មន្ត្រីរដ្ឋាភិបាលកម្ពុជា រំលឹកពីវិនាសកម្មធ្ងន់ធ្ងរទៅលើប្រាសាទព្រះវិហារ ដែលបានបង្កឡើងដោយការទម្លាក់គ្រាប់ពីសំណាក់យោធាថៃ ក្នុងឆ្នាំ២០២៥ បណ្តាលឱ្យខូចខាតប្រាសាទដែលចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ខូចខាតជាង ៥៦០កន្លែង។
ការរំលឹកឡើងវិញនូវវិនាសកម្មលើប្រាសាទព្រះវិហារនេះ ស្របពេលដែលអាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីអប់អរខួប ១៨ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៨-ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦) នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមអធិបតីភាពរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ តំណាងអង្គការយូណេស្កូ និងសាធារណជនប្រមាណ ៥០០នាក់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ ចុះថ្ងៃទី០៥ ខែកក្កដា និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី០៦ ខែកក្កដានេះ បានលើកឡើងថា ក្នុងអង្គពិធីនោះ មានការរំលឹកឡើងវិញនូវតម្លៃលេចធ្លោជាសកលនៃប្រាសាទព្រះវិហារ ព្រមទាំងសមិទ្ធផលនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិទាំងអស់ បានខិតខំប្រឹងប្រែងបានក្នុងរយៈពេល១៨ឆ្នាំកន្លងមក។
ប្រភពដដែលបន្តថា៖ «អង្គពិធី ក៏បានរំលឹកពីវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបានបង្កឡើងកាលពីឆ្នាំ២០២៥ ចំពោះបេតិកភណ្ឌពិភព ដោយបានបំផ្លាញអស់ទាំងស្រុងនូវលទ្ធផលការងារកន្លងមក ហើយបន្សល់ទុកនូវការខូចខាតធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារសរុបចំនួន ៥៦២កន្លែង និងបានបង្ខំឱ្យប្រជាពលរដ្ឋប្រមាណ ១៦ ០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់បេតិកភណ្ឌពិភពលោក ខូចខាតផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន»។
ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារ ក៏បានលើកឡើងពីការអនុវត្តផែនការសង្គ្រោះបន្ទាន់ប្រាសាទព្រះវិហារ ស្របតាមអនុសាសន៍របស់អ្នកជំនាញអង្គការយូណេស្កូ និង ICC-Preah Vihear ដូចជា ការបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោម, ការទល់ទ្រសង្គ្រោះរចនាសម្ព័ន្ធប្រាសាទពីការដួលរលំបន្តទៀត, ការប្រមូលបំណែកថ្ម និងចម្លាក់រក្សាទុកសម្រាប់អភិរក្សនិងជួសជុល, ការថត3D ប្រាសាទទាំងមូល និងការស្តារប្រព័ន្ធផ្លូវទឹកបុរាណ។
ក្រៅពីនោះ អាជ្ញាធរប្រាសាទព្រះវិហារ ក៏បានដាក់ចេញនូវការងារជាអាទិភាពក្នុងការបន្តជួសជុលប្រាសាទ ការស្តារព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់បេតិកភណ្ឌ ការស្តារវិស័យទេសចរណ៍ និងការលើកកម្ពស់ជីវភាពសហគមន៍ ព្រមទាំងដាស់តឿនបំផុសស្មារតីសាមគ្គីជាតិដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមគ្នាថែរក្សាការពារមរតកដូនតាឱ្យបានគង់វង្សផងដែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានា ស្របតាមច្បាប់អន្តរជាតិ ជាពិសេសខិតខំអភិរក្ស និងជួសជុលប្រាសាទព្រះវិហារសម្រាប់ទុកតកូនចៅជំនាន់ក្រោយៗទៀត។
ប្រាសាទព្រះវិហារ ដែលស្ថិតនៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានកសាងឡើងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក ដែលជាខណ្ឌសីមាព្រំប្រទល់ធម្មជាតិអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ប្រាសាទបុរាណដ៏ល្បីល្បាញនេះ មានទំហំ៨០០គុណនឹង៤០០ម៉ែត្រការ៉េ ដែលត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី៩ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២នេះ ត្រូវបានអង្គការយូណេស្កូទទួលចុះបញ្ជីចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានទទួលរងការខូចខាត ដែលបង្កឡើយដោយជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ លើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើឱ្យប្រាង្គប្រាសាទ រងការខូចខាតចំនួន ១៤២កន្លែង និងតំបន់ជុំវិញចំនួន ៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារផងដែរ។ ប្រភពដដែល បន្តថា ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃលើកទី២ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ រងការខូចខាតធ្ងន់ធ្ងរលើសពីកំណត់ត្រាអំឡុងខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
បើតាមក្រសួងវប្បធម៌ ការបំផ្លាញខាងលើនេះ បណ្ដាលមកពីការប្លោងគ្រាប់ធុនធ្ងន់ម្ដងហើយម្ដងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងរបស់យោធាថៃ ដែលបានបាញ់សំដៅផ្ទាល់មកលើតំបប់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ៕
អត្ថបទដោយ៖ ស៊ន មេសា

