ក្រសួង​អប់រំ​​ណែ​នាំ​ឱ្យ​​ទប់​ស្កាត់​​ការ​​ប្រើ​ប្រា​ស់​​បា​រី​អេ​ឡិច​ត្រូ​និក​​នៅ​តាម​​គ្រឹះ​ស្ថាន​​សា​ធារ​ណៈ​ និង​​ឯក​ជន​​

ក្រសួងឣប់រំយុវជន និងកីឡាបាន​ដាក់​ចេញនូវ​គោលការណ៍​​ណែនាំ​មួយចំនួន​ឲ្យទប់ស្កាត់ការប្រើ​ប្រាស់បារីឣេឡិចត្រូនិច ឬផលិតផល​ ឣេចន៍​ ធី ភី ក្នុងបរិវេណ​គ្រឹះ​ស្ថាន​ឣប់រំពាក់​ព័ន្ធទាំង​រដ្ឋ​និង​ឯកជន​​នៅ​ទូទាំងរាជធានីខេត្ត ដើម្បីទប់​ស្កាត់​ផលប៉ះពាល់​សុខភាព​។​

យោងតាមសេចក្ដីណែនាំ​ ​ចុះ​ថ្ងៃ​ទី​២៩​ ខែ​មេសា ២០២៦​ ក្រសួងឣប់រំយុវជន និងកីឡា​បាន​ណែ​​នាំ​ដល់​ថ្នាក់​ដឹកនាំ​អង្គភាព​ក្រោមឱវាទ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡារាជធានី ខេត្ត​ ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និងកីឡា នៃរដ្ឋ​បាល​ក្រុង​ ស្រុក​ ខណ្ឌ នាយកគ្រឹះស្ថាន​សិក្សា​​​សាធារណៈ និង​ឯក​ជន​ ទីកន្លែង​ហាត់​ប្រាណ និង​កន្លែង​កីឡា​ផ្សេងៗ ត្រូវ​រៀប​ចំ​ផ្សព្វ​ផ្សាយ​​ឱ្យ​បាន​ទូលំទូលាយ​ អំពី​ផល​ប៉ះពាល់​នៃការ​ប្រើ​ប្រាស់​ បារីអេឡិកត្រូវនិក និង​ផលិ​ត​ផល​ អេចន៍ ធីភី ដល់​បុគ្គលិក​អប់រំ អ្នក​សិក្សា​ អ្នក​លេង​កីឡានិងសាធារណជន​។

ក្រសួង​អប់រំ​ក៏​បាន​ណែនាំ​ផងដែរឱ្យ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់ ការ​ចែក​ចាយ​ ការជួញដូរ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់រូប​ភាព​ នៃបារីអេឡិចត្រូ​និក​ និងផលិតផល​ អេចន៍ ធីភី ទាំង​ក្នុង​និង​ជុំ​វិញ​បរិវេណ​គ្រឹះស្ថាន​សិក្សា​ អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌល​សិក្សាសហគមន៍​ ទីកន្លែង​បំពេញ​ការ​​ងារ ទីកន្លែង​ហាត់​ប្រាណ​ ទីកន្លែងលេងកីឡាក ទីន្លែង​ហ្វឹកហាត់កីឡា និងទីកន្លែងប្រកួត​កីឡា​។​

សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​ក៏បាន​ណែនាំ​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​សហការជាមួយ​មាតាបិតា​ អាណាព្យាបាល​ បុគ្គលិក​អប់រំ អ្នក​សិក្សា និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ចូល​រួម​កំណត់​មុខ​សញ្ញា និង​ទីតាំង​ចែក​ចាយ​ ឬជួញដូរ បារីអេឡិកត្រូនិក និង​ផលិតផល​ អេចន៍​ ធីភី​ និង​រាយការណ៍​ជូន​អាជ្ញាធរមាន​សមត្ថកិច្ច​ ដើម្បីទាប់ស្កាត់ទាន់​ពេល​វេលា។

គួររំលឹក​ថា កាល​ពីថ្ងៃទី​២១ ខែ​តុលា ឆ្នាំ​២០២៥​ រដ្ឋាភិបាល​បាន​ចេញ​បទបញ្ជា​ដោយ​ហាមឃាត់​ការ​នាំ​ចូល​ ការចែកចាយ ការលក់ ការផ្សាយ​ពាណិជ្ជកម្ម ការ​ប្រើប្រាស់​ ការកាន់កាប់​ ការ​ផលិត ​និងការ​ស្តុកទុក​ឧបករណ៍​អេឡិច​ត្រូនិក​ និងស៊ីស្យា​៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍