ក្រសួងទេសចរណ៍ គ្រោងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពទេសចរណ៍ឱ្យសម្បូរបែប និងមានភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” និងបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ឆ្នាំ២០២៦-២០២៨។ នេះបើតាមសេចក្តីរាយការណ៍នៅលើហ្វេកប៊ុកផេករបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៤ ខែកក្កដា។
លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ «យើងត្រូវរួមគ្នាប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និងធម្មជាតិ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត»។
ថ្លែងក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីតំណាងក្រសួង ស្ថានប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលសរុបប្រមាណ ១៣០នាក់កាលពីថ្ងៃទី៣ ខែកក្កដា លោក ហួត ហាក់ បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១ -២០៣៥ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដើម្បីធ្វើឱ្យគោលដៅទេសចរណ៍សម្បូរបែបនិងមានភាពទាក់ទាញ សំដៅបង្កើនចំណូលសហគមន៍។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការរៀបចំសេចក្តីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម “ភ្នំគូលែន” ឆ្នាំ២០២៦-២០២៨ នឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងភាពទាក់ទាញ នៃគោលដៅទេសចរណ៍ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ផ្សេងទៀតឱ្យបានច្រើនក្រៅពីរមណីយដ្ឋានអង្គរ៕
អត្ថបទដោយ៖ ជា ចិន

