រដ្ឋាភិបាលប្រកាសហាមឃាត់ការនាំចូលទំនិញដែលប្រើប្រាស់ការងារដោយបង្ខំ សំដៅធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់ភាពប្រកួតប្រជែង។
តាមប្រកាសអន្តរក្រសួងចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចហាមឃាត់ការនាំចូល ចរាចរ ប្រើប្រាស់ ឬផ្គត់ផ្គង់ទំនិញទាំងឡាយណាដែលពាក់ព័ន្ធនឹង “ការងារដោយបង្ខំ”។
ប្រកាសអន្តរក្រសួងនេះ លើកឡើងថា ក្រុមការងារអន្តរក្រសួងមួយត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យមុខទំនិញទាំងឡាយណាដែលសង្ស័យថា ពាក់ព័ន្ធនឹងការងារដោយបង្ខំ ហើយក្រុមការងារនេះ អាចសហការជាមួយបណ្តាប្រទេសដែលនាំចូលទំនិញពីកម្ពុជា ដើម្បីត្រួតពិនិត្យករណីសង្ស័យលើទំនិញនាំចូលពីកម្ពុជាតាមការចាំបាច់ផងដែរ។
ប្រកាសអន្តរក្រសួងបានបញ្ជាក់ទៀតថា អ្នកនាំចូលដែលត្រូវសង្ស័យថា មានទំនិញជាប់ពាក់ព័ន្ធការងារដោយបង្ខំ ត្រូវផ្តល់សេចក្តីបំភ្លឺ ក្នុងរយៈពេល១០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹង។ ប្រកាសដដែលនេះ ក៏បានព្រមានហាមឃាត់នាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់ប្រសិនបើរកឃើញថា ទំ និញនាំចូលនោះ មានពាក់ព័ន្ធនឹងការងារដោយបង្ខំ ហើយអ្នកនាំចូលត្រូវទទួលរងវិធានការបន្ថែមរួមមានការផ្អាកធ្វើសកម្មភាពនាំចេញ នាំចូល ការផ្អាកការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងវិធានការផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
ដោយ៖ ស៊ន មេសា

