កំ​ណើន​ជន​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​​អាច​​កើន​ដល់​​ជាង​​៨ម៉ឺន​​នាក់​​​ ត្រឹម​​ចុង​ឆ្នាំ​​២០២៨​

ដោយៈ

Press Start Cambodia Avatar

មន្ត្រីជាន់ខ្ពស់ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​អះអាង​​ថា ចំនួន​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​អាច​​កើន​​​ដល់​ប្រមាណ ​៨៥០០០​នាក់​ ត្រឹម​ចុងឆ្នាំ​២០២៨​ ស្របពេល​ដែល​មាន​ការ​ព្រួយបារម្ភ​អំពីភាព​​ចង្អៀត​ណែន​នា​ពេល​​បច្ចុប្បន្ន បង្កផលវិបាក​ដល់​ការ​ងារស្តារនី​តិសម្បទា​របស់​ជនជាប់ឃុំ​​។​

គិត​ត្រឹម​ ៦ខែ​ដំបូង ​នៃ​ឆ្នាំ​២០​២៦នេះ ចំនួនអ្នក​ជាប់​ឃុំ​កើនឡើង​​​ជិត​ ៥០០០​នាក់​ បន្ទាប់ពី​មាន​ការរឹតបន្តឹង​ការ​​អនុវត្ត​ច្បាប់ និង​វិធានការ​នានារបស់រដ្ឋាភិបាល​ពាក់​ព័ន្ធការ​ឆបោក​​ស្កេមអនឡាញ​ គ្រឿង​ញៀន​ ក្មេងទំនើង​ និង​បទល្មើស​ទូទៅ។​ នេះបើ​តាម​ការ​ថ្លែងរបស់​លោក ឈន សាណាត អគ្គនាយក​ នៃអគ្គនាយក​ដ្ឋាន​​ពន្ធនាគារនៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​​ទូរទស្សន៍​ក្រសួង​មហាផ្ទៃកាល​ពីថ្ងៃទី​៣ ខែ​កក្កដា​។​

លោក ឈន សាណាត មាន​ប្រសាសន៍​ថា កំណើន​នេះ ធ្វើ​ឱ្យ​ពន្ធនាគារ​ជួប​ការ​លំបាក​ច្រើន​ក្នុង​​ការស្តារនីតិសម្បទារបស់​ជនជាប់ឃុំ ​ការ​​រៀប​ចំកា​រ​​ឃុំឃាំង​ និង​មិន​អាច​អនុវត្ត​ពេញលេញ​តាម​​គោលការណ៍​ច្បាប់​ ឬបទដ្ឋានកំណត់​ ដូចជា​ការ​​ឃុំតាម​ប្រភេទ​បទ​ល្មើស ​ចំណាត់​ថ្នាក់​សន្តិសុខ និង​អ្នក​មាន​ជំងឺឆ្លងជា​ដើម​​។​

លោក​មាន​ប្រសាសន៍ថា៖ “ការ​ឃុំនៅក្នុង​បន្ទប់តែ​មួយ​មាន​គ្នា​ច្រើន​ និង​ចង្អៀត​ណែន​បង្ក​ឱ្យ​មាន​សម្ពាធ​ផ្នែក​អារម្មណ៍ ​និង​ភាព​តានតឹងផ្លូវ​ចិត្ត​។ ក្នុង​ចំណុចនេះ ជនជាប់ឃុំពេលខ្លះ​មាន​អា​រម្មណ៍ចង់ធ្វើ​អត្តឃាត​ មាន​អារម្មណ៍​ចង់លួច​រត់គេច​ មានអារម្មណ៍​ចង់ធ្វើ​បាតុកម្ម​ ឬកុបកម្ម​ក្នុង​ពន្ធនាគារ​” ។​

ក្រៅពីប្រឈម​នឹង​​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ លោក ឈន សាណាត ក៏​បាន​បង្ហាញ​ក្តី​​បា​រម្ភ​អំពី​សមា​មាត្រ​រវាង​ចំនួន​ជនជាប់ឃុំ និង​មន្ត្រី​ពន្ធនាគារផងដែរ ដោយ​លោក​ថា នៅមាន​គម្លាត​​ឆ្ងាយ​ពីគ្នា​​ ស្របពេល​​បច្ចុប្បន្ន ​មន្ត្រី​ពន្ធនាគារ​ម្នាក់​ត្រូវ​គ្រប់គ្រង​​ជនជាប់ឃុំ​ពី​២០​ ទៅ​២៥នាក់​ ខណៈ​តាម​បទ​ដ្ឋាន​ស្តង់ដា​រកម្រិត​ត្រឹម​ ៦ទៅ​១០​នាក់​ក្នុងតំបន់​អាស៊ាន​ ដោយ​បន្ថែម​ថា បច្ចុប្បន្ន ​ទំហំ​ផ្ទៃក្រឡា​សម្រាប់ជនជាប់ឃុំម្នាក់​ គឺ​ ១.០​ម៉ែត្រ​ក្រឡា​ ប៉ុន្តែ​តាម​​បទដ្ឋាន​អប្បបរមា​របស់​អង្គការ​សហប្រជាជាតិ​ គឺ​ ៣.៤ម៉ែត្រ​ការ៉េ​ ក្នុង​នោះ ២ម៉ែត្រ​ការ៉េ​សម្រាប់ដេក និង​១,៥ ម៉ែត្រ​សម្រាប់​សកម្មភាព​ផ្សេងៗ។

លោក​បាន​បន្តទៀត​ថា ដើម្បី​ដោះ​ស្រាយ​នឹងបញ្ហា​ចង្អៀត​ណែន​នៅ​ពន្ធនាគារ​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អនុវត្ត​វិធានការមួយ​ចំនួន​ដូចជាការ​​អនុវត្ត​ទោសសហគមន៍​ ​ការ​លើក​លែង​ទោស ការ​បន្ធូរ​បន្ថយ​ទោស ​និង​ការ​ដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ។ បន្ថែម​ពី​​នេះ ការ​ផ្ទេរ​ជន​ជាប់ឃុំ​ពី​ពន្ធនាគារ​ចង្អៀត​ណែនខ្លាំង​ទៅ​កាន់ពន្ធនាគារ​ផ្សេង​ទៀត ដែលមានភាពចង្អៀតណែន​​មធ្យម ក៏​ជា​វិធី​កាត់បន្ថយ​​មួយកម្រិតទៀត​ផង​ដែរ​។

​លោក ឈន សាណាត បញ្ជាក់​ថា បច្ចុប្បន្ន មន្ត្រីពន្ធនាគារសរុប​មាន ៣៥៥៤នាក់​ ក្នុងនោះ​ស្ត្រី ៦១៧​នាក់​​ ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាល​ថ្នាក់កណ្តាល​មាន​ចំនួន​ ៤១៦នាក់​ ស្មើ​នឹង​១១​ភាគរយ​។​ មន្ត្រីនៅតាម​មណ្ឌល​អប់រំកែប្រែ និងពន្ធនាគារ​រាជ​ធានីខេត្ត​មាន​ ៣២៣៨នាក់​ ស្មើ​​៨៩ភាគរយ​​។​

ដោយឡែក បច្ចុប្បន្ន ចំនួន​អ្នក​ជាប់​ឃុំ​ទូទាំង​​​​សរុប​មាន​ ៦៧៦៧៧​ពាន់​នាក់ ក្នុងនោះ ស្ត្រីមាន​ ៤៥៣០នាក់ ជន​ត្រូវ​ចោទ​មាន​២២ភាគរយ ជនជាប់ចោទ១០ភាគរយ ពិរុទ្ធ​ជន​៣៧ភាគរយ និងទណ្ឌិត ៣១ភាគរយ​។​ អនីតជន​មាន​ចំនួន ៣០៤៧នាក់ ជន​បរទេស​មាន​ចំនួន ៧៤៣៤នាក់ ដែលមាន​ ៥៧ជនជាតិ​។ បទ​ល្មើស​គ្រឿងញៀន​មាន​ចំនួន​៥១ភាគរយ​ បទល្មើស​ពាក់​ព័ន្ធស្កេម​អនឡាញមាន​ ២៥៥៤នាក់ ​និង​ក្មេង​ទំនើង​មាន​ ៣០​១០​នាក់​៕​

ដោយ៖ គង់ សុខណា​

អត្ថបទគួរឱ្យចាប់អារម្មណ៍