តំណាងពលរដ្ឋចំនួន ១៤៦គ្រួសារ នៅឃុំចំនួន២ ក្នុងស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃអង្គារនេះ បានបន្តទៅប្រមូលផ្តុំដាក់ញត្តិនៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីអភិបាលខេត្ត ឱ្យជួយដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុន គ្លូប៊ល ហ្រ្គីន ក្រោយការស្វែងរកដំណោះស្រាយនៅថ្នាក់ស្រុក ពុំមានលទ្ធផលដែលពួកគាត់អាចទទួលយកបាន។
យោងតាមទំព័រហ្វេសប៊ុករបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានបង្ហោះសារនៅថ្ងៃទី២១ ខែមេសានេះ ឱ្យដឹងដែរថា ប្រជាពលរដ្ឋជាង ៨០នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ ១៤៦គ្រួសារ មកពីឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង បានឡើងមកដាក់ញត្តិនៅរដ្ឋបាលខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលខេត្តជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាង ៩៨៤ហិកតា ដែលត្រូវបានក្រុមហ៊ុនគ្លូប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច រំលោភឈូសឆាយយកដើម្បីធ្វើអាជីកម្មរ៉ែ។
តំណាងប្រជាពលរដ្ឋនៅឃុំរួសរាន់ លោក ឡុំ សែ បានប្រាប់ Press Start Cambodia ថា ករណីជម្លោះដីធ្លីនេះ ពលរដ្ឋធ្លាប់បានដាក់ញត្តិសុំឱ្យអភិបាលស្រុករវៀង ជួយដោះស្រាយម្តងហើយ ហើយអភិបាលស្រុករូបនេះ ក៏បានចុះទៅដល់ទីតាំងដីទំនាស់ផងដែរ តែពុំមានដំណោះស្រាយសមស្របឱ្យពួកគាត់ទទួលយកបាន ទើបពួកគាត់សម្រេចទៅដាក់ញត្តិនៅរដ្ឋបាលខេត្តព្រះវិហារ សុំឱ្យអភិបាលខេត្តជួយដោះស្រាយវិញម្តង។
លោករៀបរាប់ថា បញ្ហាជម្លោះដីធ្លីនេះ កើតឡើងជាង ១ឆ្នាំមកហើយ គឺចាប់តាំងពីដើមខែសីហា ឆ្នាំ២០២៥ ប៉ុន្តែនៅគ្មានដំណោះស្រាយទាល់តែសោះជូនពលរដ្ឋរងគ្រោះ ទើបបញ្ហានេះ បន្តអូសបន្លាយរហូតមកទល់ពេលបច្ចុប្បន្ននេះ។ លោកអះអាងថា កន្លងមក ពលរដ្ឋមិនធ្លាប់ទទួលបានការផ្ដល់ដំណឹងពីការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនមួយនេះទេ ហើយអាជ្ញាធរហាក់មិនបានពិភាក្សាពីផលប៉ះពាល់លើប្រជាពលរដ្ឋនៅមូលដ្ឋាននោះដែរ។
យ៉ាងណា លោក ឡុំ សែ នៅតែទទួចឱ្យអភិបាលខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ ជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីនេះ ជូនប្រជាពលរដ្ឋរងគ្រោះទាំង ១៤៦គ្រួសារផង ព្រោះពួកគាត់គ្មានដីធ្វើស្រែ និងដាំដំណាំនោះទេ។
លោកថា៖ «រឿងបញ្ហាដីធ្លីនេះ អូសបន្លាយ១ឆ្នាំជាងហើយបង តាំងពីដើមខែ៨ ឆ្នាំ២០២៥ អត់មានដំណោះស្រាយជូនពួកខ្ញុំសោះ សុំការអន្តរាគមន៍ទៅឃុំ ឃុំរុញទៅស្រុក ដល់អត់ដំណោះស្រាយ ពួកខ្ញុំសម្រេចចិត្តឡើងមកដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ស្នើសុំឱ្យលោកអភិបាលខេត្តជួយតែម្តង។ បើនៅតែនៅគ្មានដំណោះស្រាយទៀត ពួកខ្ញុំគ្មានដីសម្រាប់បង្កបង្កើនផលទេ»។
ជុំវិញបញ្ហានេះ គេហទំព័រ Press Start Cambodia បានព្យាយាមទាក់ទង អភិបាលខេត្តព្រះវិហារ លោក គឹម ឬទ្ធី ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ប៉ុន្តែលោកមិនលើកទូរស័ទ្ទ គិតត្រឹមថ្ងៃទី២១ ខែមេសានេះ។
ចំណែក នាយករងរដ្ឋបាលខេត្តព្រះវិហារ លោក សា សុខា មានប្រសាសន៍យ៉ាងខ្លីថា លោកកំពុងជាប់បេសកកម្ម ហើយពេលត្រឡប់ទៅវិញ លោកនឹងជួយពិនិត្យលើបញ្ហានេះ។
លោកថា៖ «បងរវល់ បេសសកម្មចុះខេត្តប្អូន បងមិនទាន់ដឹងរឿងទេ ចាំមើលបងត្រឡប់ទៅវិញ»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក សាំ ស៊ីឃ្លីន ដែលឃ្លាំមើលករណីនេះផ្ទាល់ បានលើកឡើងថា បញ្ហាជម្លោះដីធ្លីនេះ បានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដូច្នេះអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តព្រះវិហារ គួរតែចេញមុខពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់។
លោកបារម្ភថា បើអាជ្ញាធរពាក់ព័ន្ធ នៅតែបណ្តែតបណ្តោយមិនព្រមដោះស្រាយបញ្ហានេះជូនពលរដ្ឋរងគ្រោះទេ នោះនឹងបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពពួកគាត់ ព្រោះពលរដ្ឋភាគច្រើន រស់នៅពឹងអាស្រ័យលើដីស្រែចម្ការនេះ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។
លោកថា៖ «ខ្ញុំគិតថា រឿងនេះអូសបន្លាយយូរហើយ អាជ្ញាធរពាក់ព័ន្ធមិនគួរបណ្តែតបណ្តោយអីចឹងទេ ព្រោះបញ្ហាដីធ្លីនេះ បើគ្មានដំណោះស្រាយជូនពលរដ្ឋរងគ្រោះទេ វានឹងធ្វើឱ្យពលរដ្ឋប្រឈមជីវភាពខ្វះខាត ព្រោះតាមខ្ញុំដឹងពលរដ្ឋភាគច្រើនរស់នៅពឹងអាស្រ័យដីស្រែចម្កានេះហើយសម្រាប់ចិញ្ចឹមជីវិត ដូច្នេះខ្ញុំគិតថាបើអភិបាលខេត្តដឹង ឬទទួលបានញត្តិពលរដ្ឋហើយ គួរចេញមុខដោះស្រាយជូនពួកគាត់ទៅ»៕

