សង្គមស៊ីវិលគាំទ្រការលុប​​បំបាត់រង្វាន់​ក្រវិល​កំប៉ុងស្រាបៀរ​​ តែ​​បារម្ភ​​ពីយុទ្ធ​សាស្ត្រ​បំប្លែង​ខ្លួន​​របស់ក្រុម​ហ៊ុន

សង្គមស៊ីវិល គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ ​ក្នុង​ការ​បញ្ឈប់​ការ​ផ្ដល់​រង្វាន់​តាម​ក្រវិល​កំប៉ុង​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិសុរា​ក្នុង​ស្រុក​​ ចាប់ពីខែតុលា ឆ្នាំ២០២៦ តទៅ ខណៈ​ពួកគេ​ចង់​ឱ្យ​​រដ្ឋាភិបាល​ពង្រឹងការតាម​ដានឱ្យបានដិតដល់ ដើម្បីធានានូវប្រសិទ្ធភាព ព្រមទាំងការពារ​កុំឱ្យមាន​ការ​​លួចលាក់​ផ្ដល់​រង្វាន់​ក្នុង​ទម្រង់ថ្មីៗ​ ដែលអូសទាញយុវជនឱ្យបន្តសេពគ្រឿងស្រវឹង។

យោងតាមលិខិត​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២៦ បានណែនាំ​ដល់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ចំនួន​២ចំណុច ក្នុងនោះ ត្រូវ​អនុវត្ត​គោលការណ៍​របស់រាជរដ្ឋាភិបាល ដោយ​ហាម​ឃាត់​ការ​ផ្តល់​រង្វាន់​ តាមរយៈកា​រគាស់​ក្រវិល​កំប៉ុង ឬគម្របផលិត​ផល​ ឬការ​ផ្តល់​រង្វាន់​តាមទម្រង់​ផ្សេង​ៗ​ សម្រាប់​ភេសជ្ជៈ​មានជាតិ​ស្ករ ជាពិសេស​ភេស​ជ្ជៈ​​ប៉ូវ​កម្លាំង​ ត្រឹម​ដំណាច់ត្រីមាស​ទី​៣ ឆ្នាំ​២០២៦ តទៅ ហើយ​គ្រប់​សហគ្រាស​ទាំងអស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យផ្តល់រង្វាន់​ និង​មិន​ត្រូវ​មានការ​បញ្ជាទិញថ្មី នាំ​ចូល ឬ​ផលិត​​នូវ​គម្រប​​ផលិត​ផល​ភេសជ្ជៈ​មានជាតិស្ករដែលមានកា​រផ្តល់រង្វាន់ទៀតឡើយ។

ក្រៅពីនោះ លិខិត​ដដែល ក៏បានណែនាំ​​ឱ្យ​​​ពង្រឹងការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាពគ្នាលើការ​លើក​កម្ពស់​អនុលោមភាព​បន្ថែមទៀត ដោយ​បញ្ឈប់ទាំង​ស្រុង​នូវការ​ផ្តល់រង្វាន់​លើក្រវិល​កំប៉ុង ឬគម្រប​ផលិត​ផល​ ឬការ​ផ្តល់រង្វាន់​តាមទម្រង់ផ្សេង​ៗ សម្រាប់ផលិត​ផល​គ្រឿង​ស្រវឹង នៅត្រឹម​ដំណាច់ត្រីមាសទី​៣ ឆ្នាំ២០២៦​នេះដូចគ្នា។

ជុំវិញ​ការ​ដាក់ចេញវិធានការនេះ ​លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បាន​បង្ហាញការគាំទ្រ​​ ដោយ​លោក​យល់​ឃើញ​ថា ការ​ផ្តល់​រង្វាន់​តាម​ក្រវិល​កំប៉ុង​ គឺជា​យុទ្ធសាស្ត្រ​ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម និងបំផ្លាញអនាគតយុវជនកម្ពុជា។ លោកថា រដ្ឋាភិបាល​​មិន​​ត្រឹមតែត្រូវលុបបំបាត់រង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែគួរតែឈានទៅដល់ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿង​ស្រវឹង​ក្នុងគ្រប់ទម្រង់ និងគ្រប់រូបភាពឱ្យបានទូលំទូលាយ ដើម្បីការពារសុខភាពសាធារណៈ និងធានាឱ្យបាននូវប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា៖ «ខ្ញុំចង់ឃើញការលុបចោលការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងលើគ្រប់ទម្រង់[…] ព្រោះ​ការផ្តល់រង្វាន់ គឺជាការធ្វើឱ្យខូចអនាគតរបស់យុវជន ខូចតម្លៃសង្គមរបស់យើង អ៊ីចឹងខ្ញុំថាបញ្ហាគួរតែហាមឃាត់ គួរតែដោះឱ្យបានទូលំទូលាយបាទ […] ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលអនុវត្តវិធានការនេះឱ្យមានប្រសិទ្ធភាព ដោយមិនត្រូវមានការលើកលែងចំពោះអ្នកមិនគោរពតាមឡើយ។ បើចាំបាច់ ត្រូវផាកពិន័យ ឬលុបចោល​អាជ្ញាប័ណ្ណតែម្ដង ចំពោះក្រុមហ៊ុនដែលនៅតែបន្តល្មើស»។

ចំណែកឯ លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ក៏​បានបង្ហាញការ​គាំទ្រចំពោះវិធាន​ការ​​របស់​​​​រដ្ឋាភិបាល​​ផងដែរ។ លោកថា គ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញសុខភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏​ជា​ប្រភព​នៃ​បញ្ហាសង្គមជាច្រើនទៀត។

ជាមួយគ្នានេះ លោកក៏សម្តែងការព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនមានយន្តការត្រួតពិនិត្យឱ្យ​បាន​ម៉ឺង​​​ម៉ាត់ លើការនាំចូលគ្រឿងស្រវឹងពីក្រៅប្រទេសទេ នោះយុទ្ធសាស្ត្របញ្ឈប់ការ​ដាក់រង្វាន់នេះ អាចនឹង​មិន​​ទទួលបាន​ជោគ​ជ័យ​ពេញលេញឡើយ ដោយសារក្រុមហ៊ុនមួយចំនួន អាចនឹងប្រើប្រាស់ច្រក​របៀង ដើម្បី​លួច​លាក់​ចែកចាយផលិតផលបំពានច្បាប់។

លោកបន្តថា៖ «យើងមិនគួររង់ចាំទាល់តែប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ ឬគ្រួសារនីមួយៗ រងគ្រោះដោយសារ​គ្រឿង​ស្រវឹង ទើបយើងនាំគ្នាភ្ញាក់រលឹកនោះទេ។ ការលុបបំបាត់រង្វាន់ក្រវិលកំប៉ុង គឺជាជំហានដំបូងដ៏ល្អ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការទប់ស្កាត់ការហូរចូលនៃផលិតផល​ដែលគ្មានប្រភពច្បាស់លាស់​ពីប្រ​​ទេស​​ជិត​​​ខាង ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋកាន់តែធ្ងន់ធ្ងរ»។

លោក ឡាយ សារ័ត្ន អាជីវករលក់គ្រឿងស្រវឹងនៅក្រុង​សៀមរាប​ ខេត្តសៀមរាប បង្ហាញការគាំទ្រ​ចំពោះវិធានការនេះដែរ ដោយ​លោក​យល់​ថា ការមានរង្វាន់ក្រវិលកំប៉ុង គឺជាកត្តាជំរុញឱ្យយុវជនអាចបន្តការសេពគ្រឿងស្រវឹងបានយូរ បើទោះបីជាពួកគេគ្មានថវិកាគ្រប់គ្រាន់ក៏ដោយ ព្រោះពួកគេអាចយកក្រវិលកំប៉ុងដែលត្រូវរង្វាន់ទៅដូរយកស្រាបៀរមកសេពបន្តបន្ទាប់គ្នា។

លោកថា៖ «ខ្ញុំគាំទ្រក្នុងការផ្អាកដែរ បើសិនជាយើងអាចធ្វើទៅបាន[…] ព្រោះអត់រង្វាន់ក្រវិលកំប៉ុង ក្មេង​អត់​លុយ​​ផឹក បើដូរវាមានលុយតិចតួចនៅអាចដូរបាន ផឹកដូរ ផឹក។ មិនថាខ្ញុំមិនថាគេ ផឹករហូតឈឺរាល់ថ្ងៃ ខួរ​ក្បាលអត់ល្អ បញ្ញាខ្សោយ»។

ជុំវិញយន្តការនៃការផាកពិន័យ ឬវិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនដែលហ៊ានបំពានផ្ដល់រង្វាន់​ក្រោយ​កាល​​បរិច្ឆេទ​​កំណត់ Press Start Cambodia មិនទាន់អាចសុំការបកស្រាយ​បន្ថែមពី លោក មាស សុខ​សេន​​សាន អ្នក​នាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននៅឡើយទេ ត្រឹមរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ​២០២៦​នេះ។

តាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ​២០២១-២០២២ ដែល​ចេញ​ផ្សាយ​ដោយ​​​ក្រសួង​សុខាភិ​បាល កាលខែមេសា ឆ្នាំ២០២៣ បង្ហាញថា ប្រហែល ៧០% នៃបុរសនៅកម្ពុជា សេព​គ្រឿង​​ស្រវឹង ខណៈស្ត្រីមានត្រឹម ១៦% ប៉ុណ្ណោះ ហើយការសេព​គ្រឿងស្រវឹង ក៏ត្រូវបានភ្ជាប់ជាមួយ​ហានិភ័យ​អំពើហិង្សាក្នុងគ្រួសារផងដែរ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍