ក្រសួងរកឃើញ​​​សត្វព្រៃកម្រ​​​​និង​ជិត​ផុត​ពូជ ១៤​ប្រភេទ នៅ​​តំបន់​​ឧទ្យាន​​ជាតិ​ភ្នំ​ក្រវាញ

ដោយៈ

Press Start Cambodia Avatar

ក្រសួង​បរិស្ថាន បានរកឃើញ​​សត្វ​ព្រៃ​កម្រ​ និង​ជិត​ផុត​ពូជចំនួន ​១៤​ប្រភេទ ព្រម​​ទាំង​ប្រភេទ​ថនិក​​សត្វ បក្សី និង​ល្មូន​ទទួល​រង​គ្រោះ​ថ្នាក់​តិច​តួច​មួយ​ចំនួន​ទៀត នៅតំបន់ឧទ្យាន​ជាតិភ្នំ​ក្រវាញ ក្នុង​​​ភូមិ​​សាស្ត្រ​​ខេត្ត​កំពង់​ស្ពឺ​ និង​ខេត្ត​កោះ​កុង​​។

នេះបើតាម​លទ្ធផលនៃការសិក្សារបស់គម្រោង​និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិរបស់ក្រសួង​​បរិស្ថាន​រយៈ​ពេល ៣ខែ គិតចាប់ខែមេសា ដល់ខែ​មិថុនា​ ឆ្នាំ២០២៦ ហើយ​បាន​បង្ហោះផ្សាយ​នៅលើទំព័រ​ហ្វេស​ប៊ុក​របស់ក្រសួង​បរិស្ថាន នៅថ្ងៃទី​០៦ ខែ​កក្កដានេះ។

ក្រសួង​បាន​ឱ្យ​ដឹងថា តាមរយៈលទ្ធផលសិក្សា​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ប្រភេទ​សត្វ​ព្រៃកម្រ ជិត​ផុត​ពូជ និង​ប្រភេទ​ទទួល​រង​គ្រោះ​ថ្នាក់និងជិតរងទទួលគ្រោះថ្នាក់បានចំនួន ​១៤ប្រភេទ ក្នុង​នោះ​​មាន​ដូច​ជា ដំរីអាស៊ី កែះ ​​ប្រើស​ស្បូវ ខ្លា​ឃ្មុំតូ​ច ខ្លាឃ្មុំ​ធំ ខ្លា​ភ្ញី​ថ្ម ខ្ទីង ខ្ទីន ឆ្កែ​ព្រៃ​ កំពីង​ដូង ស្វា​ក្ដាម ភេខ្លួន​រលោង និង​ពង្រូល​ រួមទាំង ប្រភេទថនិកសត្វ​​ បក្សី និងល្មូន​មួយចំនួន​​​ទៀត កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​កោះ​កុង។

ក្រសួ​ងក៏បានផ្តោតសំខាន់​ទៅ​លើវត្តមាន​​សត្វ​ ភេខ្លួនរលោង ដែល​ជា​ប្រភេទ​​សត្វ​ក្រម​​ ត្រូវ​បាន​​ចុះ​​ក្នុង​បញ្ជី​ក្រហម IUCN (VU) និង​ជា​ប្រភេទ​ងាយ​ទទួល​រ​ង​គ្រោះ​នៅ​លើ​ពិភព​លោក។ ភេ​ប្រភេទ​នេះ ក៏​កំពុ​ង​រង​គ្រោះ​​ដោយ​​សារ​ការ​ទាក់​ចាប់ ដើម្បី​ធ្វើ​ពាណិជ្ជ​កម្ម បរ​បាញ់ និង​ការ​បាត់​បង់​ទី​ជម្រក៕

អត្ថបទដោយ៖ គីម សុខ​លាភ

អត្ថបទគួរឱ្យចាប់អារម្មណ៍