ធនាគារជាតិ នៃកម្ពុជាប្រកាសតែងតាំងក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីដោះស្រាយទូរទាត់សំណងជូនអតិថិជនរបស់ក្រុមហ៊ុនផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក បន្ទាប់ពីសម្រេចដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់នេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា ការប្រកាសតែងតាំងនេះធ្វើឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីធនាគារជាតិរកឃើញគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ពុំបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងសម្រេចដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
សេចក្តីជូនដំណឹងបន្តថា ក្រុមហ៊ុនសវនកម្ម រីចឆ៍ & ផាតនើរ នឹងប្រកាសជូនដំណឹងជាសាធារណៈយ៉ាងយូរបំផុតត្រឹមចុងខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណនិងបញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់។
ធនាគារជាតិនៃកម្ពុជាក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនអេច-ផេ សឺវីស ម.ក ពុំមែនជាធនាគារ និងមិនមានសិទ្ធិទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាននោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិនៃកម្ពុជា នឹងបន្តតាមដានយ៉ាង ប្រុងប្រយ័ត្នលើការអនុវត្តការជម្រះបញ្ជី ដើម្បីការពារផលប្រយោជន៍អតិថិជន។
ថ្មីនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសឱ្យអ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារព្រីនស៍និងធនាគារផេនដា ទៅទទួលសំណង បន្ទាប់ពីដំណើរការនីវិធីជម្រះបញ្ជី៕

