ស្ថាន​ទូត​​បរ​ទេស ​បក្ស​ប្រ​ឆាំង​និង​​សង្គម​​ស៊ីវិ​ល​​រិះ​គន់​​សា​ល​ដី​កា​​​លើ​ករ​ណី​រ​​ប​ស់​​លោក កឹម​ សុ​​ខា​​

ដោយៈ

Press Start Cambodia Avatar

​ស្ថានទូតបរទេស​ គណបក្សប្រឆាំងនិង​សង្គម​ស៊ីវិល​ បានចេញសេចក្តីថ្លែងការណ៍សម្តែង​ការ​ខកចិត្ត​ភ្លាម​ៗ បន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ការ​ផ្តន្ទាទោស​អតីត​មេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ពីបទ “​ក្បត់ជាតិ”​។

នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​​តម្កល់​សាលក្រម​របស់​សាលាដំបូង​ដែលផ្តន្ទាទោស​លោក កឹម សុខា ឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​២៧​ឆ្នាំ​នៅដដែល ​និង​បាន​បន្ថែម​​ការហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេ​ស​រយៈ​ពេ​ល៥ឆ្នាំ​ តាម​ការ​ស្នើ​សុំ​របស់​អគ្គព្រះរាជអាជ្ញា​និង​មេធាវី​របស់​រដ្ឋាភិបាល​។​

ភ្លាមៗក្រោយការប្រកាសសាលដីកា ស្ថានទូតប្រទេស​លោកខាងលិចធំៗ ​រួម​មាន​ស្ថានទូត​អូស្ត្រា​លី អាល្លឺម៉ង់ អង់គ្លេស​​ កាណាដា និង​សហភាព​អឺរ៉ុប​បាន​សម្តែង​ការ​ខកចិត្ត​របស់ខ្លួន​ចំ​ពោះ​​សេចក្តី​សម្រេចនេះ ដោយ​ពួកគេ​បាន​រំលេច​ជា​ថ្មីអំពី​សារៈសំខាន់នៃ​លំហសេរីភាព​ពលរដ្ឋ​​និងសេរីភាព​​​នយោបាយ​និង​ប្រព័ន្ធ​ពហុបក្ស ​ដែល​ជា​គោលការណ៍គ្រឹះនៃដំណើរ​ការ​លទ្ធិប្រជា​ធិបតេយ្យ​។

សហភាពអឺរ៉ុបបានបញ្ជាក់​ថា នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់បំផុតក្នុងការបើកលំហនយោបាយ និងសេរីភាពស៊ីវិល ​ដោយ​សង្ឃឹម​ថា​ នឹង​មាន​មធ្យោបាយ​បែបស្ថាបនា​និង​វិជ្ជមានចំពោះអ្នកដែលកំពុងជាប់ឃុំ។

ចំណែក ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ ក៏បាន​សម្តែងការ​ខកចិត្ត​ចំពោះ​សាលដីកា​នៅថ្ងៃនេះផងដែរ ដោយ​បានទាមទារត្រង់ៗថា៖ “យើងចង់ឃើញលោក កឹម សុខា ត្រូវបានដោះលែង និងសេរីភាពនយោបាយរបស់លោកត្រូវបានស្ដារឡើងវិញ ។​ យើង​ជឿជាក់ថា រឿងនេះ នឹង​ជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។

ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលី ក៏បានសម្តែងក្តីបារម្ភចំពោះការប្រើយន្តការច្បាប់ ដើម្បីកម្រិតគណបក្សប្រឆាំង និងបានជំរុញឱ្យកម្ពុជាពង្រីកលំហស៊ីវិលនិង​សេរីភាព​នយោ​បាយ​ ដើម្បីបង្កើត​លក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដ​និង​មាន​ការ​ប្រកួត​ប្រជែង​។ រីឯស្ថានទូត​កាណាដា ក៏​បានរំលឹកថា “ការគោរពតួនាទីរបស់គណបក្សប្រឆាំង សង្គមស៊ីវិល និងសារព័ត៌មានសេរី គឺជាកត្តាមិនអាចខ្វះបានសម្រាប់អភិបាលកិច្ចល្អតាម​លទ្ធិ​ប្រជា​ធិបតេយ្យ”​។

លោក កឹម សុខា អាយុ​៧២​ឆ្នាំ គឺជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលា​ការ​រំលាយ​ចោល​ ក្រោយ​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក កឹម សុខា នៅថ្ងៃទី​៣ ខែ​កញ្ញា ​ឆ្នាំ​២០១៧​។​ ចៅក្រម​ស៊ើប​សួរ​បាន​ចោទប្រកាន់​លោក​ពី​ “សន្និដ្ឋិភាព​ជាមួយបរទេស” តាម​មាត្រា​ ៤៤៣ នៃក្រម​ព្រហ្មទណ្ឌ​​ ដែល​អាចមាន​ទោសជាប់ពន្ធនាគាររហូត​ដល់​ ៣០​ឆ្នាំ​។​

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅក្រៅតុលាការ លោក ផែន ហេង ជា​មេធាវីការ​ពារ​របស់​លោក កឹម សុខា បានអះអាងថា សាលដីកា​របស់​សាលាឧទ្ធរណ៍​ គឺផ្ទុយពី​ក្តីរំពឹង​ទុក​ពី​ដំបូង​របស់​ក្រុម​មេធាវី ដែល​​ថា ​គណបក្ស​កាន់​អំណាច​នឹង​ស្វែង​រក​ការ​ផ្សះផ្សាជាតិ​។​

លោក​មាន​ប្រសាសន៍​ថា៖ “​យើង​ឃើញ​ថា សាលដីកាថ្ងៃនេះ ហាក់ដូច​ផ្ទុយ​ពីអ្វីដែល​យើង​គិត​ថា រាជរដ្ឋាភិបាល​នឹង​គិត​គូរ​ដល់​ការ​ផ្សះផ្សានិង​ពង្រឹង​ឯកភាព​ជាតិ​”។​

ទោះបីជា​យ៉ាងណា លោក ផែង ហេង​ នៅមិន​ទាន់​ដឹង​ថា លោក កឹម សុខា នឹង​សម្រេច​បន្ត​ប្តឹង​សារទុក​ទៅ​តុលាការ​កំពូល​ឬយ៉ាងណា​នោះទេ។

ជុំវិញសេចក្តីសម្រេចនេះ គណបក្ស​នយោបាយ​និង​មន្ត្រីសង្គម​ស៊ីវិល​ក៏បាន​រិះគន់​និងសម្តែង​ការ​ខកចិត្ត​របស់ខ្លួន​ ហើយថា ការ​សម្រេចនេះអាចជាឧបសគ្គក្នុងការ​ផ្សះផ្សាជាតិនិង​ដំណើរ​ការ​លទ្ធិប្រជា​ធិបតេយ្យ​​ផងដែរ។​​

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាសម្ព័ន្ធបក្សប្រ​ឆាំង​នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ ដោយសម្តែងការសោកស្តាយនិង​ការ​ខកចិត្តចំពោះ​សេចក្តី​សម្រេចនេះ ហើយថា ការបន្តរក្សាទោសដ៏ធ្ងន់ធ្ងរនេះ គឺជាការបោះបង់ចោល​ឱកាសក្នុងការស្តារឡើងវិញនូវឯកភាព និងការបង្រួបបង្រួមជាតិ។

សេចក្តីថ្លែងការណ៍នេះ សរសេរ​ថា៖ «ការបន្តរឹតត្បិតលំហសេរីភាពនយោបាយ គឺជាឧបសគ្គដ៏ធំរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យ ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងយុត្តិធម៌សង្គមនៅកម្ពុជា​» ដោយ​បានអំពាវនាវឱ្យមានការ​ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក កឹម សុខា​។

លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​ជឿនលឿន​ ក៏បាន​សម្តែង​ការ​ខកចិត្ត​ផងដែរ​ហើយ​ថា ការចោទប្រកាន់​លើ​លោក កឹម សុខា គ្មាន​មូល​ហេតុ​​ជាក់លាក់។​ លោកបន្ត​ថា ការ​សម្រេច​នេះ ក៏ផ្ទុយនឹង​ការ​ចង់​បានរបស់​ប្រជា​ពលរដ្ឋ​ដែល​ចង់​ឃើញ​តម្លាភាព​ សិទ្ធិសេរីភាព​បញ្ចេញមតិ​ និង​សិទ្ធិ​សេរីភាពចូលរួម​នយោបាយ​ពេញលេញដោយគ្មាន​ការ​រើស​អើង​។​

លោក​មាន​ប្រសាសន៍ថា៖ “នៅពេលមាន​ការ​កាត់ក្តីបែបនេះទៅលើ​ប្រធាន​គណបក្ស​មួយ​ឱ្យ​ជាប់​ទោស​យ៉ាង​ធ្ងន់ធ្ងរជា​ទីបំផុត​ ដែល​ពួកយើង​យល់ឃើញថា គាត់​មិនបាន​ប្រព្រឹត្តខុស​ផងនោះ វាធ្វើ​ឱ្យ​មាន​សម្ពាធផ្លូវ​ចិត្ត​ទៅលើ​ប្រជា​ពលរដ្ឋ​យ៉ាងខ្លាំង​”។​

លោកបន្ថែមថា ចាំបាច់ត្រូវ​មានកំណែទម្រង់​​ប្រព័ន្ធតុលាការឱ្យ​ឯករាជ្យ​ពិតប្រាកដ​និង​ផ្តល់ភាពយុត្តិធម៌​ស្មើមុខគ្នាចំពោះមុខ​ច្បាប់​។​​

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានបញ្ជាក់ថា បទចោទប្រកាន់ពីបទ «គប់​គិត​ជាមួយបរទេស»  បានជះឥទ្ធិពលផ្ទាល់ដល់ប្រទេសលោកខាងលិច និង​ជំរុញឱ្យអន្តរជាតិតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។ លោកបាន​អំពាវនាវឱ្យអ្នកនយោបាយខ្មែរងាកមកស្តារ «វប្បធម៌នៃការសន្ទនា» ឡើងវិញ ដោយតម្កល់​ឧត្តមប្រយោជន៍ជាតិជាធំ។

លោក អំ សំអាត បាន​អះអាងថា៖ “អង្គការសង្គមស៊ីវិល យើង​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរគាត់​មាន​​បន្តនូវ​​វប្បធម៌​សន្ទនា​ នៃការ​ចរចា ដើម្បីរកដំណោះស្រាយ​មួយចេញ​​ដូចពីមុនៗមក”

ដូចគ្នា​នេះដែរ លោក នី សុខា ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ថា ករណីរបស់​លោក កឹម សុខា ត្រូវ​បាន​មតិជាតិ​និង​អន្តរជាតិ​មើលឃើញថា ជា​រឿង​នយោបាយ​ច្រើន​ជាងផ្លូវ​ច្បាប់​ ដូច្នេះ​គួរ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ​ ជា​ជា​ងតាម​ផ្លូវ​ច្បាប់​។

លោក​បន្តថា ការ​សម្រេចនេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​និតិរដ្ឋ​ ប្រជា​ធិបតេយ្យ​សេរីពហុបក្ស​ក៏ដូចជា​ទំនាក់ទំនង​ជា​មួយបណ្តាប្រទេស​សេរី ក្នុង​ការ​សម្រេចិត្ត​ជួយ​ជ្រោមជ្រែង​កម្ពុជា​នាពេល​អនាគត​។​

លោកមាន​ប្រសាសន៍ថា៖ “គួរណាស់អ្នក​នយោបាយ​ធ្វើការ​ដោះស្រាយ​ឈាន​ទៅរក​ការ​ផ្សះផ្សា​បង្រួបបង្រួមជាតិ​ ការសាមគ្គី ឯកភាពជាតិ​ឱ្យ​បាន​រឹងមាំ”។

លោកបន្តថា កាលះទេសះនេះ អ្នកនយោបាយ​ខ្មែរ ចាំបាច់​ត្រូវ​ពង្រឹង​សាមគ្គីនិង​ឯកភាព​ជាតិ​ ព្រោះថា លោក កឹម សុខា ជាមេដឹកនាំ​នយោបាយ​ម្នាក់​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ប្រហាក់ប្រ​ហែលនឹងគណបក្ស​កាន់អំណាចដែរ។

លោកថា៖ “វាអាចធ្វើ​ឱ្យ​មាន​បញ្ហា​នៃការ​ប្រេះស្រាំ​។ ​បញ្ហា​បង្រួបបង្រួម​ជាតិ​យើង​មិន​អាចទៅមុខ​រួច​។ វា​ជា​រឿង​មួយ​ដែល​យើង​មាន​ការ​បារម្ភ​ចំពោះបញ្ហា​ទាំង​អស់​នេះ”។​

ទោះបីជា​យ៉ាងណា លោក​ ជា ធីរិទ្ធ ជា​អ្នក​នាំពាក្យ​ព្រឹទ្ធសភា និង​ជា​អ្នក​នាំពាក្យ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាន​លើកឡើង​ថា ការ​សម្រេចនេះ គឺជា​ឆន្ទានុសិទ្ធ​របស់តុលាការ​ដែល​មាន​អំណាចឯករាជ្យ​​ ហើយក៏ជា​អ្វី​​ដែល​គ្រប់គ្នា​ចង់​ឃើញ​។

លោក​ថា៖ “​បើ​សិន​តុលាការ​សម្រេចណាមួយ​នោះ គឺជា​សន្ទានុសិទ្ធិរបស់​តុលាការ។ ជា​ភាព​ឯករាជ្យ​របស់តុលាការ ចឹងសម្រាប់គណបក្ស​ប្រជា​ជន​កម្ពុជា​ យើង​គ្មាន​អ្វី​ត្រូវទៅបកស្រាយ​ចំពោះការ​សម្រេចរបស់​តុលាការទេ”។

ជុំវិញការ​លើក​ឡើងពីការ​ព្រួយបារម្ភ​អំពី​ការ​បែក​បាក់សាមគ្គីជាតិ​ លោក​អះអាង​ថា ត្រូវ​បែងចែក​ឱ្យ​ដាច់​រវាងអ្នកនយោបាយ​ដែល​មាន​ទស្សនៈ​ផ្សេង​​ក្នុងលទ្ធិប្រជា​ធិបតេយ្យ​និង​​អ្នក​នយោ​បាយ​​មាន​រឿង​ក្តីក្តាំនៅតុលាការ។ លោកថា៖ “ប្រទេសអភិវឌ្ឍន៍ ប្រទេសបិតាប្រជាធិបតេយ្យ​ណាក៏មាន​រូបភាព​បែបនេះ​ដែរ ចឹងយើង​ញែក​ឱ្យ​ដាច់​ត្រង់ចំណុចនេះ”។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Watch) ឆ្នាំ​២០២៥ បាន​បង្ហាញ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​នៅតែបន្តធ្លាក់ចុះ ដោយ​សារ​យុទ្ធនាការ​បង្ក្រាប​ជាប់ជា​ប្រចាំ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញរាល់ទម្រង់​ទាំង​អស់​លើ​អ្នក​ប្រឆាំងរួម​មាន​មន្ត្រីបក្សប្រឆាំង ការ​រិតត្បិត​លើ​សង្គម​ស៊ីវិល​ ប្រព័ន្ធផ្សព្វផ្សាយ​និង​ការ​បង្ក្រាបលើ​​ក្រុមសកម្មជនការពារបរិស្ថាន​​​។ របាយការណ៍​នេះ បន្តថា គណបក្ស​កាន់អំណាច​បាន​គ្រប់គ្រង​លើ​គ្រប់​ស្ថាប័ន​ទាំង​អស់​របស់​រាជរដ្ឋាភិបាល​ក្នុងនោះ​រួម​ទាំង​​ស្ថាប័ន​តុលាការ​ផងដែរ៕​

អត្ថបទដោយ៖ លាង សុវណ្ណា និង រ៉ា ជឺយ៉ាង​

អត្ថបទគួរឱ្យចាប់អារម្មណ៍