ក្រ​សួង​ធន​ធាន​ទឹក​ក្រើន​រំលឹក​​ពល​រដ្ឋ​ឱ្យ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​​​ផ្គរ​រន្ទះ​និង​​ខ្យល់​កន្ត្រាក់​​

ក្រសួងធនធានទឹកនិងឧតុនិយមក្រើនរំលឹក​ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះ​ស្ថានភាព​​ភ្លៀងធ្លាក់​ជាមួយ​ផ្គររន្ទះ​ និង​ខ្យល់កន្ត្រាក់​នៅតំបន់​វាល​ទំនាប​ ខ្ពង់​រាបនិង​តំបន់​មាត់​សមុទ្រ ដោយសារឥទ្ធិល​ព្យុះ​ស៊ីឡាគូ​។​

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ក្រសួង​ធនធានទឹក​ និង​ឧតុ​និយម​បាន​ជូនដំណឹង​ដល់សាធារណជន​អំពី​សម្ពាធទាប​ដែលកើត​នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច និង​បាន​វិវត្តទៅជា​ព្យុះ​ទី​៤ ឈ្មោះ ស៊ីនឡាគូ ដែល​មាន​ឥទ្ធិពល​លើ​របបខ្យល់មូសុងឦសាន ដែលបក់​លើ​សមុទ្រចិន​ខាងត្បូង​ អាងទន្លេមេគង្គ​ សមុទ្រកម្ពុជា និង​លើ​ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែ​​ព្យុះស៊ីនឡាគូនេះ ពុំមាន​ឥទ្ធិពល​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជាដោយផ្ទាល់​ទេ។​

ក្រសួង​ធនធានទឹក​បាន​ព្យា​ករ​ថា​ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០​២៦​នេះ អាច​មាន​ភ្លៀង​ធ្លាក់​លាយ​ផ្គររន្ទះ និង​ខ្យល់កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០ភាគរយនៅតំបន់​វាលទំនាប និង​តំបន់​មាត់​សមុទ្រ​ដូចជា​ ខេត្ត​បន្ទាយ​មាន​​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀម​រាប កំពង់ធំ កំពង់ចាម ព្រៃវែង​ ត្បូង​ឃ្មុំ​ កណ្តាល តាកែវ ស្វាយ​រៀង​ និង​រាជធានីភ្នំពេញ កោះកុង ព្រះសីហនុ កំ​ពត កែប និង​ជួរភ្នំ​បូកគោ​ ​។ ក្រសួង​ធន​ធានទឹក​បន្ថែមថា រលក​សមុទ្រ​បោក​បក់​ខ្លាំង ដែល​មាន​កម្ពស់​​មធ្យម​អប្បបរមា​ ០,៥០​ម៉ែត្រ​និង​កម្ពស់​​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​។​

​ក្រសួង​ធនធាន​ទឹក​បញ្ជាក់​ទៀត​ថា តំបន់​ខ្ពស់​រាបដូចជាខេត្តកំពង់ស្ពឺ ប៉ៃលិន​ ឧត្តរ​មាន​ជ័យ​ ព្រះវិហារ​ ក្រចេះ ស្ទឹងត្រែង​ រតនគិរី ជួរភ្នំដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញអាច​មាន​ភ្លៀងធ្លាក់​លាយ​ផ្គររន្ទះ​ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥​ភាគ​រយ​។

​ស្របពេល​ជាមួយគ្នា ក្រសួង​ធនធានទឹក​ក៏​បាន​ប្រាប់​ឱ្យ​សាធារណជន​ប្រុង​ប្រ​យ័ត្ន​​​ខ្ពស់ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​និង​ផ្លូវ​ទឹក​ ក៏ដូចជា​ប្រុងប្រ​យ័ត្ន​ខ្ពស់​ចំ​ពោះ​បាតុភូត​​ភ្លៀង​ផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់ ​ដែល​​អាចកើត​មាន​ច្រើន​នៅ​ពេល​មាន​​ភ្លៀង​​កក់​​ខែ​​ អំ​ឡុង​រដូវចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិ​ខ្មែរ៕​

អត្ថបទគួរឱ្យចាប់អារម្មណ៍