តុលាការកំពូលរក្សាសេចក្តីសម្រេច​របស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការក្នុងរឿងក្តីលោក កើត​ សារ៉ាយ

ចៅក្រមជំនុំជម្រះនៃតុលាការកំពូលសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់មេធាវីលោក កើត សារ៉ាយ ដោ​យ​សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ។

សេចក្តីសម្រេចនេះធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា បន្ទាប់ពីតុលាការកំពូលបើកសវនាជំនុំជម្រះ លើបណ្តឹ ងសា​រ​ទុក្ខរបស់មេធាវីការពារក្តីឱ្យ លោក កើត សារ៉ាយ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដែលប្តឹងទាស់នឹងសេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​​ភ្នំពេញ ប្រឆាំងការផ្តន្ទាទោស​កូន​​ក្តី​​របស់ខ្លួនដាក់ពន្ធនាគារ​៤ឆ្នាំ ពា​​ក់​ព័ន្ធនឹង​សំណុំរឿង«ញុះ​ញង់ និង​បទ​មិន​រាង​ចាល»។

លោក គង់ ស្រ៊ីម​ ដែលជាចៅក្រជំនុំជម្រះ នៃតុលាកការកំពូលបានប្រកាសសាលដីកានៅព្រឹកមិញដោ​យ​សម្រេចរក្សាបទចោទរបស់ចៅក្រមជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការ។

ចំណែក លោក ឯម ចន្ថា ដែលជាមេធាវីការពារក្តីឱ្យ លោក កើត សារ៉ាយ សំដែងការខកចិត្ត​ចំពោះការដែលចៅក្រមនៃតុលាការកំពូលលបន្តរក្សាបទចោទនេះ ដោយលោកអះអាងថាតុលាការមិនបានពិចារណា និងទ​ទួលយកការថ្លែងរបស់កូនក្ដីលោ​ក​ទេ​​​​។

 លោកបន្តថា៖«ខ្ញុំសោកស្តាយដែល តុលាការកំពូលតម្កល់សាលដីកាតុលាការកំពូលបានការទុកចំពោះសំ​ណុំ​​រឿងកូនក្ដីខ្ញុំបាទ លោក កើត សារាយ ។ខ្ញុំសោកស្តាយដែលតុលាការកំពូលគាត់មិនបាន ពិចារណាកាត់ និងទទួលយកការថ្លែងរបស់កូនក្ដី ខ្ញុំបាទ ក៏ដូចជាសហមេធាវី ទាំងពីដែលបានលើកឡើងពីអំណះអំណាង»។

លោក កើត សារ៉ាយ ត្រូវមន្ត្រីនគរបាលក្រុងភ្នំពេញ ចាប់ខ្លួន​កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ តាម​​ដីកាបញ្ជាឱ្យចូលខ្លួនក្រោមការចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ់ដល់សន្តិសុខសង្គម ដែលចេញដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំ​ពេ​​ញ។ហើយការ​ចា​ប់​ខ្លួន​នេះធ្វើឡើង បន្ទាប់ពីលោក​​បាន​បញ្ចេញ​​​មតិ​ទាក់​ទង​នឹង​ជម្លោះ​ដីធ្លី​ដ៏ចម្រូងចម្រាស់មួយកន្លែង​​នៅ​​​​ខេ​ត្ត​ព្រះ​វិ​ហា​​រ។

ដោយសារតែសំណុំរឿងនេះហើយ ដែលសកម្មជនការ​ពារ​សិទ្ធិ​មនុស្ស លោក កើត សារ៉ាយ​ ត្រូវ​ចៅក្រមនៃតុ​លាការក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងពិន័យជាប្រាក់​ចំនួន២លានរៀល។លោកត្រូវតុលាការរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងក្តី«ញុះ​ញង់» និង​ «ការ​មិន​រា​ង​​​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទា​ទោស​បទ​មជ្ឈិម»។

ជុំវិញរឿងនេះ អ្នកគាំទ្រលោក កើត សារ៉ាយ​​ គឺលោក ខាន់ ចាន់ថន ដែលលើកបដានៅខាងមុខតុលាការកំ​​ពូលនៅព្រឹកថ្ងៃសុក្រនេះ ឲ្យដឹងថា​ ការសម្រេចរបស់ចៅក្រម នៃតុលាការកំពូល មានភាពលម្អៀង និងមិនអាចទទួលយកបានឡើយ។លើសពីនេះទៅទៀត សកម្មជនសង្គមរូបនេះ បំពេញការងារដោយផ្អែកតែទៅលើគោ​ល​ការណ៍ និងនីតិវិធីដូចមានកំណត់នៅក្នុងច្បាប់។

លោកបន្តថា៖«មិនមានភាពយុត្តិធម៏ទេ ព្រោះសកម្មភាពបង កើត សារ៉ាយ គាត់ធ្វើទៅតាមច្បាប់ ហើយគាត់​ជួយប្រជាពលរដ្ឋស្លូតត្រង់ ដោយទឹកចិត្តស្នេហាជាតិ អញ្ចឹងខ្ញុំគិតថា ការចោទប្រកាន់របស់តុលាការពុំមា​នភាពយុត្តិធម៌ទេ » ​។

យ៉ាងនេះក្តី លោក​ យី សុខសាន្ត មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស នៃសមាគមអាដហុក(Adhoc)​ ដែលបានចូលរួមស្តាប់ប្រកាសសា​ល​ដីកានៅព្រឹកថ្ងៃសុក្របង្ហាញាករសោកស្តាយ។មិនតែប៉ុណ្ណោះលោកយល់ឃើញថា​ ស​​កម្មជនទាំងនេះ តុលាការគួរតែផ្តល់សេរីភាពជូនពួកគេឡើងវិញ។ មួយវិញទៀត កិច្ចការដែលលោក កើ​ត សារ៉ាយ និងអ្នកផ្សេងទៀតធ្វើ គឺមិនផ្ទុយទៅនឹងច្បាប់ណាមួយនោះថែមទៀតផង។

លោកបន្តថា៖«អ្វីដែលយើងខកចិត្ត ក្នុងនាមអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើវិស័យសិទ្ធិមនុស្សគឺសំ​ខាន់ជាងគេគឺ សេរីភាពក្នុងការបញ្ចេញមតិ ហើយតុលាការកំពូលសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងក៏ដូចជាសាលាឧទ្ធរណ៍ ទុកជាបានការដដែលពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទ ញុះញង់ ហើ​យ និងការមិនរាងចាល ហើយយើងក៏ស្នើទទូចសុំដែរទៅ រាជរដ្ឋភិបាល ស្នើសុំទៅអង្គព្រះមហាក្សត្រដើម្បីដោះ​​​លែងឲ្យពួកអ្នកធ្វើការងារសង្គម »។

តាមពិតទៅ លោក កើត សារ៉ាយ ធ្លាប់ត្រូវចៅក្រម នៃតុលាការក្រុងភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគា​រ​រយៈពេ​ល២០ខែម្តងរួចមកហើយដែរ កាលពីឆ្នាំ២០២១។កាលណោះ តុលាការចោទប្រកាន់ពីបទ​ «ញុះ​ញង់​» ​ក្រោយពីលោកបាន​ចូល​រួម​​បាតុកម្ម​ដោយ​សន្តិវិធីប្រឆាំងការឃុំខ្លួនលោក រ៉ុង ឈុន។រីឯរបាយការណ៍ដែលចេញដោយ​​អង្គការ​ ការពារសិទ្ធិមនុស្ស លីកាដូ(Licadho)វិញ បង្ហាញថា ការឃុំខ្លួន និងការផ្តន្ទាទោសដា​ក់​​ពន្ធនាគារ ប្រឆាំងសកម្មជនសង្គមដ៏សកម្មម្នាក់នេះ ជាការដាក់បន្ទុកក្នុងកម្រិតទោសទ្វេដង៕

អត្ថបទគួរឱ្យចាប់អារម្មណ៍