ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកសិទ្ធិមនុស្សចាប់ផ្តើមធ្វើយុទ្ធនាការតាមបណ្តាញសង្គមរយៈពេល៨ថ្ងៃ ដោយធ្វើការបង្ហោះបដា និងវីដេអូឯកសារអំពីទស្សនៈទាន ដើម្បីរំលឹកខួប១០ឆ្នាំ នៃឃាតកម្មលើលោកបណ្ឌិត កែម ឡី និងអំពាវនាវរកយុត្តិធម៌ពេញលេញ និងអ្នកពាក់ព័ន្ធយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
នៅព្រឹកថ្ងៃសុក្រនេះ អង្គការសង្គមស៊ីវិលមួយចំនួនរួមមានអង្គការលីកាដូ សង់ត្រាល់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការភាពជាដៃគូ ដើម្បីបរិស្ថាន និងការអភិវឌ្ឍ និងសមាគមបណ្តាញយុវជនកម្ពុជា បានបង្ហោះសារ ដែលមានខ្លឹមសារដូចៗគ្នា ភ្ជាប់ជាមួយបដាដែលមានរូបភាពលោកបណ្ឌិត កែម ឡី និងសរសេរថា “តើលោកអ្នកយល់ឃើញយ៉ាងណា? ចំពោះការស្វែងរកយុត្តិធម៌លើលោកបណ្ឌិត កែម ឡី ”។
តាមរយៈសារខ្លី ដែលបង្ហោះលើទំព័រហ្វេសប៊ុកដោយឡែកពីគ្នា បានឱ្យដឹងថា យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី១០ ខែកក្កដា ហើយសាធារណជនអាចបញ្ចេញមតិនិងយោបល់នៅក្រោមរូបបដា ការបង្ហោះវីដេអូឯកសារអំពីទស្សនៈទានរបស់លោកបណ្ឌិត កែម ឡី។
សារដដែលបន្តថា នៅថ្ងៃទី៩ ខែកក្កដា នឹងមានកម្មវិធីសូត្រមន្តបង្សុកូល ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ហើយនៅថ្ងៃទី១០ ខែកក្កដា នឹងមានការបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពីទស្សនៈរបស់យុវជន សហគមន៍មូលដ្ឋាន សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន តំណាងក្រុមសង្គមស៊ីវិល ជុំវិញការស្វែងរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី និងមានការជួបជុំគ្នាដូចរាល់ឆ្នាំនៅស្ថានីយកាល់តិចបូកគៅ ជាកន្លែងដែលលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស (លីកាដូ) មានប្រសាសន៍ថា ពិធីរំលឹកខួបនេះ គឺធ្វើឡើងតាមការស្ម័គ្រចិត្តរៀងៗខ្លួន ដោយគ្មានការចាត់តាំងពីអង្គភាពណាមួយឡើយ។
លោកបន្តថា ការរៀបចំពិធីរំលឹកខួបនេះ ក៏មានបំណងទាមទារឱ្យផ្តល់យុត្តិធម៌ពេញលេញដល់លោកបណ្ឌិត កែម ឡី ផងដែរ បើទោះបីកន្លងមក តុលាការបានបំបែកសំណុំរឿងជា២ និងបានផ្តន្ទាទោសជនដៃដល់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតក៏ដោយ។
លោកមានប្រសាសន៍ថា ” សំណុំរឿងមួយទៀតនោះ គឺអ្នកដែលពាក់ព័ន្ធការលក់កាំភ្លើង អ្នកដែលពាក់ព័ន្ធផ្សេងៗទៀត ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់ឃើញមានដំណើរការរឿងនឹងនៅឡើយទេ…អ្នកពាក់ព័ន្ធគួរតែត្រូវនាំមកផ្តន្ទាទោសតាមផ្លូវច្បាប់”។
គួររំលឹកផងដែរថា លោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្សដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈពេលដែលលោកកំពុងពិសាកាហ្វេ នៅម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ ។ ឃាតករ ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនភ្លាមៗនៅថ្ងៃកើតហេតុ ហើយនៅខែមីនា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ “ឃាតកម្មគិតទុកជាមុន និងការកាន់កាប់អាវុធខុសច្បាប់”៕
ដោយ៖ គាំ សោភ័ណ

