ក្រសួងសុខាភិបាលណែនាំឱ្យមានការប្រុងប្រយ័ត្ននិងការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus) បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញករណីវិជ្ជមាន៥នាក់ និងស្លាប់៣នាក់ ក្នុងចំណោមអ្នកដំណើរមកពី២៨ប្រទេសលើនាវាដែលមានទង់ជាតិហូឡង់។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងខាងលើត្រូវបានសង្ស័យថា ពាក់ព័ន្ធការប៉ះពាល់សត្វកណ្តុរនៅភាគខាងត្បូងប្រទេសអាហ្សង់ទីន។ ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីវីរុសហាន់តាលើមនុស្សនៅឡើយទេ។
ក្រសួងសុខាភិបាលបានពន្យល់ថា វីរុសហាន់តា គឺជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស ហើយមនុស្សអាចឆ្លងវីរុសនេះតាមរយៈការប៉ះបាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា ប៉ុន្តែការឆ្លងតាមរយៈការខាំឬខ្វាច គឺជាករណីកម្រ។
សេចក្តីប្រកាសព័ត៌មានបន្តថា វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួនពីទម្រង់ដែលក្នុងនោះទី១ ជាជំងឺប៉ះពាល់ដល់សួត និងប្រព័ន្ធដង្ហើម ហើយវីរុសប្រភេទនេះត្រូវបានរកឃើញនៅទ្វីបអាមេរិកនិងទី២ ជាជំងឺបង្កឱ្យមានគ្រុនក្តី ហូរឈាមនិងប៉ះពាល់ដល់តម្រងនោម ហើយវីរុសប្រភេទនេះត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី។
បើតាមក្រសួងថា ជំងឺដែលបង្កដោយវីរុសហាន់តាមានរោគសញ្ញាដូចជាអស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្តួត រាក ក្អក ពិបាកដកដង្ហើម ហើយដើម្បីការពារ ក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យផ្ទះសម្បែង និងបរិស្ថានជុំវិញឱ្យស្អាត បិទច្រកចូលសត្វកកេរ រក្សាទុកអាហារទឹកឱ្យបានត្រឹមត្រូវ ពាក់ម៉ាស់ និងស្រោមដៃពេលសម្អាត ហើយលាងដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់សម្រាប់ការពារការឆ្លងវីរុសហាន់តានៅឡើយទេ មានតែការព្យាបាលថែទាំគាំទ្រតាមទម្រង់នៃជំងឺប៉ុណ្ណោះ។ យ៉ាងណាក្តី អង្គការសុខភាពពិភពលោកបានវាយតម្លៃថា ហានិភ័យរាលដាលជាសកលមានកម្រិតទាប ព្រោះវីរុសនេះមិនងាយឆ្លងពីមនុស្សទៅមនុស្សទេ៕

