អាមេរិកដាក់ទណ្ឌកម្មឧកញ៉ា កុក អាន ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញ

ក្រសួងរតនាគាអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកូតាមកពីគណបក្សកាន់អំណាច លោក កុក អាន និងបុគ្គល២៨នាក់ទៀត ពាក់ព័ន្ធនឹងការបើកមជ្ឃមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា ដែលបានលួចលុយរាប់លានដុល្លារអាមេរិកពីជនរងគ្រោះជុំវិញពិភពលោក។

សេចក្តីប្រកាសរបស់ក្រសួងរតនាគាអាមេរិក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រកឃើញថា ក្រុមហ៊ុនរប​ស់​ឧកញ៉ា កុក អាន ឈ្មោះ Crown Resorts និងអគារផ្សេងទៀតរបស់ឧកញ៉ា កុក អាន នៅក្រុងប៉ោយប៉ែត ក្រុងព្រះសីហនុ និងក្រុងបាវិត ជាដើម បានប្រែក្លាយទៅជាជម្រករបស់ឧក្រិដ្ឋជនដើម្បីបោកប្រាស់តាមប្រព័ន្ធឌីជីថល។

អាមេរិកបានបញ្ជាក់ថា ការឆបោកនេះ ក្រោមរូបភាព លួងលោមនៃទំនាក់ទំនងមិត្តភាព ឬទំនាក់ទំនងស្នេ​ហា ឱកាសវិនិយោគ និងការផ្តល់ប្រាក់ចំណេញខ្ពស់ ជាដើម។

ប្រភពដដែល រកឃើញទៀតថាជនរងគ្រោះនៃការជួញដូរមនុស្សដែលត្រូវបាននាំទៅកាន់កន្លែងទាំងនេះបានរាយការណ៍ថា ពួកគេ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានកេងប្រវ័ញ្ចដោយជនឆបោកហើយត្រូ​វបានបង្ខំឱ្យលួចប្រាក់ពីជនរងគ្រោះជុំវិញពិភពលោក រួមទាំងជនជាតិអាមេរិកផងដែរ ដើម្បីសងពួកគេសម្រាប់ការចំណាយលើការចាប់ជំរិត។

សេចក្តីប្រកាសរបស់ក្រសួងរតនាគារអាមេរិក បញ្ជាក់ថា មានមនុស្ស ២៨ នាក់ និងអង្គភាពមួយចំនួននៅកម្ពុជា មានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកនេះ ប៉ុន្តែអាមរិកមិនទាន់បង្ហាញឈ្មោះពួកគេនៅឡើយទេ។

អាមេរិកអះអាងថា លោក កុក អាន ជាអ្នកគ្រប់គ្រងបណ្តាញបោកប្រាស់នៅទូទាំងប្រទេសកម្ពុជា ដែលកាងការពារដោយអ្នកមានអំណាចនៅកម្ពុជា ខណៈលោកជាមនុស្សស្និទ្ធិនឹងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។

ជុំវិញរឿងនេះ គេហទំព័រ Press Start Camb​o​dia បានព្យាយាមទាក់ទងឧកញ៉ា កុក អាន ដោយហៅទូរសព្ទចូលជាច្រើនដងតែគ្មានអ្នកទទួលគិតត្រឹមថ្ងៃទី២៤ ខែមេសា។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធិ មិនបានឆ្លើ​យ​តបសំនួរ Press Start Cambodia ជុំវិញវិធានការលើ ឧកញ៉ា កុក អាននោះទេ។លោកគ្រាន់តែប​ញ្ជា​ក់​ថាការដាក់ទណ្ឌកម្មនេះជាសេរីភាពរបស់អាមេរិក តែលោកថា លោក កុក អាន ជាសមាជិកព្រឹទ្ធសភាដែលមានអភ័យឯកសិទ្ធិកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋខ្មែរ។

លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាអ្នកនាំពាក្យព្រឹទ្ធសភាផង ជាអ្នកនាំពាក្យគណបក្សផង ឯកឧត្តម កុក អាន គឺជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា ហើយសមាជិកព្រឹទ្ធសភា គឺឯកឧត្តមកើតឡើងពីការបោះឆ្នោត មានន័យថា គាត់គឺជាមន្រ្តីព្រឹទ្ធសភា ដែលកើតឡើងមកពីការបោះឆ្នោតជាប់ធ្វើជាសមាជិកព្រឹទ្ធសភាហើយឯកឧត្តមក៏មានអភ័យឯកសិទ្ធិដែរ។ហើយត្រង់ថាអាមេរិកដាក់ទណ្ឌកម្មអីយ៉ាងណានោះចម្លើយដឹងច្បាស់មានតែសួរភាគីអាមេរិក។ ខ្ញុំសុំឆ្លើយខ្លីប៉ុណ្ណឹង»

ជុំវិញរឿងនេះដែរ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា រដ្ឋាភិបាលកម្ពុជាគួរបើកការស៊ើបអង្កេត ដោយតម្លាភាពដើម្បីលាងជម្រះការចោទប្រកាន់ពីសហរដ្ឋអាមេរិកនេះ។លោក សង្កត់ធ្ងន់ថា បើរដ្ឋាភិបាលនៅស្ងៀមស្ងាត់មិនបើកការស៊ើបអង្កេតករណីនេះទេនឹងធ្វើឱ្យ​កម្ពុជាកាន់តែស្អុយឈ្មោះលើឆាកអន្តរជាតិ ហើយរងការរិះគន់ថារដ្ឋាភិបាល និងពួកឧក្រិដ្ឋជន គឺជាក្រុ​ម​មនុស្សតែមួយ។

លោកបន្តថា៖«បើសិនយើងមិនអនុវត្តឱ្យបានល្អទេ វាជាបញ្ហាធំមួយដែល គេអាចទម្លាក់បន្ទុកមកលើរដ្ឋាភិបាលថា ជាអ្នកការពារបុគ្គលដែលមានរឿងមិនល្អ រឿងដែលធ្វើឱ្យប៉ះពាល់ទៅដល់ កិត្តិយស មុខមាត់របស់មនុស្សជាតិ ឬក៏សង្គមរបស់គេជាដើម។ដូចច្នេះវាជាបញ្ហាធំណាស់ ដែលយើងត្រូវអនុវត្តជាជាងការការពារ ដោយមិនមានការឆ្លើយតបជាវិជ្ជមាន។ហើយការមិនឆ្លើយតប ឬក៏ការមិនធ្វើនេះ គឺអាចនាំឱ្យប្រទេសផ្សេងៗទៀតវាយតម្លៃ និងយល់ឃើញកាន់តែច្បាស់ថា រដ្ឋាភិបាល ឬក៏ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានឥទ្ធិពល និងអំណាចក្នុងប្រទេសមួយគឺអាចនឹងមានផលប្រយោជន៍ ឬក៏មានជាប់ពាក់ព័ន្ធ »

ជាមួយគ្នានេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា យល់ឃើញថា វិធានការរបស់សហរដ្ឋអាមេរិនៅពេលនេះ ធ្វើឡើងដើម្បីបោសសម្អាតបទឧក្រិដ្ឋឆបោកតាមអនឡាញរួមទាំងការពារពលរដ្ឋអាមេរិក ដែលបានរងគ្រោះដោយសារអំពើឆបោក ក្នុងយុគសម័យថ្មីនេះ។

លោកគូសបញ្ជាក់ថា ចំពេលអន្តរជាតិចោទកម្ពុជាថាជាជម្រកពួកឧក្រិដ្ឋជនបែបនេះរដ្ឋាភិបាលកម្ពុជាចាំ​បាច់​ណាស់បោសសម្អាតអំពើពុករលួយ ពង្រឹងការអនុវត្តន៍ច្បាប់ ហ៊ានវះកាត់សាច់ស្អុយចោលទោះមានតំ​ណែ​ងណាក៏ដោយ ដើម្បីស្តារមុខមាត់ជាតិ និងដើម្បីទាកទាញវិនិយោគិនបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឡើងវិញ។

លោកបន្តថា«សង្ឃឹមថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីឱ្យកម្ពុជាមានភាពស្អាតស្អំ​សេចក្តីថ្លៃថ្នូរ អនុវត្តច្បាប់គ្មានស្តង់ដារ២មិនប្រកាន់បក្សពួកដើម្បីជាជំនឿជឿជាក់ទៅលើសហគមន៍អន្តរជាតិក្នុងការដាក់សំណងការទូតក្នុងការរកស៊ីវិនិយោគទុន ត្រូវការសន្តិសុខស្ថិរភាព សុវត្តិភាព ធានាបានការមិនបាត់បង់ទ្រព្យសម្បត្តិរបស់គេ។គេយកមកជួយវិនិយោគ កសាងឱ្យកម្ពុជា ក៏ដូចជាបានបង់ពន្ធដារចូលរដ្ឋ ប្រជាពលរដ្ឋមានការងារធ្វើ ហើយគេក៏បានចំណេញ គេក៏មិនមានការភ័យព្រួយពីរឿងពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬក៏បទឧក្រិដ្ឋ ប៉ះពាល់ដល់ជីវិតរបស់ពួកគេ ក្នុងការដែលគេយកលុយមករកស៊ីដែលជាផលចំ​ណេញ​ដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ»

របាយការណ៍ស្រាវជ្រាវរបស់ វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២៥ រកឃើញថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ ចំនួន ២៨នាក់ ក្នុងនោះក៏មានឈ្មោះឧកញ៉ាស្និទ្ធនឹងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺ លោក លី យ៉ុងផាត់ និងលោក ទ្រី ភាពដែរ គឺជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា។

បើតាមរបាយការណ៍ដដែល មានអ្នកបម្រើការងារក្នុងឧក្រិដ្ឋកម្មអនឡាញនេះ រហូតដល់ជាង ១៥ម៉ឺននាក់ ដែលក្រុមឧក្រិដ្ឋជនអាចរកចំណូលបានពីឧក្រិដ្ឋកម្មអនឡាញក្នុង ១ឆ្នាំប្រមាណពី ១២.៥ ទៅ ១៩ពាន់លា​នដុល្លារ ហើយថា មុខរបរសំខាន់ៗ របស់ពួកគេ ដែលមានការការពារពីគណបក្សប្រជាជនកម្ពុជា រួមមានការលាងលុយកខ្វក់ ការបោកប្រាស់តាមអនឡាញ ល្បែងអនឡាញ និងការជួញដួរមនុស្សឆ្លងដែន ជាដើម៕

អត្ថបទគួរឱ្យចាប់អារម្មណ៍