របាយការណ៍​អាដហុក៖ ស្ថានភាពវិវាទដីធ្លីនៅតែ​ធ្ងន់ធ្ងរ​ ដែល​ទាម​ទារ​ឱ្យ​​​​​​កែលម្អ​​ការ​អនុវត្ត​ច្បាប់​ និង​​គោរពសិទ្ធិ​​​​សហគមន៍

សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) រកឃើញថា បញ្ហា​​វិវាទដីធ្លីនៅតែបន្ត​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ ស្មុគ​ស្មាញ និងពាក់​ព័ន្ធ​ជ្រាល​ជ្រៅទៅ​នឹង​បញ្ហា​អំណាច សេដ្ឋ​កិច្ច និងសិទ្ធិ​មនុស្ស ទោះ​បី​ជា​ប្រទេស​មាន​ក្រប​ខណ្ឌ​ច្បាប់​គ្រប់​គ្រង​ដីធ្លី​យ៉ាង​ច្បាស់​លាស់ក៏​​ដោយ ដែល​ការណ៍នេះ សមាគម​មួយនេះ ជំរុញ​​ឱ្យ​​មាន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លា​ភាព និង​ស្មើ​ភាព គោរព​​សិទ្ធិ​សហគមន៍ និង​ទប់ស្កាត់អំពើពុករលួយ​ជាដើម។

នេះ​បើតាម​​របាយការណ៍​ឆ្នាំ២០២៥ ស្ដីពីស្ថានភាពសិទ្ធិដីធ្លី៖ ឆ្លុះបញ្ចាំងនិយ័តកម្មច្បាប់ និង​ប្រសិទ្ធ​​​​​​ភាព​​​អនុវត្ត​ជុំវិញស្ថានភាពវិវាទដីធ្លី រវាងបុគ្គលមានទ្រព្យ មាន​អំណាច និង​ប្រជា​សហគមន៍​​​​នៅ​កម្ពុជា របស់​សមាគម​អាដហុក ចេញផ្សាយនៅថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២៦នេះ។

របាយការណ៍​របស់​អាដហុក បានលើកឡើង​ថា តាម​​ទិន្នន័យ​ឆ្នាំ​២០២៦ មាន​ករណី​វិវាទ​ដីធ្លី​ថ្មី​ចំនួន​ ៤៥ ករណី ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ ៥ ៥២០ គ្រួសារ (ស្មើនឹង​ ១៤ ៧៩៨ នាក់) រួម​ទាំង​ជន​ជាតិ​ដើម​ភាគ​តិច ៧ ៣៥១ នាក់ និងផ្ទៃដីប្រមាណ ១១៥ ៤១៣ ហិកតា។ ក្នុង​ចំណោម​ករណី​​ទាំង​​នេះ ៤២% ពាក់​ព័ន្ធ​នឹង​បុគ្គល​មាន​អំណាច និង ២០% ពាក់ព័ន្ធនឹងអ្នកមានទ្រព្យ ឬ​ក្រុម​ហ៊ុន ខណៈ​​ ២១ ករណី ដែល​មាន​ការ​គំរាម​កំហែង​ និង​ការ​ប្រើ​បណ្តឹង​ព្រហ្ម​ទណ្ឌ​លើ​តំណាង​សហគមន៍។

អាដហុកបានកត់ត្រា​ផងដែរ ​នូវសកម្មភាពរំលោភប្រជាសហគមន៍ ដូចជា ការដក​ហូតដី​ដោយ​គ្មាន​សំណង​​សមរម្យ ការប្រើកម្លាំង និងអាវុធគំរាមកំហែង ការបំផ្លាញទ្រព្យសម្បត្តិ និងការ​ប្រើ​ប្រព័ន្ធ​តុលាការ​​ដើម្បីដាក់សម្ពាធពលរដ្ឋ ហើយអាដហុកចាត់ទុក ការអនុវត្តច្បាប់មិនស្មើភាព ខ្វះ​តម្លា​​​ភាព អំពើពុករលួយ និងឥទ្ធិពលរបស់អ្នកមានអំណាច និងអ្នកមានទ្រព្យ ជាបញ្ហាចម្បង។

បន្ថែមពីនេះ របាយការណ៍ថា វិវាទដីធ្លីបានធ្វើឱ្យប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងផ្លូវចិត្ត​ពលរដ្ឋ តួយ៉ាង​​ការកើនឡើងនៃភាពក្រីក្រ បែកបាក់គ្រួសារ និងចំណាកស្រុកជាដើម ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​ប្រឈម​នឹងការបាត់បង់ដីវប្បធម៌ និងអត្តសញ្ញាណ។

ការណ៍នេះ អាដហុក​ បានសង្កត់​ថា៖ «វិវាទដីធ្លីនៅតែបន្តមានលក្ខណៈធ្ងន់ធ្ងរ ស្មុគស្មាញ និងពាក់ព័ន្ធជ្រាល​ជ្រៅទៅនឹងបញ្ហាអំណាច សេដ្ឋកិច្ច និងសិទ្ធិមនុស្ស ទោះបីជាប្រទេសមានក្របខណ្ឌច្បាប់គ្រប់គ្រងដីធ្លីយ៉ាងច្បាស់លាស់ក៏ដោយ»។

លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមអាដហុក មាន​ប្រសាសន៍​ថា ក្នុងរបាយ​​ការណ៍​​នេះ បានធ្វើការ​វិ​ភាគ​​ទៅលើ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់ពាក់ព័ន្ធ​នឹង​​បញ្ហាវិ​វាទ​ដីធ្លី រវាង​ប្រជាពលរដ្ឋ និង​អ្នកមាន​លុយ​មានអំណាច ថាតើ​ច្បាប់​និង​បទដ្ឋាន​ទាំងអស់នោះ នឹង​អាច​អនុវត្ត​បានល្អទេ ​ទៅ​លើ​អ្នកដែលមាន​លុយ​មានអំណាច? ឬក៏ច្បាប់​នោះអនុវត្ត​បានតែ​ទៅលើ​ប្រជាពលរដ្ឋ​ទន់ខ្សោយ ឬ​សហគមន៍។

លោក​បន្តថា ជាការរកឃើញក្នុង​របាយការណ៍ គឺ​កម្ពុជា​មាន​ច្បាប់ និង​លិខិ​ត​បទដ្ឋានគតិយុត្តិជា​ច្រើន​​ពាក់ព័ន្ធនឹងការ​គ្រប់គ្រង​ដីធ្លី​នេះ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់នៅ​​​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ ដែល​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច-សង្គម ​ជីវភាព​ប្រជាសហគមន៍​ និង​ផលប៉ះពាល់​ផ្សេង​ៗ​ទៀត។​

លោកថា៖ «នៅក្នុងរបាយការណ៍​បានរកឃើញថា ការអនុវត្ត​ច្បាប់ មិន​មាន​ប្រសិទ្ធភាព​ល្អទេ បើ​តាម​គោល​ការណ៍​ច្បាប់ ឃើញ​ថាច្បាប់​មាន​ល្អ មានរចនាសម្ព័ន្ធ​ត្រឹម​ត្រូវ ប៉ុន្តែ​អ្វីដែលជា​បញ្ហា គឺនៅលើការ​អនុវត្ត​នេះឯង ចឹង​អ្វីដែល​ធ្វើ​ឱ្យ​ការ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​នេះ គឺ​​វាមានកត្តា​ច្រើន វា​មាន​ពាក់ព័ន្ធ​នឹ​ងបញ្ហា​​​អំពើពុករលួយ ពាក់ព័ន្ធនឹង​ខ្វះតម្លាភាព ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ ការ​​ប្រើប្រាស់ប្រព័ន្ធ​តុលាការ ហើយមានការ​ទំនាក់ទំនងល្អ​រវាង​អាជ្ញាធរ​និង​បុគ្គ​ល​មាន​អំណាច​មាន​ទ្រព្យ​ ពេលខ្លះមានការ​គំរាម​កំហែង ចាប់​ខ្លួន​​​ទៅលើប្រជាសហគមន៍ ទៅលើ​​ភាគីទំនាស់ ចឹង​​​ធ្វើ​ឱ្យ​ព​លរដ្ឋ​ហ្នឹង​​បាត់បង់ទំនុក​ចិត្ត​​លើ​​អាជ្ញាធរ​ និង​​​ប្រព័ន្ធ​យុត្តិ​ធម៌ ចឹង​ធ្វើ​ឱ្យ​កើត​មានការ​កើនឡើង​​នូវ​​ភាព​ក្រី​ក្រ​នៅ​ក្នុង​សង្គម​ នេះជាបញ្ហា​ដែល​របាយការណ៍​បានរកឃើញ»។

បើតាមលោក យិន ម៉េងលី ក្នុង​របាយការណ៍​នេះ ក៏មានការ​ផ្តល់នូវ​អនុសាសន៍​​មួយ​​ចំនួន​​ផង​ដែរ ដូច​ជា បញ្ឈប់​ការប្រើ​អំណាច ឬ​កម្លាំង​ប្រដាប់អាវុធគំរាមកំហែង​បង្ក្រាប​ការ​តវ៉ា​ទាម​ទារ​ដោយ​សន្តិ​វិធី, ​​បញ្ឈប់​ការ​ប្រើ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ក្នុងការចោទប្រកាន់ឬចាប់ឃុំខ្លួន ដើម្បី​ជា​ការ​ដាក់​សម្ពាធ​លើ​ភាគី​ម្ខាង,​ ការ​ពារសិទ្ធិ​សហគមន៍ និងជនជាតិ​ដើមភាគតិច, ​ធានា​ការអ​នុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ច្បាប់ និង​​ធានា​​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​នូវ​គោល​ការណ៍​ឯករាជ្យ តម្លាភាព និងឆាប់រហ័ស ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី ព្រមទាំង​ដាក់​ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​ណាដែ​ល​ប្រើតួ​នាទី​មិន​ត្រឹមត្រូវ ជាដើម។

លោក ថៃ កាឆា ដែលអះអាងថាជាតំណាង​ពលរដ្ឋនៅឃុំបឹង​ល្វា ក្នុង​ខេត្ត​កំពង់​ធំ ដែលមាន​បញ្ហាវិវាទដីធ្លី បាន​ឱ្យដឹងថា រូបគាត់ និងពលរដ្ឋ​រាប់​សិប​​គ្រួសារ​ទៀត ​មាន​បញ្ហា​វិវាទដីធ្លី​ជាមួយ​​អ្នក​​មាន​​លុយ​មានអំណាច តាំង​ពីឆ្នាំ​២០២៣មក និ​ងបាន​ស្វែង​រក​ការ​អន្តរាគមន៍ និងដំណោះ​ស្រាយ​ផ្នែក​ច្បាប់ ​ពី​អាជ្ញាធរ​​​ខេត្ត និ​ង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​ជាច្រើន​លើក​ច្រើនសារ ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ នៅមិន​ទាន់​មានដំណោះ​ស្រាយ​នៅឡើយ។ ​

លោក​បន្តថា អំឡុង​ពេល​តវ៉ារឿង​ដីធ្លីនេះ ប្រជាសហគមន៍​បាន​ជួប​នូវ​កា​រលំបាក​ក្នុង​ជីវភាព និង​បាន​រង​នូវការ​គំរាម​កំហែង​​ផងដែរ ដែល​ធ្វើ​ឱ្យ​ពួកគាត់​អស់សង្ឃឹមថានឹងទទួលបានភាពយុត្តិធម៌​។

​លោកថា៖ «យកដីស្រែ ដីចម្ការយើង ដីសល់តាំងពីដូចតាមក លក់ឱ្យ​ឈ្មួញ ពេល​យើង​តវ៉ា ចាប់យើង​ដាក់គុក យើងប្តឹងឱ្យ​​គេរកយុត្តិធម៌​ឱ្យ​​ ស្ងាត់ជ្រាប ខ្ញុំទៅអស់ហើយជួបសាលាខេត្ត ជួបខ្ទេច​ខ្ទី​អស់​​ហើយ គ្មាន​បានយុត្តិធម៌អីមកវិញទេ មានតែដេកឈឺចាប់ ដេកខូចចិត្ត»

Press Start Cambodia មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់លោក សេង ឡូត និង​​អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានទេ​នៅ​ រសៀលថ្ងៃ​ទី​៧ ខែ​​ឧសភា ឆ្នាំ​២០២៦​​​នេះ។

យោងតាម​របាយការណ៍​​បូក​សរុប​លទ្ធផល​​ការងារ​ប្រចាំ​​ឆ្នាំ២០២៥ និងលើក​ទិសដៅការ​ងារ​ឆ្នាំ​២០២៦ ​របស់​​​ក្រសួង​​រៀបចំ​​ដែនដី នគរូបនីយ​កម្ម​ និង​សំណង់ ដែល​​​​បា​នផ្សព្វ​ផ្សាយ​កាល​ពី​អំឡុង​​​​​​​​​ខែ​​​មីនា ឆ្នាំ​​២០២៦ ឱ្យ​ដឹង​ថា គិតចាប់ពីការអនុវត្ត​រហូត​ដល់​ឆ្នាំ​២០២៥ ក្រសួង​បាន​​ទទួល​​ពាក្យ​​បណ្ដឹង​​ពាក់ព័ន្ធ​នឹង​បញ្ហាវិវាទ​ដីធ្លី​​​ចំនួន ១៦ ៣៦៤ ករណី ក្នុង​​នោះ​​ដោះ​ស្រាយ​បញ្ចប់​នីតិ​វិធី​ចំនួន ១៦ ២៨២ ករណី និង​​កំពុ​ង​​ដោះ​ស្រាយ​​ចំនួន ៨២ ករណី។

របាយការណ៍​បន្តថា ពាក់ព័ន្ធនឹង​ការន្លឿនដោះស្រាយ​វិវាទដីធ្លី ក្រុមការងារ​របស់ក្រសួង​បាននិង​កំពុង​​​​សហការ​​​​​​ជាមួយ​​អាជ្ញាធរ​ពាក់ព័ន្ធ​​ ​ដើម្បី​​រក​​ដំណោះ​​ស្រាយ​​​ចំពោះ​​ករណី​​វិវាទ​​ដែល​នៅ​សេស​​​​សល់ ដើម្បី​​​បិទ​បញ្ចប់​​ភាព​​​ចម្រូង​ចម្រាស​ក្នុង​​សង្គម បង្កើត​​បរិយា​កាស​​គ្មាន​ជម្លោះ​ ពង្រឹង​​​សុវ​ត្ថិភា​ព​​​​​នៃ​​ការ​​កាន់​កាប់​ដី បង្កើត​​ភាព​​សុខ​ដុមរមនា​​ក្នុង​សង្គម ឈានទៅ​អភិវឌ្ឍន៍សេដ្ឋកិច្ច​និង​សង្គមកិច្ច​នៅតាមមូលដ្ឋាន។

សម្រាប់ អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី សង្កេត​ឃើញថា នាពេល​កន្លង​មក រាជ​រដ្ឋាភិបាល បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​​ជា​ហូរ​ហែ​មក​ដែរ ប៉ុន្តែបញ្ហា​ដែលជាប់គាំងនោះ គឺបញ្ហា​ដីធ្លីដែល​ពាក់ព័ន្ធ​នឹង​អ្នកមានលុយ​មានអំណាច ដែល​ធ្វើ​ឱ្យការ​ដោះស្រាយ​ហាក់នៅជាប់គាំង និង​រ៉ាំរៃ។ យ៉ាងណា លោក​ថា បើ​សិន​ជា​បញ្ហា​វិវាទ​​ដីធ្លី​ទាំងនោះ មិ​ន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​បាន​ឆាប់ទេ នោះ​វានឹង​​ប៉ះ​ពាល់​ដល់​​សន្តិ​សុខ​សង្គម ព្រម​ទាំង​សិទ្ធិ​ពលរដ្ឋ ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា។

លោក​ថា៖ «ខ្ញុំក៏ទទួលស្គាល់ថា មកដល់ពេលនេះ រដ្ឋាភិបាលបានខំប្រឹងច្រើនមកហើយ ក្នុងការ​ដោះ​​ស្រាយ​​វិវាទដីធ្លីនេះ ប៉ុន្តែកន្លែងដីធ្លីមួយ​ចំនួន គឺ​វា​នៅជា​ប់​គាំង​ជាមួយ​នឹង​ខ្នង ពិសេស​អ្នកដែល​​មា​ន​​អំណាច ឬ​ក៏​មាន​បុណ្យ​ស័ក្តិ​អី​ធំ​ខ្ពង់​ខ្ពស់ ដែល​គេមិ​ន​ហ៊ាន​ប៉ះ​ហ្នឹង អាហ្នឹង​វា​ទាល់​តែ​រដ្ឋាភិ​បាល​​ហ្នឹង ​ត្រូ​វ​​តែ​ព​ង្រឹង​នូវ​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ហើយ​ធ្វើកា​រ​ស៊ើប​អង្កេតឡើង​វិញ​ទៅ​លើ​ករណី​ដី​​នីមួយៗ​ហ្នឹង ដើម្បី​ជៀង​វាង​កុំ​ឱ្យ​អ្នក​មាន​អំណាច​ហ្នឹង​ចេះ​តែ​ប្រើ​អំណាច​ ដើម្បីវាត​ទីយ​ក​ដី​របស់​ពលរដ្ឋ»។

ជាមួយគ្នា​នេះ​ដែរ​​ ​ដើម្បីកែលម្អស្ថានភាព​​​ការ​អនុវត្ត​ច្បាប់​ក្នុងការគ្រប់គ្រង​ដីធ្លីឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​របាយ​ការណ៍​របស់សមាគម​អាដហុក ដែលចេញផ្សាយ​នៅ​ថ្ងៃនេះ ក៏បាន​ជំរុញ​ឱ្យ​​​រដ្ឋាភិបាល​ត្រូវ​​​​ពង្រឹង​​​ការ​​អនុវត្ត​ច្បាប់​ឱ្យ​មានតម្លា​ភាព និង​ធានាយុត្តិធម៌ស្មើភាព ធានា​ឯករាជ្យ​ភាព​តុលាការ គោរព​សិទ្ធិ​សហគមន៍​និង​ជនជាតិ​ដើមភាគតិច ទប់ស្កាត់អំពើពុករលួយ និងការ​ប្រើអំណាច​ខុស​គោលបំណង​ច្បាប់។ របាយការណ៍បានគូសបញ្ជាក់ដែរថា បើសិន​ជា​រដ្ឋាភិបាល​មិន​មាន​​​​វិធានការណ៍​ជាក់​ស្តែង​ទេ​ វិវាទដីធ្លី​នឹង​​បន្ត​​បង្ក​​ផល​​ប៉ះ​ពាល់​​​​​​ធ្ងន់​​​ធ្ងរ​ដល់ស្ថិរភាព​សេដ្ឋកិច្ច​-សង្គម ការកើន​ឡើង​​នៃ​ភាពក្រីក្រ ការ​បាត់​បង់ទំនុក​ចិត្ត​​លើ​រដ្ឋាភិបាល និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​អាច​រារាំង​​ការ​​អភិវឌ្ឍ​រយៈពេលវែង៕

អត្ថបទគួរឱ្យចាប់អារម្មណ៍