ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានអំពាវនាវឲ្យអតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ Huione Pay បន្តដោះស្រាយបញ្ហាវិវាទដោយសន្តិវិធី និងតាមប្រព័ន្ធតុលាការ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចអំឡុងការតវ៉ា នៅមុខធនាគារជាតិ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងវីដេអូផ្សាយនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកស្រី ជា សិរី បានពន្យល់អំពីករណីទាក់ទងនឹងការទូទាត់សងប្រាក់របស់ Huione Pay បន្ទាប់ពីមានការតវ៉ារបស់អតិថិជន ដែលបាននាំឲ្យមានភាពតានតឹង និងអំពើហិង្សាលើអ្នកតវ៉ា។
លោកស្រីបានបញ្ជាក់ថា “កន្លងមក ធនាគារជាតិកម្ពុជា បានចូលរួមជាមួយភាគីពាក់ព័ន្ធ ក្នុងការសម្របសម្រួលដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍សន្តិវិធី សុចរិតភាព និងការទទួលខុសត្រូវ”។
ទេសាភិបាលធនាគារជាតិ ក៏បានអំពាវនាវបន្ថែមឲ្យអតិថិជនបន្តរកដំណោះស្រាយតាមផ្លូវច្បាប់ ជាពិសេសតាមប្រព័ន្ធតុលាការ ដើម្បីធានាបាននូវយុត្តិធម៌ និងការពារស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ។
ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីមានការតវ៉ារបស់អតិថិជន Huione Pay ប្រមាណជាង ១០០នាក់ នៅមុខធនាគារជាតិកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ដែលក្នុងនោះមានទាំងជនជាតិខ្មែរ និងបរទេស។ ការតវ៉ានេះបានបង្កឲ្យមានអំពើហិង្សា បណ្តាលឲ្យជនជាតិចិន២នាក់រងរបួស។
តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា អាជ្ញាធរបានឃាត់ខ្លួនបុរសជនជាតិខ្មែរ ២នាក់ ក្នុងនោះមានម្នាក់ត្រូវសង្ស័យថា ជាមេខ្លោងដឹកនាំបាតុកម្ម និងបិទផ្លូវខុសច្បាប់។
អតិថិជន Huione Pay កំពុងស្វែងរកអន្តរាគមន៍ពីធនាគារជាតិ ដើម្បីយកប្រាក់ដែលបានដាក់នៅក្នុងគណនីក្រុមហ៊ុន ដែលបានបិទដំណើរការមកវិញ ខណៈអ្នកជំនាញសេដ្ឋកិច្ចមួយចំនួនព្រមានថា បញ្ហានេះអាចប៉ះពាល់ដល់ទំនុកចិត្តលើវិស័យធនាគារ និងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ប្រសិនបើមិនដោះស្រាយឲ្យបានច្បាស់លាស់។
គួររំលឹកថា នៅថ្ងៃទី២០ ខែមីនា ក្រុមហ៊ុន Huione ដែលប្តូរឈ្មោះមក H-Pay ត្រូវបានធនាគារជាតិដកហូតអាជ្ញាបណ្ណ បន្ទាប់ពីការស៊ើបអង្កេតបានរកឃើញថា ក្រុមហ៊ុននេះបានរំលោភលើតម្រូវការបទប្បញ្ញត្តិ៕

