អ្នកវិភាគស្នើឲ្យរដ្ឋាភិបាលប្រើច្បាប់អន្តរជាតិខណៈយោធាថៃចាប់ផ្តើមធ្វើសកម្មភាពលើទីតាំងដែលដណ្តើមបានពីកម្ពុជា

ដោយៈ

សុត បាន Avatar

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតលើកឡើងថាជាជំរើសដែលមានប្រសិទ្ធិភាពគឺមានតែប្រើច្បាប់អន្តរជាតិទេ ទើបអាចទប់ស្កាត់ការឈ្លានពានម្តងហើយម្តងទៀតពីសំណាក់ភាគីថៃ មកលើបូរណភាពដែនដីរបស់កម្ពុជាបាន។

ការលើកឡើងដូចនេះ នៅចំពេលយោធាថៃបានពង្រីកសកម្មភាពរបស់ខ្លួននៅលើទីតាំងដែលបណ្តើមបា​ន​អំឡុងពេលផ្ទុះសង្រ្គាម កាលពីចុងឆ្នាំ២០២៥។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងនៅថ្ងៃទី២០ មេសា ដោយ​បង្ហា​ញ​ការសោកស្តាយចំពោះសកម្មភាពរបស់ភាគីថៃដែលកាន់កាប់ទឹកដីកម្ពុជា ហើយពង្រីកសកម្មភាពរបស់ខ្លួន​ដែលលោកចាត់ទុកទង្វើនោះថា​គឺជារឿងដែលខុសនឹងច្បាប់អន្តរជាតិ។ក្រៅពីនេះ បើតាមលោក សេក សុជាតិ រដ្ឋាភិបាលគួរតែប្រញាប់ និងពន្លឿនដោះស្រាយបញ្ហាព្រំដែននេះ តាមយន្តការច្បាប់អន្តរជាតិឱ្យបានឆាប់ ដើម្បីការពារ និងទាមទារទឹកដីកម្ពុជាត្រឡប់មកវិញ។

លោកបន្តថា៖«យន្តការដែលរដ្ឋាភិបាលគួរអនុវត្ត គឺមានតែប្តឹង ភាគីដែលបង្កវិនាសកម្មនេះទៅតុលាការអ​ន្ត​​​ជាតិ(ICJ) ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសកុំឱ្យពួកគេប​ន្តប្រើប្រាស់មធ្យោ​បា​យឈ្លានពានដែនអធិបតេយ្យភាពកម្ពុជាខ្លាំងជាងមុន»

ការលើកឡើងរបស់អ្នកវិភាគរូបនេះនេះ ធ្វើឡើងនៅបន្ទាប់ពីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៩ មេសា អះអាងថាយោធាថៃបានចាប់ផ្តើមបញ្ចេញសកម្មភាពផ្សេងៗ នៅតាមគោលដៅដែលខ្លួនដណ្តើមបានដោយខុសច្បាប់ក្នុងខេត្តជា​ប់ព្រំដែនចំនួ​ន​​បីដូចជា ខេត្តពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ទ​ន្ទឹ​ម​នឹងនេះ ស្ថាប័នរបស់រដ្ឋមួយនេះ ក៏បានតវ៉ា​ជា​ផ្លូវការ​ ប្រឆាំង​នឹង​សកម្មភាព​​កងកម្លាំងប្រដាប់អាវុធ​ថៃដែរ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០​២​៦​។

បើទោះជាយ៉ាងណា មកដល់ពេលនេះ គេនៅមិនទាន់ឃើញមានប្រតិកម្ម ពីភាគីថៃចំពោះជំហររបស់កម្ពុជា ជុំវិញករណីនេះនៅឡើយទេ។បើតាមលោក អ៊ំ សំអាន នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២៦ អ្នកនាំពាក្យយោធាថៃបានបន្តចុះត្រួតពិនិត្យនៅលើទីតាំងដែលយោធាថៃដណ្តើមបាន ហើយធ្វើសកម្មភាពផ្សេងៗ ដូ​ច​ជានៅច្រកអានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ នៅ​​តំបន់ច្រកអានសេះ ខេត្តព្រះវិហារ។មិនតែប៉ុណ្ណោះ ថៃកំពុងគ្រប់គ្រងដីខ្មែរចំនួន៨ទីតាំងថ្មីទៀតនៅតំ​ប​ន់​​ច្រកអានសេះ។

បន្ថែមលើ ការតវ៉ារបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រឆាំងការចូលកាន់កាប់ដែនដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន ជាលក្ខខណៈឯកតោភាគីថៃនៅពេលនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរបស់រដ្ឋាភិបាល អះអាងពីការអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមានទាំងច្បាប់ជា​តិ និងអន្តរជាតិ ជាពិសេសសន្ធិសញ្ញាបារាំង-សៀម។មិនតែប៉ុណ្ណោះ បទដ្ឋានគិតយុត្តិដទៃទៀត ដែលភា​គីទាំងពីរគឺកម្ពុជា ថៃ បានព្រមព្រាងគ្នារួចហើយស្តីពីព្រំដែនសន្តិភាព និងពង្រឹងយន្តការបទឈប់បាញ់​ គឺកម្ពុជា នៅបន្តរក្សាជំហរដូចដើម ដើម្បីធានាបាននូវស្ថានភាពនៅតាមខ្សែបន្ទាត់ព្រំដែន ឲ្យ​វិលទៅរកប្រ​ក្រតី​ភាពឡើ​ងវិញ។

លោកបន្តថា៖«កម្ពុជារក្សាជំហរដាច់ខាតការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក»

ចំណែកលោក អ៊ំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ កាលពីចុងឆ្នាំ២០១៧ បានបន្តរិះគន់ថាអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន មិនសូវជាខ្វល់ខ្វាយរឿងបា​ត់​បង់ទឹកដីទេ។ជាងនេះទៀត លោកអះអាងថា ការលើកឡើងរបស់ប្រធានព្រឹទ្ធសភា ដែលប្រៀបធៀបកា​រ​បាត់បង់អធិបតេយ្យភាពទៅភាគីថៃជាង៥០ទីតាំង ស្មើនឹងរបួ​ស​កូន ជាការបង្ហាញពីការមិនទទួលខុសត្រូ​វ​រ​បស់លោក ហ៊ុន សែន។ហើយនេះក៏មិនមែនជារឿងថ្មីដែរ សម្រាប់មេដឹកនាំចាស់វស្សាពីបក្សកាន់អំណា​ច​រូបនេះ។

ប្រភពបន្តថា៖«លោក ហ៊ុន សែន ចាត់ទុកថាការបាត់បង់ទឹកដីខ្មែរចំនួន៥១ទីតាំងទៅថៃ គ្រាន់តែជារបួសកូនដៃតែប៉ុណ្ណោះព្រោះគាត់បានកាត់ទឹកដីខ្មែរអោយទៅវៀតណាមច្រើនជាងណឹងផង។ ការបាត់បង់ទឹកដីខ្មែរចំនួន៥១ទីតាំងទៅថៃជារឿងធម្មតាសម្រាប់លោក ហ៊ុន សែន ព្រោះគាត់បានកាត់ទឹកដីខ្មែរអោយបរទេសជិតខាងឡើងស៊ាំហើយ»។

បើទោះជាបែបណា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពេលលោកប្រតិកម្មចំពោះការរិះគន់ប្រឆាំងការដឹកនាំរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅអំឡុងពេលបុណ្យចូលឆ្នាំ អះអាងថាទឹកដីកម្ពុជា ដែលត្រូវថៃដណ្តើមកាន់កាប់យកជាឯកតោភាគី រដ្ឋាភិបាលកម្ពុជាសន្យាថានឹងមិនឲ្យបាត់បង់ឡើយ។

ថ្វីបើអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានប្តេជ្ញាចិត្តថានឹងតវ៉ាយកដីដែលបាត់បង់ត្រឡប់មកវិញក្តី សម្រាប់អ្នកនយោ​​បា​យពីគណបក្សប្រឆាំង និងអ្នកតាមដានស្ថានភាពសង្គមមួយចំនួន បង្ហាញទុទិដ្ឋិនិ​យ​ម​​​ថា ដីខ្មែរដែលធ្លា​​ក់ចូលក្នុងដៃថៃជាច្រើនទីតាំង ទាំងមុននឹងក្រោយសង្រ្គាម ប្រាកដជានឹងមិនអាចទាម​ទា​​រយកមកគ្រប់គ្រងវិញបានទេ។ពួកគេ អះអាងថា ជម្រើសដែលអាចមានលទ្ធភាព លុះត្រារដ្ឋាភិបាលប្តឹ​ង​​សំណុំរឿងនេះ ទៅតុលាការអន្តរជាតិ និងប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀមទើបអាចមានផ្លូវ និងក្តីសង្ឃឹ​ម​​ខ្លះ៕ 

អត្ថបទគួរឱ្យចាប់អារម្មណ៍