រដ្ឋាភិបាល​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជាផ្លូ​វ​ការ​នូវ​យុទ្ធ​​សាស្ត្រ​​​ការទូត​​បរិស្ថាន​​កម្ពុជា​ឆ្នាំ​២០២៦-២០៣០

ដោយៈ

Press Start Cambodia Avatar

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាសដា​ក់​ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​នូវ «យុទ្ធ​សាស្ត្រការ​ទូត​បរិស្ថាន​កម្ពុជា​ពី​​ឆ្នាំ​២០២៦ ដល់ឆ្នាំ​២០៣០» ដើម្បី​ជា​ការចូល​​រួម​​ចំណែក​​ក្នុង​ការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ការ​ការពារ​បរិស្ថាន និង​លើកកម្ពស់ការ​អភិរក្ស​ប្រព័ន្ធអេកូឡូស៊ី។

ក្រសួង​បរិស្ថាន បានឱ្យដឹង​នៅក្នុងទំព័រហ្វេសប៊ុក​របស់ខ្លួន នៅថ្ងៃទី០៧ ខែ​កក្ក​ដានេះ​ថា «យុទ្ធ​សាស្ត្រ​​ការទូ​ត​បរិស្ថាន​កម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀល​ថ្ងៃទី​០៦ខែ​កក្កដា ម្សិល​មិញនេះ នៅទីស្តីការ​ក្រសួង​បរិស្ថាន ដែលមានការ​ចូលរួម​ពីរដ្ឋមន្ត្រីក្រសួង​បរិស្ថាន សាមជិកព្រឺទ្ធសភានិង​រដ្ឋសភា តំណាង​បណ្តា​ក្រសួង​ស្ថាប័នពាក់ព័ន្ធ តំណាង​អង្គការ​ជាតិនិងអន្តរជាតិ​ជាច្រើននាក់។  

ប្រភពដដែលបានស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ដែលថ្លែងក្នុងពិធីនោះ​ថា ការដាក់ចេញយុទ្ធសាស្ត្រនេះ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ ជាមួយ​វិបត្តិបរិស្ថាន​ ដែល​ទាមទារឱ្យ​មានកិច្ចសហប្រតិបត្តិការអន្តរជាតិ​កាន់តែជិតស្និទ្ធ និងការរួមសកម្ម​ភាព​ជា​សមូហ​ភាព​កាន់តែខ្លាំងក្លាឡើងរវាងប្រជាជាតិទាំងអស់ ខណៈ​ការ​ទូត​បរិស្ថាន ដើរ​តួ​នាទី​ជា​ស្ពាន​ចម្លងដ៏សំខាន់​ ដែល​តភ្ជាប់កា​រអភិវឌ្ឍសេដ្ឋកិច្ច និង​ប្រព័ន្ធ​អេកូឡូស៊ី។

បើតាមក្រសួង​បរិស្ថាន​ យុទ្ធ​សាស្ត្រ​ការ​ទូត​បរិស្ថាន​កម្ពុជា បានកំណត់នូវ​សសរស្តម្ភ​​​យុទ្ធ​សាស្ត្រ​ចំនួន​បី ​រួម​មាន ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និង​អភិបាលកិច្ច, ការ​លើកកម្ពស់​​ការ​អភិរក្ស​អេកូឡូស៊ី និងការ​ការ​ពារ​បរិស្ថាន៕

អត្ថបទដោយ៖ គីម សុខលាភ

អត្ថបទគួរឱ្យចាប់អារម្មណ៍