លោក​នា​យក​​រដ្ឋ​​មន្ត្រី​ស្នើ​​ឱ្យ​​ពិនិត្យ​​លទ្ធ​ភាព​​បញ្ជូន​​ក្មេង​​ទំ​នើង​​ទៅ​​ជួយ​​ការ​​ងារ​​កង​ទ័ព​​​ជួរ​​មុខ​

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌ ​មហាផ្ទៃ​ និង​ការ​​ពារ​ជាតិ​ពិនិត្យ​មើល​លទ្ធភាព​ប្រើ​ប្រាស់​ការ​អប់រំ​ក្មេង​ទំនើង​ ដោយ​​ផ្សា​រភ្ជាប់​នឹង​ការ​បម្រើ​ឱ្យ​សមរភូមិមុខ​ ជាជាង​បញ្ជូន​ទៅ​ពន្ធនាគារ​។​

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សេដ្ឋកិច្ចក្រៅប្រ ព័ន្ធ និងសមាគមបុគ្គលិកសិក្សា កាលពីព្រឹក​ថ្ងៃ​អាទិត្យ​  លោកនាយករដ្ឋមន្ត្រី​បានស្នើ​ចំៗទៅ​លោក កើត រឹទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នាយ​ឧត្តមសេនីយ៍​ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តម​សេនីយ៍​ វង្ស ពិសេន អគ្គមេបញ្ជា​ការ នៃកងយោធពលខេមរភូមិន្ទ​ឱ្យ​សិក្សា​ផ្លូវ​ច្បាប់​ ដើម្បីប្រើ​ប្រាស់​ក្មេង​ទំនើង​ជួយ​ដល់​ការ​ងារ​វិស្វកម្ម​របស់កងទ័ព​ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិចាប់​ពី​៣ ខែ​ឬ​៦ខែ ទៅតាម​ស្ថាន​ទម្ងន់​ទោស​។​

លោកមាន​ប្រសាសន៍ថា៖ “​ឥឡូវ យើង​ចាប់ដាក់​គុកអស់តែបាយ។ ចេញ​មក​ខ្លះកែ ខ្លះ​មិន​កែ។ មិន​ចាំបាច់​ទៅ​ដល់​រុញ​ចូល​គុក​ទេ ឱ្យ​គិត​គូរ​ពីការ​ប្រើ​ប្រាស់​ការ​អប់​រំ​កម្រិតណា​ ដើម្បីផ្សារ​ភ្ជាប់​បម្រើ​ឱ្យ​សមរភូមិ​មុខ”។​

លោក​បន្ត​ថា៖ “មិន​បាច់​យក​ទៅ​កាន់​កាំភ្លើង​បាញ់​ទេ។ យក​ទៅធ្វើ​តែ​ចាក់ពុម្ព​លេណដ្ឋាន​…ដើម្បី​ទៅ​ជួយ​ដល់​កងវិស្វកម្ម​ទៅ”។​

លោក​ ហ៊ុន ម៉ាណែត ក៏​មាន​ប្រសាសន៍​ផងដែរថា ស្របពេលដែលកងទ័ពជួរមុខមួយ​ចំនួនកំពុងការពារទឹកដីប្រឈមនឹងការលំបាក និងគ្រោះថ្នាក់គ្រប់ពេលនៅតា​ម​ព្រំ​​ដែន បែរជាក្មេងទំនើង​ទាំង​នេះ​ ​បង្ក​ភាពវឹកវរក្នុងសង្គម​ទៅវិញ​។

លោក​មាន​ប្រសាសន៍​ថា៖ “យុវជនដូចគ្នា កំពុង​ឈរជើង​ប្រឈមនឹងការ​គ្រោះថ្នាក់​​ស្លាប់ដោយ​សារ​ខាងមុខ។ នៅពេល​ពួកយើង​មាន​ឱកាស​ មាន​សេរីភាព​មក​ដើរ​រញ៉េរញ៉ៃកាប់ចាក់​បំផ្លាញប្រទេស”។

នៅក្នុង​ឱកាស​នោះដែរ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​​​ស្នើ​ឱ្យ​គិត​គូរ​រក​កន្លែង​ណាមួយ ដើម្បី​ដាក់ក្មេងទំនើង​ទាំងនោះ​ ក្រោម​ការ​គ្រប់គ្រងពិសេស​របស់នគរបាល​ រួម​​ទាំង​ការ​​ប្រើប្រាស់​អាគារ​ស្គេម​ជា​បណ្តោះអាសន្ន​ផងដែរ បើ​ចាំបាច់​​​ និង​​បាន​​ព្រ​មាន​​ដាក់​ទណ្ឌកម្ម​ជា​អតិបរមា​ចំពោះ​ក្មេងទំនើង​ដែល​តដៃនិង​បង្ក​របួស​ស្នាម​មក​លើ​សមត្ថកិច្ច​ផងដែរ​។

យោង​តាម​សេចក្តី​រាយ​ការណ៍​របស់កាសែតខ្មែរថាមស៍កាល​ពី​ថ្ងៃច័ន្ទ​ដែល​បាន​ដក​​ស្រង់​ពី​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​​២០២៥ អា​ជ្ញា​​ធរ​បាន​បង្ក្រាប​ករណី​ពាក់​ព័ន្ធ​ក្រុម​ក្មេងទំនើង​ចំនួន​ ៩៩១​ករណី​ ដែល​ចំនួន​នេះ​​ ថយ​ចុះ​ ៣៨​ភាគរយធៀប​នឹងឆ្នាំ​២០២៤ ហើយ​ក្នុង​នោះ ក្មេង​ទំនើង​សរុប​ចំនួន​​ ៣.៦០៧​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ ២.៣៥៥​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ​ និង​ក្មេងទំនើង​ ១.២៣៨​នាក់ ​ត្រូវ​បាន​អប់រំ។​​

​ដោយ​ឡែក​គិត​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នគរបាលជាតិបានបង្ក្រាបក្មេងទំនើង១៦ករណី និងឃាត់ខ្លួនជនសង្ស័យ៨៤នាក់បញ្ជូនទៅតុ​លា​ការ​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍