កម្ពុជា​តវ៉ា​​ជំ​ទាស់​ជា​​ផ្លូវ​​ការ​ជា​​ថ្មី​ចំ​ពោះ​​សកម្ម​ភាព​ខុស​​ច្បាប់​របស់​​យោ​ធា​ថៃ

​កម្ពុជាតវ៉ាជាផ្លូវការជា​ថ្មីចំពោះ​សកម្មភព​ខុស​ច្បាប់​របស់​កងកម្លាំង​ប្រដាប់អាវុធ​ថៃ នៅ​ក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ខុសច្បាប់នៅតំបន់ព្រំដែនក្នុងខេត្ត​បាត់ដំ​បង និងឧត្តរមានជ័យចាប់តាំង​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២៥។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៦​នេះ ក្រសួង​ការបរទេស​កម្ពុជា​បាន​អះ​អាង​ថា នៅថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៦ កងកម្លាំង​ប្រដាប់អាវុធថៃ​បាន​ដំឡើង​​ដងទង់ជាតិ​ថៃ​លើ​ខ្នងទំនប់​ខាងកើត​​នៃអូរទីពីរនៅ​ក្រុង​សំរោ​ង​​ ខេត្ត​ឧត្តរមាន​ជ័យ​ សាងសង់​របងព្រំដែន​ជា​ឯកតោ​ភាគី​ក្នុង​តំ​បន់​​ចន្លោះបង្គោ​ល​​ព្រំដែន​លេខ ៥២ និង​៥៤ ដែល​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៦​ និង​ការចុះ​ពិនិត្យ​ទី​តាំង​ដោយ​គ្មាន​​ការអនុញ្ញាត កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា សកម្មភាពទាំងនេះជាការរំលោភលើអធិបតេយ្យ របស់​កម្ពុជា​ ក៏ដូចជា​លើចំណុច I (វិធានការកាត់បន្ថយ​ភាពតានតឹង) នៃ​សេចក្តី​ប្រកាស​រួម នៃកិច្ច​ប្រជុំពិសេស​លើកទី​៣ របស់គណៈកម្មការព្រំដែន (GBC) ផ្ទុយ​ទៅនឹង​អាណត្តិ​របស់គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែនគោក (JBC) និង​ប៉ះពាល់​លើការដាំបង្គោល​ព្រំដែន​បណ្តោះអាសន្ន​ដែល​បាន​ធ្វើ​ដោយ​ក្រុម​វាស់វែង​ចម្រុះកាលពីថ្ងៃទី​៦ ខែ​​ធ្នូ ឆ្នាំ​២០២៥។​

សេចក្តីប្រកាសព័ត៌មាន​បន្តថា “រដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់និង​មិន​ទទួល​យក​​នូវ​ខ្សែព្រំដែន​ឬការ​ទាម​ទារ​ទឹកដី​ណាមួយ​ដែល​អះអាងជា​ឯក​តោ​ភាគីដោយ​​ប្រទេសថៃជា​ដាច់ខាត”

កម្ពុជា​អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពទាំងនេះជា​បន្ទាន់​ ដើម្បីកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពតាមព្រំដែន។ ជាមួយគ្នានេះ កម្ពុជាបន្តប្តេជ្ញាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរ​ជាតិ និ​ងកិច្ច​ព្រមព្រៀង​ទ្វេភាគីដែល​មាន​ស្រាប់​ ហើយ​កម្ពុជា​នៅតែ​រក្សាជំហរ​របស់ខ្លួន​ដដែលថា ខ្សែព្រំ​ដែន​​មិន​ត្រូវ​បាន​ផ្លាស់ប្តូរ​ដោយ​ការ​ប្រើ​កម្លាំង​ឡើយ​៕

អត្ថបទគួរឱ្យចាប់អារម្មណ៍