មន្ត្រីជាន់ខ្ពស់សុខាភិបាល ដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺគ្រុនឈាម បន្ទាប់ពីរកឃើញករណីឆ្លងជំងឺគ្រុនឈាមជិត ៦០០នាក់ នៅស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្មីៗនេះ។
បើតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែកក្កដា បានឱ្យដឹងថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់ការណែនាំមួយចំនួន ដើម្បីជាវិធានការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម ដែលកំពុងកើតឡើងនេះ រួមមានការធ្វើបច្ចុប្បន្នភាពអ្នកជំងឺ និងរាយការណ៍រៀងរាល់ថ្ងៃនៅម៉ោង៥ល្ងាច មន្ទីរសុខាភិបាលស្រុក ត្រូវត្រៀមវេជ្ជបណ្ឌិត គិលានុបដ្ឋាក ដើម្បីចល័តអន្តរាគមន៍កន្លែងដែលមានការរាតត្បាតធ្ងន់ធ្ងរ។
លោកស្រីបញ្ជាក់ទៀតថា មន្ទីរពេទ្យត្រូវបែងចែករវាងអ្នកជំងឺគ្រុនឈាមកម្រិតធ្ងន់ និងកម្រិតស្រាលដាច់ពីគ្នា និងត្រៀមបន្ថែមសេរ៉ូម ឪសថពាក់ព័ន្ធការព្យាបាលជំងឺគ្រុនឈាម ត្រៀមក្រុមឆ្លើយតបបន្ទាន់ចំនួន១០នាក់ ដើម្បីចុះអន្តរាគមន៍តាមមូលដ្ឋាន បន្តនិងពង្រឹងការផ្សព្វផ្សាយ ចុះដាក់ថ្នាំអាបេត និងបាញ់ថ្នាំសម្លាប់សត្វមូសតាមតំបន់គោលដៅដែលមានករណីគ្រុនឈាមកើនឡើងខ្លាំង។
បើតាមក្រសួងសុខាភិបាល មនុស្ស ៥៧៨នាក់ បានកើតជំងឺគុ្រនឈាមនៅស្រុកកោះធំ ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះមានអ្នកជំងឺធ្ងន់ ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា និងគ្មានករណីស្លាប់ទេ។
អំឡុងកម្មវិធី “សន្និបាតបូកសរុបការងារសុខាភិបាលលើកទី៤៥ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត” ក្រសួងសុខភិបាលឱ្យដឹងថា ឆ្នាំ២០២៥ មានអ្នកជំងឺគ្រុនឈាមសរុបជាង ៥ម៉ឺនករណី ក្នុងនោះស្លាប់ ៦៤ករណី៕
អត្ថបទដោយ៖ ធី វណ្ណា

