ស្លឹកគ្រៃក្លាយជាដំណាំពេញនិយមនៅសង្កាត់​​អរិយក្សត្រ ដោយសារតម្លៃ​ថេរ​​លើ​ទីផ្សារ​

កសិករមួយចំនួន​នៅ​សង្កាត់​អរិយក្សត្រ ក្រុង​អរិយក្សត្រ​ ខេត្តកណ្ដាល កំពុងងាកមកដាំ​ដំណាំ​ “គល់​ស្លឹកគ្រៃ​” កាន់​តែច្រើនឡើង​ ដោយ​សារដំ​ណាំប្រភេទនេះ មានតម្លៃថេរ ងាយស្រួលថែ​ទាំ និងផ្ដល់ចំ​ណូលទៀងទាត់ដល់គ្រួសារកសិករ។

កសិករ និងឈ្មួញកណ្ដាលមួយចំនួន​នៅ​សង្កាត់​អរិយក្សត្រ​ ក្រុងអរិយក្សត្រ​និយាយថា ដំណាំ “គល់​ស្លឹកគ្រៃ” ​បាន​ក្លាយជាដំ​ណាំមួយ ដែលទទួលបានការពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារងាយស្រួលដាំ ធន់នឹងសត្វល្អិត និងតម្រូវការទីផ្សារមាន​​ស្ថិរភាព។ បច្ចុប្បន្ន គល់​ស្លឹកគ្រៃមានតម្លៃចន្លោះពី ១០០០ រៀលទៅ ១២០០ រៀល​ក្នុងមួយគី​ឡូក្រាម ហើយអាចកើនដល់ ១៥០០ រៀលនៅពេលទីផ្សារមានតម្រូវការខ្ពស់។

អ្នកស្រី គន សាម៉ៃ​​ អាយុ៥៧ ឆ្នាំ ជាកសិករដាំស្លឹកគ្រៃនៅភូមិ​វត្ត​ខ្សាច់ សង្កាត់​អរិយក្សត្រ ដែលបាន​​ប្រ​កប​មុខរបរនេះ អស់រយៈពេល៥ ឆ្នាំលើផ្ទៃដីប្រមាណ១ ហិកតា និយាយថា អ្នកភូមិក្នុងតំបន់របស់អ្នកស្រីកំពុងនិយមដាំស្លឹកគ្រៃកាន់តែច្រើន ព្រោះវាងាយ​ស្រួលដាំជាងដំណាំមួយចំនួនផ្សេងទៀត។

អ្នកស្រីនិយាយថា៖ “ដាំស្លឹកគ្រៃ វាស្រួលដែរ ព្រោះវាមានហាងឆេង។ ដូចជាយើង​​​​​ធ្វើបាន គេមកយកដល់ចម្ការ”។ ​អ្នក​ស្រីបន្ថែមថា ធៀប​នឹង​ដំណាំផ្សេង​ទៀត​ ត្រូវ​ដឹក​ទៅ​លក់​នៅផ្សារ​ដោយ​ខ្លួន​ឯង។​

អ្នកស្រីបន្តថា ​ស្លឹកគ្រៃត្រូវការពេលប្រមាណ៥ ខែ ដើម្បីប្រមូលផល ហើយអាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ។ បើតាមអ្នកស្រី ដំណាំនេះមិនពិបាកលក់ទេ ហើយអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារបានល្អ។

អ្នក​ស្រីអះអាង​ថា៖ “អត់មានអីត្រូវបារម្ភទេ ហើយឥឡូវ គេចូលចិត្តដាំស្លឹកគ្រៃ”​។

លោក ភិន ភាព អាយុ៤៨ ឆ្នាំ ជាកសិករម្នាក់ទៀតនៅសង្កាត់​អរិយក្សត្រ ដែលបានប្រកប​របរ​ដាំ​ស្លឹកគ្រៃអស់រយៈពេល១០ឆ្នាំ និយាយថា ដំណាំនេះអាចរកចំណូលបានលឿន និងត្រូវការការថែទាំតិចជាងដំណាំផ្សេងៗ។

លោកនិយាយថា៖ “ស្លឹកគ្រៃអាចរកលុយបានលឿនជាង… ស្រួលថែជាង [ដំណាំផ្សេង]”។

លោកបន្ថែមថា ស្លឹកគ្រៃមានភាពធន់នឹងសត្វល្អិត ហើយអាចដាំនៅចន្លោះដំណាំ​ផ្សេងៗបាន។ ជាមួយនឹងដីប្រវែងប្រមាណ ៧០ ម៉ែត្រ លោកអាចប្រមូលផលបានពី៣០០ ទៅ ៤០០ គីឡូក្រាមក្នុងមួយរដូវ ដែល​ជួយ​បន្ថែមចំណូលសម្រាប់គ្រួសារ និងការចំណាយ​លើ​ការសិក្សាកូនៗរបស់​លោក​។

ទោះបីជា​យ៉ាងណា ការដឹកជញ្ជូនដំណាំ​ស្លឹកគ្រៃពីចម្ការទៅទីផ្សារ ភាគច្រើនពឹងផ្អែកលើឈ្មួញកណ្ដាល ដែលចុះទៅប្រមូលទិញផ្ទាល់ពីកសិករ មុននឹងបន្តចែកចាយទៅទីផ្សារធំៗនៅរាជធានីភ្នំពេញ។

លោក អ៊ី វ៉ាន់នី អាយុ៣៣ ឆ្នាំ ជាឈ្មួញកណ្ដាលម្នាក់​ នៅសង្កាត់​អរិយក្សត្រ និយាយថា លោកទទួល​ទិញស្លឹកគ្រៃពីកសិករក្នុងតម្លៃប្រមាណ១២០០ រៀលក្នុងមួយគីឡូ​ក្រាម ហើយលក់បន្តក្នុងតម្លៃ ១៤០០ រៀលទៅឱ្យម៉ូយនៅផ្សារនាគមាស និងផ្សារ​ដើមគរ។

លោកថា តម្លៃស្លឹកគ្រៃអាចកើនឡើងនៅពេលការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការលើ​ទីផ្សារ ជាពិសេសនៅរដូវទឹកឡើង ចាប់ពីខែកញ្ញា ឬខែតុលា ដែលធ្វើឱ្យផលិត​កម្ម​ថយចុះ។

លោកនិយាយថា៖ “នៅពេលតម្រូវការទីផ្សារមិនគ្រប់ វា [តម្លៃ] ​អាចកើនឡើងចឹង”។

ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ទីផ្សារស្លឹកគ្រៃក្នុងស្រុកក៏ប្រឈមនឹងការ​ប្រកួតប្រជែងពីផលិត​ផល​នាំចូលពីប្រទេសជិតខាងផងដែរ។ ប៉ុន្តែលោកអះអាងថា ស្លឹកគ្រៃខ្មែរនៅតែទទួលបានការគាំទ្រពីអ្នកទិញ​ជាច្រើន។

លោកនិយាយថា៖ “ទាល់តែខ្វះស្លឹកគ្រៃខ្មែរ ទើបគេយកពី [ប្រទេស] ជិតខាងមក​។ បើមិនខ្វះទេ គាត់​ជួយ​យក​ខ្មែរគ្នាឯង”។

លោក សុខ វណ្ណា អាយុ៣៩ ឆ្នាំ ជាឈ្មួញកណ្ដាលម្នាក់ទៀតនៅសង្កាត់​អរិយក្សត្រ ក៏បាន​បញ្ជាក់ដែរថា តម្លៃស្លឹកគ្រៃតែងកើនឡើងចាប់​ពី​ខែមេសា ឬ​ខែឧសភា ហើយថា បរិមាណនៃ​ការ​ប្រមូល​ទិញរបស់​លោក​គឺ​អាស្រ័យលើតម្រូវការរបស់ម៉ូយ​។

លោកនិយាយថា៖ “បើម៉ូយកុម្មង់ច្រើន យកច្រើន បើម៉ូយកុម្មង់តិច យកតិច”។

បើតាមកសិករ និងឈ្មួញកណ្ដាលនៅតំបន់នេះ ដំណាំគល់ស្លឹកគ្រៃ​នៅតែជាដំណាំដែលមាន​សក្ដានុពលសម្រាប់កសិករខ្នាតតូច ដោយសារតម្រូវការទីផ្សារបន្តមាន និងការ​ដាំដុះមិនសូវស្មុគស្មាញ បើធៀបនឹងដំ​ណាំ​បន្លែមួយចំនួនផ្សេងទៀត ដែល​ត្រូវ​ការ​ថែ​ទាំង​ច្រើន​ និង​តម្លៃ​ប្រែប្រួល​ខ្លាំង​​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍