កម្ពុជាអះអាងថា ការពិចារណាណាមួយរបស់ភាគីថៃក្នុងការដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត់សមុទ្រ គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការពិចារណារបស់ប្រទេសថៃ ដោយបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការរៀបចំក្របខ័ណ្ឌមួយ ដើម្បីជាមូលដ្ឋានសម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក៏ដូចជាជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្តរជាតិផងដែរ។
សេចក្តីថ្លែងការណ៍នេះបន្តថា អនុស្សរណៈឆ្នាំ២០០១ ក៏បង្ហាញពីសុឆន្ទៈរបស់ប្រជាជាតិទាំងពីរ ក្នុងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ហើយថា អនុស្សរណៈឆ្នាំ២០០១ នេះមានសុពលភាពរហូតដល់គោលបំណងរបស់អនុស្សរណៈនេះ ត្រូវបានសម្រេចពេញលេញ។
សេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈ នៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

