ជន​​បរ​​ទេស​​​ជាង​​​១​​ម៉ឺន​​​នាក់​​​ត្រូវ​​​បាន​​​បណ្តេញ​​ចេញ​​​ពាក់​​ព័ន្ធ​​​ឧក្រិដ្ឋ​​​កម្ម​​ឆបោក​​​តាម​​​អន​​​​ឡាញ​​​​

ជនបរទេស​ជាង​១ម៉ឺន​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ក្នុង​រយៈ​ពេល​ជាង​១​ឆ្នាំ​​កន្លង​មក​​នេះ ខណៈ​រដ្ឋាភិបាលបន្ត​​​​ប្តេជ្ញា​ចិត្ត​​បង្ក្រាបបណ្តាញឧក្រិដ្ឋ​កម្មឆ្លង​ដែន​គ្រប់ប្រភេទ​ ដោយ​​ ”គ្មាន​ការ​​អត់​ឱន”​​ និង​ម៉ឺងម៉ាត់បំផុត។​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ បាន​ឱ្យដឹងថា ​គិតចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញជនបរទេសចំនួន ១៣ ០៣៩នាក់ ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ មាន​៣៣សញ្ជាតិ។ ស្រប​ពេលជាមួយគ្នានេះ ជនបរទេសជាង ២៤១ ៨៨៨នាក់​ ក៏បានស្ម័គ្រចិត្តចាកចេញពីកម្ពុជា គិតចាប់ពី​ពាក់កណ្តាល ខែមករា ដល់​ថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ២០​២៦​។

សេចក្តីប្រកាស​ព័ត៌មាន​​បន្តថា ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២៥ ដល់​ពាក់កណ្តា​ល​​ខែមេសា ឆ្នាំ​២០២៦ ពោល គឺក្នុង​រយៈពេល​ជាង ៩ខែចុងក្រោយ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​បង្ក្រាបអំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​ជាង ២៥០​ ករ​ណី ដោយ​ក្នុង​នោះ​កា​ស៊ីណូ​ចំនួន​៩១​ទីតាំង ​និង​បាន​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុ​លា​ការ​ចំនួន​១១២ករណី ពាក់​ព័ន្ធនឹង​ជន​សង្ស័យ​ចំនួន​ប្រមាណ​ ១០៨៩នាក់​​។​

សេចក្តីប្រកាសព័ត៌មាន​ដដែលក៏បាន​​បង្ហាញ​ផង​ដែរ​​អំពីការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាបឧក្រិដ្ឋ​កម្ម​ឆបោក​តាមអនឡាញ​ឱ្យ​ដល់​ឫសគល់​ដោយ​គ្មាន​ការ​បង្អែបង្អង់ មិន​អត់​ឱននិង​មិនលើកលែង។

សេចក្តីប្រកាស​ព័ត៌មាន​សរសេរថា៖ “គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ មិន​​​ត្រឹម​តែបង្ក្រាប​តាម​ករណី​នីមួយៗប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំងបំផ្លាញ​បណ្តាញឧក្រិដ្ឋកម្មទាំង​មូល ដក​ហូត​សមត្ថភាព​ប្រតិបត្តិការ កាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ​និង​បិទ​ច្រក​ប្រតិបត្តិការទាំងអស់​”។

សេចក្តីប្រកាសព័ត៌មានបាន​បញ្ជាក់ទៀតថា ដើម្បីឱ្យ​ការ​ងារ​ប្រយុទ្ធប្រឆាំង​នឹងការ​​ឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​នេះ មាន​ប្រសិទ្ធភាព​ រដ្ឋាភិបាល​បាន​បង្កើត​ក្រប​ខណ្ឌ​គតិយុត្តជា​ច្រើន​ដូចជា​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធបច្ចេក​វិទ្យា បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតការ​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ អនុក្រឹត្យ​ស្តីពីការ​គ្រប់គ្រងសន្តិសុខ​សវុត្ថិភាព​តាម​ទីតាំង​រស់នៅប្រមូលផ្តុំ និង​ប្រកាស​អន្តរក្រសួង​ស្តីពីបែបបទ​ និងនីតិវិធី​នៃការផាក​ពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំង​រស់នៅ​ប្រមូល​ផ្តុំ។

កាល​ពីថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦​ ក្រសួង​រតនាគារ​​អាមេរិក​បានប្រកាស​ដាក់ទណ្ឌកម្ម​លោក កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា​ និង​អ្នក​ពាក់ព័ន្ធ​២៨​រូបផ្សេងទៀត​ពាក់ព័ន្ធនឹង​ទីតាំង​ឆបោក​តាម​អនឡាញ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​បាត់​បង់​​ប្រាក់​រាប់លាន​ដុល្លារ៕

អត្ថបទគួរឱ្យចាប់អារម្មណ៍