មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅរដូវភ្លៀងធ្លាក់នេះ ដែលជំងឺនេះងាយនឹងឆ្លង ខណៈក្នុងសប្តាហ៍មុន ក្រសួងបានរកឃើញអត្រាអ្នកឆ្លងជំងឺនេះជាង ១០នាក់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពី ការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានរកឃើញករណីឆ្លងថ្មីចំនួន ៦នាក់ និងករណីជាសះស្បើយ២នាក់ ខណៈនៅថ្ងៃទី០៣ ខែកក្កដា ក្រសួងបានរកឃើញករណីឆ្លងថ្មី ២នាក់ និងជាសះស្បើយ២នាក់ ហើយនៅថ្ងៃទី០៤ ខែកក្កដា ក្រសួងបានរកឃើញករណីឆ្លងថ្មី ៧នាក់ និងជាសះស្បើយ ២នាក់។ ចំណែកនៅថ្ងៃទី០៥ ខែកក្កដា ក្រសួងមិនបានរកឃើញករណីឆ្លងថ្មីនោះទេ។
តែយ៉ាងណា ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក លី សុវណ្ណ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩ ជាពិសេសនៅរដូវភ្លៀងធ្លាក់នេះ ដែលជំងឺអាចនឹងងាយឆ្លង។
លោកបានលើកឡើងថា៖ «ករណីនេះ មិនទាន់ជាក្ដីព្រួយបារម្ភប៉ុន្មានទេ ខែនេះខែភ្លៀង យល់ល្អទៅណាត្រូវតែពាក់ម៉ាស់ ប្រសិនជាឈឺ លេបថ្នាំនៅផ្ទះ៣ថ្ងៃអីមិនធូរ គួរទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ»។
ជាមួយគ្នានេះ លោក លី សុវណ្ណ ក៏បានរំលឹកពីវិធានការសុវត្ថិភាព ៣កុំ ៣ការពារ ដល់ប្រជាពលរដ្ឋផងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនៃវីរុសនេះ ដែលវិធានការទាំងនេះ រួមមាន ត្រូវពាក់ម៉ាស់ឱ្យបានជាប់លាប់ ជាពិសេសអំឡុងពេលចេញក្រៅផ្ទះ, លាងដៃជាមួយសាប៊ូ ឬបាញ់អាល់កុលឲ្យបានញឹកញាប់ ហើយបើមិនចាំបាច់កុំទៅកន្លែងជួបជុំមនុស្សច្រើនជាដើម។ ក្រៅពីនោះ លោកថា ប្រសិនបើមានអាការៈសង្ស័យណាមួយ សូមទៅពិគ្រោះនិងពិនិត្យនៅមន្ទីរពេទ្យ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៩ ៦៩០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ និងករណីជាសះស្បើយចំនួន ១៣៦ ៦១៧ករណី៕
អត្ថបទដោយ៖ ធួន ស្រីពៅ

