លោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំពីបទ “ក្បត់ជាតិ” ត្រូវបានលើកលែងទោសជាប់ពន្ធនាគារ ខណៈបន្តជាប់បម្រាមមិនឱ្យធ្វើនយោបាយនិងចាកចេញទៅក្រៅប្រទេស។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីបានចុះហត្ថលេខាលើព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា អាយុ៧២ឆ្នាំ ដែលត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ដកហូតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
ការលើកលែងទោសនេះ ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ និងបានបន្ថែមទោសហាមឃាត់មិនឱ្យធ្វើដំណើរទៅក្រៅប្រទេសរយៈពេល៥ឆ្នាំ។ បើតាមព្រះរាជក្រឹត្យ ការលើកលែងទោសនេះអនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះព្រះរាជក្រឹត្យនេះនៅលើទំព័រហ្វេសប៊ុករបស់លោកដោយសរសេរថា “ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ”។
ដោយឡែកតាមរយៈលិខិតចុះថ្ងៃទី២៥ ខែឧសភានេះដែរ លោក កឹម សុខា បានជូនដំណឹងទៅប្រធានសាលាឧទ្ធរណ៍ថា លោកសម្រេចមិនប្តឹងសារទុក្ខនឹងសាលដីកាចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ទេ បើទោះបីជាលោកមិនសុខចិត្តនឹងការសម្រេចផ្តន្ទាទោសនេះក៏ដោយ។
លោកសរសេរថា៖ “ខ្ញុំយល់ថា ក្នុងកាលៈទេសៈនេះ ការដោះស្រាយបញ្ហាដោយឈរលើស្មារតីផ្សះផ្សាជាតិ តាមរយៈការសន្ទនាគ្នារវាងខ្មែរនិងខ្មែរ គឺជាជម្រើសដ៏ប្រសើរបំផុត ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរយើង”។
ការលើកលែងទោសនេះ ទទួលបានការសាទរពីមជ្ឈដ្ឋានសាធារណជន អ្នកនយោបាយ និងគណបក្សនយោបាយមួយចំនួនផងដែរ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃច័ន្ទដោយសម្តែងការសាទរចំពោះការដោះលែងលោក កឹម សុខា ហើយថា នេះគឺជាពេលវេលាដែលលោកនិងពលរដ្ឋខ្មែរផ្សេងទៀតរង់ចាំយ៉ាងអន្ទះសារ ហើយចង់ឃើញយុត្តិធម៌ សាមគ្គីភាព និងការបង្រួបបង្រួមជាតិ។
លោកសរសេរថា៖ “គណបក្សជំនាន់ថ្មី ជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃការទទួលបានសេរីភាពនេះ នឹងក្លាយជាកាតាលីករ និងជាជំហានវិជ្ជមានមួយដ៏សំខាន់ ក្នុងការជំរុញបរិយាកាសនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនទៅមុខ”។
ស្រដៀងគ្នានេះដែរ គណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរបានចេញសេចក្តីថ្លែងការណ៍រួមមួយសាទរនឹងការលើកលែងទោសនេះ ហើយថា នេះគឺជាការវិវត្តមួយ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រាថ្នាចង់បាន។ ទោះបីជាយ៉ាងណា គណបក្សទាំងពីរបានសម្តែងការព្រួយបារម្ភ ដោយសារតែលោក កឹម សុខា នៅតែត្រូវបានដកហូតសិទ្ធិនយោបាយនិងមិនអាចចូលរួមក្នុងសកម្មភាពនយោបាយដូចពលរដ្ឋដទៃបាន។ លើសពីនេះទៅទៀត គណបក្សទាំងពីរបានអំពាវនាវឱ្យមានការលើកលែងទោស និងទម្លាក់ចោលបទចោទចំពោះមេដឹកនាំ និងសកម្មជននយោបាយ សកម្មជនដីធ្លី សកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្សដទៃទៀត។
សេចក្តីថ្លែងការណ៍សរសេរថា៖ “ការលើកលែងទោសនេះ នឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយ សម្រាប់ការបើកលំហប្រជាធិបតេយ្យ ការស្តារឡើងវិញនូវសិទ្ធិសេរីភាពនយោបាយ ការគោរពពហុនិយម និងការផ្សះផ្សាជាតិដោយសន្តិវិធី”។
លោក កឹម សុខា ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនកាលពីរំលងអាធ្រាត្រក្នុងឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសជាប់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ។ គណបក្សរបស់លោក ត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧៕

