កម្ពុជា​សម្តែង​ការ​សោក​​ស្តាយ​​ជុំ​វិញ​​គម្រោង​​លុប​​ MOU-2001 ដោយ​ភា​គី​​ថៃ​

កម្ពុជាសម្តែង​ការសោកស្តាយ បន្ទាប់​ពី​​​តាមសេចក្តី​​រាយការណ៍​​ថា ក្រុម​​ប្រឹក្សាសន្តិសុខជាតិរបស់​​ថៃយល់​ព្រមនឹង​ផែន​ការ​លុប​អនុស្សរណៈនៃការយោគ​យល់គ្នា ឆ្នាំ២០០១ (MOU-2001) ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នា។

កម្ពុជាបានសម្តែង​ការសោកស្តាយ​ ប្រសិនបើ​ប្រទេសថៃ​សម្រេចចិត្ត​ដក​ខ្លួន​ចេញ​​ពីអនុស្សរណៈនៃការ​យោគយល់គ្នា​ឆ្នាំ​២០០១​ នេះ ដោយ​គូសបញ្ជាក់ថា អនុស្សរណៈនេះ មិនត្រឹមតែជាការរៀបចំបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំង​​ពី​ឆន្ទៈពិតប្រាកដ ​និង​ប្រយោជន៍​រួម​រវាង​កម្ពុជា និងថៃ ក្នុងការ​រៀប​ចំ​ដោយ​​ស្មោះត្រង់​នូវក្របខ័ណ្ឌមួយ​ ដែល​ភាគីទាំងពីរអាចទទួល​យក​បាន ដើម្បី​ទាញ​យក​ផលប្រយោជន៍​រួម​ពីធនធាន​នៅក្នុងតំបន់​ដែន​សមុទ្រត្រួតគ្នា (OCA)។

ក្រសួង​ការបរទេស​បន្ថែមថា MOU-2001 ក៏តំណាង​ឱ្យ​ឆន្ទៈរបស់ប្រទេសទាំងពីរ ក្នុងកិច្ចប្រឹងប្រែង​កំណត់​ព្រំដែន​សមុទ្រមួយ​ប្រកប​ដោយ​មិត្តភាព​ កិច្ច​សហប្រតិ​បត្តិការ និងវិបុលភាពរួមផងដែរ​។​

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់បន្ថែមទៀត​ថា ការដកខ្លួនដោយឯកតោភាគីរបស់ថៃ គឺជាជំហានថយក្រោយពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋាន នៃអនុស្សរណៈនេះ ហើយ​ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃ MOU-2001។

អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខាដោយ​ប្រទេសកម្ពុជានិងប្រទេសថៃ​កាល​​ពី​ខែមិថុនា ឆ្នាំ​២០០១​ ដើម្បី​ជំរុញឱ្យ​ដំណោះស្រាយដោយសន្តិវិធី និងការចែក​រំ​លែក​ផលប្រយោជន៍រួមពីធនធានក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា​ (OCA)។ កម្ពុជា​​ ​និង​ថៃបាន​ចំណាយ​ពេលចរចា​​ជាងពីរទសវត្សរ៍​មកហើយជុំវិញ​​​តំ​បន់​ត្រួតស៊ីគ្នា​ ដែលជា​តំបន់​សម្បូរ​ថាមពល​មាន​តម្លៃប្រ​មា​ណ ៣០០ពាន់​លាន​ដុល្លារ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍