សាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោស លោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» និងបន្ថែមការហាមឃាត់ការចេញទៅក្រៅប្រទសរយៈពេល៥ឆ្នាំ។
សហមេធាវីការពារក្តីឱ្យ លោក កឹម សុខា គឺលោក ផែង ហេង បានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល និងបានបន្ថែមទោសថ្មីដោយហាមឃាត់ការចេញទៅក្រៅប្រទេសរយៈពេល ៥ឆ្នាំ។
ករណីនេះ លោកបានសម្តែងការសោកស្តាយចំពោះការសម្រេចនេះ ហើយលោកនឹងជជែកពិភាក្សាជាមួយកូនក្តីថាតើនឹងបន្តប្តឹងសារទុក្ខ ឬក៏បញ្ចប់ត្រឹមនេះ។
លោកមេធាវីថ្លែងថា៖ «យើងសម្តែងនូវការសោកស្តាយ ហើយយើងមិនដឹងថា ឯកឧត្តម កឹម សុខា នឹងសម្រេចប្តឹងសារទុក្ខ ឬក៏បញ្ចប់ត្រឹមនេះ ព្រោះយើងមើលទៅស្ថានភាពពេលនេះ គួរតែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ស្វែងរកការផ្សះផ្សាជាតិ ប៉ុន្តែសាលដីការបស់សាលាឧទ្ធរណ៍នៅថ្ងៃនេះ វាមិនដូចការរំពឹងទុក។ យើងគិតថា រាជរដ្ឋាភិបាលនឹងស្វែងរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ តាមរយៈការដោះស្រាយរឿងទាំងឡាយណាដែលពាក់ព័ន្ធនឹងអ្នកនយោបាយ ពាក់ព័ន្ធនឹងសកម្មជនសិទ្ធិមនុស្ស ក៏ដូចជាអ្នកដែលធ្វើកិច្ចការដើម្បីសង្គម ប៉ុន្តែយើងឃើញសាលដីកានៅថ្ងៃនេះ ហាក់ដូចជាផ្ទុយពីអ្វីដែលយើងគិតថា រាជរដ្ឋាភិបាលនឹងគិតគូរដល់ការផ្សះផ្សា និងពង្រឹងការផ្សះផ្សាជាតិ ក្នុងខណៈដែលប្រទេសថៃ កំពុងធ្វើទុក្ខបុកម្នេញមកលើយើងនៅតាមព្រំដែន»។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដោយត្រូវឃុំខ្លួននៅក្នុងផ្ទះ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាស្ថាពរ។ បណ្តឹងប្រឆាំងសាលក្រមរបស់សាលាដំបូង របស់លោក កឹម សុខា បានឡើងដល់សាលាឧទ្ធរណ៍ ហើយតុលាការជាន់ខ្ពស់មួយនេះ បានបើកសវនាការលើសំណុំរឿងនេះ ចាប់តាំងពីឆ្នាំ២០២៤មក ក្នុងនោះមានការពន្យាពេលរហូតដល់មានការបើកសវនាការសួរដេញដោល និងធ្វើសេចក្តីសន្និដ្ឋាន កាលពីថ្ងៃទី៨ និងទី៩ ខែមេសា ឆ្នាំ២០២៦ និងត្រូវប្រកាសសាលដីកានៅថ្ងៃទី៣០ខែមេសានេះ។
ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ ដែលបានចូលរួមស្តាប់ការប្រកាសសាលដីកានៅសាលាឧទ្ធរណ៍ភ្នំពេញដែរនោះ ក៏បានបង្ហាញការខកចិត្តផងដែរ ដោយថា ការសម្រេចនេះអាចធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ ខណៈលោកមើលឃើញថា សកម្មភាពធ្វើនយោបាយរបស់លោក កឹម សុខា នាពេលកន្លងមក មិនបានប្រព្រឹត្តដូចការចោទប្រកាន់ ហើយតែងតែការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងគោរពសិទ្ធិមនុស្ស។
លោកបានថ្លែងថា៖ «យើងឃើញថា វាពាក់ព័ន្ធពីព្រោះថាមិនថាតែជាអង្គទូត ឬមតិយោបល់អ្នកវិភាគនយោបាយ អ្នកនយោបាយ ឬក៏ប្រជាពលរដ្ឋទេ លោកតែងតែលើកឡើង គឺចង់ឱ្យមានតម្លាភាព ចង់ឱ្យមានសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាពនៃការជួបជុំ ហើយនិងសិទ្ធិសេរីភាពនៃការចូលរួមនយោបាយដោយពេញលេញ ហើយនិងគ្មានការរើសអើង ហើយនៅពេលដែលមានការកាត់ក្តីបែបនេះ ទៅលើប្រធានគណបក្សមួយឱ្យជាប់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលពួកយើងយល់ឃើញថាគាត់មិនបានប្រព្រឹត្តខុសផងនោះ វាធ្វើឱ្យមានសម្ពាធផ្លូវចិត្តទៅលើប្រជាពលរដ្ឋយ៉ាងខ្លាំង»។
ចំណែក លោក យិន ឈូករ័ត្ន ជាប្រជាពលរដ្ឋមកពីខេត្តកំពត ដែលជាអ្នកគាំទ្រលោក កឹម សុខា យល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ មានភាពអយុត្តិធម៌ ដោយលោកសម្អាងថា លោក កឹម សុខា មិនបានគប់គិតជាមួយជនបរទេស ឬក្បត់ជាតិដូចការចោទប្រកាន់នោះទេ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យស្ថាប័នតុលាការ ពិនិត្យលើសំណុំរឿងនេះឡើងវិញ ដើម្បីផ្ដល់សេរីភាពជូន លោក កឹម សុខា ឱ្យគាត់មានឱកាសវិលត្រឡប់មកចូលរួមក្នុងសកម្មភាពបម្រើជាតិ និងប្រជាពលរដ្ឋដូចដើមវិញ។
លោកថា៖ «ខ្ញុំមកចង់ស្តាប់ការប្រកាសនូវសាលក្រមរបស់តុលាការ ប៉ុន្តែមើលឃើញថាវាមានភាពអយុត្តិធម៌ណាស់សម្រាប់លោក កឹម សុខា។ ខ្ញុំសុំឱ្យតុលាការមេត្តាសើរើសំណុំរឿងឡើងវិញ ហើយផ្ដល់យុត្តិធម៌ជូនគាត់ ដើម្បីដោះលែងឱ្យគាត់មានសិទ្ធិសេរីភាពពេញលេញក្នុងកិច្ចការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋឡើងវិញ»។
Press Start Cambodia មិនអាចសុំការឆ្លើយតបពី លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញបាននៅឡើយទេ នៅថ្ងៃទី៣០ខែមេសានេះ។
ចំណែក លោក ជា ធិរិទ្ធ ដែលជាអ្នកនាំពាក្យប្រធានព្រឹទ្ធសភា និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចយ៉ាងណានោះជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយសារតែតុលាការមានឯករាជ្យភាពរបស់ខ្លួនក្នុងការកាត់សេចក្តី ដូច្នេះគណបក្សនឹងមិនមានការជំទាស់អ្វីទៅនឹងលទ្ធផលណាមួយដែលចេញពីសាលដីការបស់តុលាការឡើយ។
លោកថា៖ «ខ្មែរមានទៅបែកបាក់សាមគ្គីជាតិណា។ ប៉ុន្តែចែកឱ្យដាច់! មួយអ្នកនយោបាយដែលមានទស្សនៈផ្សេង បើទស្សនៈផ្សេងវាជារឿងធម្មតា ក្នុងលទ្ធិប្រជាធិបតេយ្យ បើអ្នកនយោបាយមានបញ្ហាក្តីក្តាំងរឿងផ្សេង ប្រទេសណាក៏ដូចប្រទេសណាដែរ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ការសម្រេចរបស់តុលាការជារឿងមួយ ប៉ុន្តែក្នុងនាមអង្គការសង្គមស៊ីវិល លោកចង់ឃើញអ្នកនយោបាយខ្មែរដោះស្រាយបញ្ហា តាមរយៈវប្បធម៌ចរចា ដើម្បីការផ្សះផ្សាជាតិ ឯកភាពជាតិ សាមគ្គីជាតិឡើងវិញ ជាជាងដំណើរការតាមតុលាការ។
លោកថា៖ «យើងឃើញថា ការសម្រេចរបស់តុលាកាជារឿងមួយ តែគ្រាន់ថាយើងជាសង្គមស៊ីវិល ចង់ឃើញថា អ្នកនយោបាយខ្មែរ គាត់មានបន្តនូវវប្បធម៌សន្ទនានៃការចរចារដើម្បីរកដំណោះស្រាយមួយចេញ ដូចពីមុនៗមក»។
ទន្ទឹមនឹងនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចតម្កល់សាលក្រមលើសំណុំរឿងរបស់លោក កឹម សុខា។
ស្ថានទូតអូស្ត្រាលី បានលើកឡើងថា កម្ពុជាគួរតែចាត់វិធានការជាក់ស្តែង ដើម្បីពង្រីកលំហសង្គមស៊ីវិល និងធានាសេរីភាពនយោបាយឲ្យកាន់តែទូលំទូលាយ។
ស្រដៀងគ្នានេះដែរ ស្ថានប្រតិភូសហភាពអឺរ៉ុប (EU) និងបណ្តារដ្ឋសមាជិកប្រចាំនៅកម្ពុជា ក៏បានបង្ហាញនូវកង្វល់ចំពោះលទ្ធផលនៃសវនាការលើបណ្តឹងសារទុក្ខរបស់ លោក កឹម សុខា។
ស្ថានប្រតិភូសហភាពអឺរ៉ុប បានលើកឡើងថា នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់សម្រួលដល់ការបើកលំហនយោបាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្តេជ្ញាចិត្តលើប្រជាធិបតេយ្យរបស់ខ្លួន៕

