សា​លា​ឧទ្ធរ​ណ៍​គ្រោង​​ប្រកាស​​សាល​ដី​កា​​លើ​សំ​ណុំ​រឿង​​របស់​​លោក​ កឹម សុខា​​ នៅសប្តា​ហ៍​ក្រោ​យ​

សា​លា​​ឧទ្ធរណ៍​ភ្នំពេញ​គ្រោង​ប្រកាស​សាលដីកា​លើ​បណ្តឹង​ឧទ្ធរណ៍​របស់លោក កឹម សុខា ​អតី​ត​ប្រធាន​គណ​បក្ស​ប្រឆាំង​ពី​បទ​ “សន្និដ្ឋិភាព​ជាមួយបរទេស” នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​​ក្រោយ ​បន្ទាប់​ពី​បាន​បញ្ចប់ការ​ធ្វើ​​សេចក្តី​សន្និដ្ឋាន​ផ្ទាល់​មាត់​កាល​ពី​ដើម​ខែ​មេសា​។​​​

យោង​តាម​ដីកា​កោះ ចុះ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៦ លោក អ៊ឹម សុផាន​ ជា​អគ្គ​ព្រះរាជអា​ជ្ញារង ​នៃ​អយ្យ​ការ​អមសាលាឧទ្ធរណ៍ភ្នំពេញ​ បាន​កោះ​ហៅ​លោក​ កឹម សុខា ឱ្យ​ចូល​រួមការ​​ប្រ​កាស​​សាល​ដី​កា​​ ​ម៉ោង​៨៖៣០នាទី​ព្រឹក ថ្ងៃព្រហស្បតិ៍​ សប្តាហ៍​ក្រោយ​​។​

សាលាឧទ្ធ​រណ៍​បានបញ្ចប់​សវនាការលើ​សេចក្តីសន្និដ្ឋាន​ផ្ទាល់​មាត់​រយៈ​ពេល​២​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី៨និង​ទី​៩ ខែមេសា ឆ្នាំ២០​២៦​។​

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពីឆ្នាំ​២០១៧​​ ត្រូវបានតុលាការចោទប្រកាន់ពីបទ “សន្និ​ដ្ឋិភាពជាមួយបរទេស” តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយ​កាល​ពី​ខែមីនា ឆ្នាំ​២០២៣ សាលាដំបូង​រាជ​ធានីភ្នំពេញ​​ បាន​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ​ និង​ដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត៕

អត្ថបទគួរឱ្យចាប់អារម្មណ៍