល​​បាន​ដាក់​ចេញ​វិធានការ​បន្ទាន់​មួ​យចំនួន​រួម​ទាំងការ​ពង្រឹង​ការ​ងារ​ជាមួយ​អង្គការ​​យូ​ណេស្កូ គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​ និង​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​វាយ​តម្លៃការ​ខូច​ខាត​ ស្របពេល​​កំពុង​អនុវត្ត​សកម្មភាព​បោសសម្អាត​អាវុធ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះនិង​សំណល់គ្រាប់បែក​ចង្កោម​។​

សារលិខិ​ត​​លើកឡើងថា៖ “រាជរដ្ឋាភិបាល​កម្ពុជា​បន្ត​ផ្តល់អាទិភាពដល់​កិច្ច​ការ​អភិរក្ស​ និង​ស្តារ​តម្លៃ​ប្រាសាទ​ព្រះវិហារ ក្នុងទិសដៅ​ច្បាស់លាស់​ ដើម្បីប្រែ​ក្លាយ​ការ​​ឈឺ​ចាប់​ទៅជា​និ​មិត្ត​​រូប​​បន្ថែម ​នៃសាមគ្គីភាព និងភាព​រឹងមាំ​របស់កូន​ខ្មែរ ”។

ប្រាសាទព្រះវិហារត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ​ កាល​ពីថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨​ នៅទីក្រុង​កេបិក ប្រទេសកាណាដា។ ប្រាសាទព្រះវិហារ​ ត្រូវ​បាន​សាងសង់ឡើងនៅចន្លោះ​សតវត្សទី​៩ និង​ទី​១២ ហើយ​លាត​សន្ធឹង​ប្រវែង​ ៨០០ម៉ែត្រ តាមអ័ក្ស​ពីត្បូងទៅជើង​ និង​មាន​​​គោបុរៈ​ចំ​នួន​​ប្រាំ​។ ប្រាសាទនេះឧទ្ទិស​ថ្វាយ​ដល់​ព្រះសិវៈ​។

​គួរ​រំលឹកថា ជម្លោះ​ប្រដាប់អាវុធ​រវាង​កម្ពុជា និង​ថៃ​បាន​កើត​មាន​នៅ​ថ្ងៃទី​២៤ ខែ​កក្ក​ដា ឆ្នាំ​២០២៥ និង​លើក​ទី​២ កាល​ពីថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៥។ ប្រទេស​ទាំង​ពីរ​បាន​​សម្រេចបទឈប់​បាញ់​ជា​ថ្មី​កាល​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ បន្ទាប់ពី​កិច្ច​ប្រ​ជុំ​​ពិ​សេស​ លើក​ទី​៣ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅកម្ពុជា-ថៃ (GBC)​៕

អត្ថបទដោយ៖ ឈួន ឡាំងស៊ីន

អត្ថបទគួរឱ្យចាប់អារម្មណ៍