គ្រួសារនិងសង្គមស៊ីវិល​​អំពាវ​នាវ​ឱ្យ​តុលាការ​ដោះ​លែង​សកម្ម​ជន​៧រូប​នា​រដូវ​ចូល​ឆ្នាំ​ថ្មី

ដោយៈ

សុត បាន Avatar

អង្គ​ការ​សង្គមស៊ីវិល​​ផ្នែក​សិទ្ធិ​មនុស្ស និងគ្រួសារ​សកម្មជន​​ បន្ត​​អំពាវ​​នាវ​​ឱ្យ​​តុលាការ​ពិចារណា​ទម្លាក់​​​ចោល​​​បទ​​​ចោទ​ និង​​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​ការ​ពារ​បរិស្ថាន​ចំនួន ៧រូប ដោយ​ឥត​លក្ខ​ខណ្ឌ ដើម្បី​ឱ្យពួ​ក​គាត់​បាន​ជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខាងមុខនេះ និងបន្តភាពសកម្មនិយមក្នុងកិច្ចការពារសិទ្ធិមនុស្ស ធនធានធម្មជាតិ និងដីធ្លីបន្តទៀត។

អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានបង្ហោះសារលើហ្វេសប៊ុកនៅថ្ងៃទី៩ ខែ​មេសា​នេះ​ថា ខណៈ​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស កំពុងតែរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង​​ជួបជុំគ្រួសារយ៉ាងសប្បាយរីករាយ និងមានភាពកក់ក្តៅ អ្នកការពារសិទិ្ធមនុស្ស និងសកម្ម​ជន​ការពារបរិស្ថាន​ចំនួន ៧​រូប នៅ​បន្តជាប់ឃុំក្នុងពន្ធនាគារ​តាមបណ្តាខេត្តនៅទូទាំងប្រទេស ចាក​ឆ្ងាយពីក្រុមគ្រួសារដ៏កក់ក្តៅរបស់ពួក​គេ ។

ប្រភពបន្តថា អ្នកការពារសិទិ្ធមនុស្ស និងសកម្មជនការពារបរិស្ថានទាំង ៧​នាក់ ត្រូវបានចាប់ខ្លួន និង​ចោទប្រកាន់ ដោយសារភាពសកម្មនិយមរបស់ពួកគេ ទៅលើកិច្ចការងារសិទិ្ធមនុស្ស បរិស្ថាន និង​ធនធានធម្មជាតិ​នៅក្នុងប្រទេស ។

អ្នកទាំង ៧រូប រួម​មាន លោក កើត សារ៉ាយ និង​លោក ធី ថន ប្រធាន និងអនុប្រធាននៃសមាគម​​សម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) និង​សកម្មជននៃចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក យីម លាងហ៊ី ។

អង្គការលីកាដូ​បានគូសបញ្ជាក់ថា៖ «យើងខ្ញុំសង្ឃឹមថា តុលាការ​នឹងពិចារណាក្នុងការទម្លាក់ចោល​​បទ​ចោទ និងដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនការពារបរិស្ថានទាំង ៧ រូប ដោយឥតលក្ខខណ្ឌ ដើម្បីឱ្យពួកគាត់បានជួបជុំក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ​​ខាងមុខនេះ និងបន្តភាពសកម្មនិយមក្នុងកិច្ចការពារសិទ្ធិមនុស្ស បរិស្ថាន ធនធានធម្មជាតិ ដីធ្លី វិញ»។

បន្ថែមលើសារខាងលើនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា នារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋាភិបាលនិងតុលាការ គួរបង្ហាញការសាមគ្គី​​ភាព និងសណ្តោស​ប្រណៃ​ ដោះលែងសកម្មជនបរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និងសកម្មជននយោបាយឱ្យមានសេរីភាពជួបជុំគ្រួសារ។

លោកបន្តថា ការបន្តឃុំខ្លួនសកម្មជនបរិស្ថាន និងសកម្មជនសិទ្ធិមនុស្ស មិនបាន​ផ្តល់ផលប្រយោជន៍​អ្វី​ដល់រដ្ឋាភិបាលនោះ​ទេ មានតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ពីការរឹត​ត្បឹតសិទ្ធិសេរីភាព និងរំលោភ​សិទ្ធិពលរដ្ឋប៉ុណ្ណោះ។

មន្រ្តីការពារសិទ្ធិមនុស្សរូបនេះ បន្តអំពាវនាវយ៉ាងទទួចឱ្យរាជរដ្ឋាភិបាល និងតុលាការ មេត្តាដោះ​លែងពួកគេឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេអាចជួបជុំគ្រួសារ និងបន្តសកម្មភាពការពារបរិស្ថាននិងសិទ្ធិមនុស្ស​ទៀត។

លោកថា៖ «យើងជាអង្គការសង្គមស៊ីវិល តាំងពីដើមមក យើងតែងតែអំពាវនាវឱ្យរាជរដ្ឋាភិបាល និង​តុលាការ ពិនិត្យ ពិចារណា ដោះលែងសកម្មជនមាតាធម្មជាតិទាំងនោះ រួមសកម្មជនសិទ្ធិ​មនុស្សដទៃទៀត ដែលសកម្មការពារបរិស្ថាន និងរួមចំណែកការពារសិទ្ធិមនុស្សនៅកម្ពុជា ព្រោះយើងសង្កេតឃើញ​ថា សកម្មភាពពួកគាត់ភាគច្រើនសុទ្ធតែធ្វើការងារដើម្បីបរិស្ថាន សិទ្ធិ​មនុស្ស។ ដូច្នេះ​នារដូវចូលឆ្នាំនេះ ថ្នាក់ដឹកនាំប្រទេសមេត្តាដោះលែងពួកគាត់តាមសំណើរបស់គ្រួសារជនរងគ្រោះផងទៅ ដើម្បីឱ្យពួកគាត់មានសេរីភាពឡើងវិញ»។

ចំណែក ប្រធានសមាគម​ការពារសិទ្ធិមនុស្ស​​​អាដហុក លោក នី សុខា បាន​ស្នើយ៉ាង​ទទូចដល់​តុលាការ​កំពូល ពិចារណា​​​ក្នុងកា​រដោះលែងអ្នក​ទាំង​ ៧រូប ​​​ឱ្យ​ក្រៅ​ឃុំ និង​​ទម្លាក់​ចោល​បទចោទ​​​ប្រកាន់​លើពួក​គេ​ ដោយលោក​អះអាងថា សកម្មភាព​​​​របស់​សកម្មជន​​ទាំង​ ៧នាក់​​នោះ មិន​​បាន​​បំផ្លាញ​ជាតិនោះទេ ​គឺ​មានតែ​ការ​ការពារ​ធនធានធម្មជាតិ និងលាត​ត្រដាងនូវ​ភាពអយុត្តិ​ធម៌សង្គម។

លោកថា៖ «តាមពិតជារឿងល្អ នារដូវចូលឆ្នាំថ្មីអីចឹង រដ្ឋាភិបាលនិងតុលាការគួរតែអនុគ្រោះពួក​គាត់ជាសកម្មជន​សិទ្ធិមនុស្ស បរិស្ថាន ដោះលែងពួកគាត់​ឱ្យមានសេរីភាព​អាច​ជួប​ជុំគ្រួសារ​​​នារដូវកាលចូលឆ្នាំបែបនេះ។ ខ្ញុំ​នៅតែគិតថា ពួកគាត់ទាំងនោះ ជាសកម្មជនស្អាតស្អំ បម្រើ​ជាតិ ស្រឡាញ់បរិស្ថាន ចង់ការ​ពារ​​​បរិស្ថាន គ្មានចេតនាណាទៅបំផ្លាញបរិស្ថាននោះទេ។ ការណ៍នេះ ខ្ញុំស្នើយ៉ាងទទួចទៅរដ្ឋាភិបាល ជាពិសេស​តុលាការតែម្តងដោះលែងពួកគាត់ឱ្យ​​មានសេរីភាព​ទៅ ដើម្បីឱ្យពួកគាត់បានជួបជុំគ្នា និងអាចបន្ត​បេសសកម្មការពារធនធានធម្មជាតិទៀត»។

ជាមួយគ្នានេះ ភរិយាសកម្មជនមាតាធម្មជាតិលោក​​ ថុន រដ្ឋា គឺអ្នកស្រី បាត់ រស្មី ក៏បាន​អំពាវ​នាវដ​ល់រា​ជ​រដ្ឋាភិបាល និងតុលាការ មេត្តាដោះលែងសកម្មជនទាំងអស់ និងប្តីអ្នកស្រី ​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​ផង​ដែរ​ ដើម្បី​បាន​ជួប​ជុំគ្រួសារវិញ និងជាការ​​​បង្ហាញពី​​ការប្រោសប្រណី ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះសាមគ្គីគ្នា ​រួមគ្នាការពារបរិស្ថាន សិទ្ធិមនុស្ស និងបូរណភាពទឹកដី។

អ្នកស្រីថា៖«ខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា និងតុលាការដោះលែងប្តីខ្ញុំមក និងសកម្មជនដទៃទៀត ពួកគាត់អត់បានធ្វើអ្វីខុស ប៉ះពាល់ដល់សង្គមជាតិនោះទេ​។ ពួកគាត់មានតែគិតគូរចង់ជួយជាតិ ចង់ការ​ពារ​បរិស្ថាន។ សូមឱ្យថ្នាក់ដឹកនាំដោះលែងពួកគេឱ្យជួបជុំគ្រួសារផងនារដូវចូលឆ្នាំថ្មីនេះ ដើម្បីបង្ហាញពីការ​សាមគ្គីគ្នា​ខ្មែរស្រឡាញ់ខ្មែរ សុំដោះលែងប្តីខ្ញុំមក»។

អ្នកស្រី បាត់ រស្មី ​អះអាងថា ប្តីអ្នកស្រី និង​សកម្មជនសិទ្ធិមនុស្សដទៃទៀត មិនបានប្រព្រឹត្តិខុសដូច​ការ​ចោទ​​​ប្រកាន់​​នោះ​ទេ ហើយ​សកម្មភាព​របស់​ពួកគេ គឺ​ធ្វើការ​ដើម្បី​សង្គម​ជាតិ បរិស្ថាន និង​​រួមចំណែក​ស្តារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ។

គេហទំព័រ Press Start Cambodia មិនអាចសុំការបំភ្លឺបន្ថែមពីអ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាននៅឡើយទេ ដោយលោកឆ្លើយតបថា «កំពុងជាប់រវល់ការងារ»។

ជុំវិញរឿងនេះ អ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា បានប្រាប់ Press Start Cambodia យ៉ាងខ្លីថា ការអំពាវនាវឱ្យដោះលែងសកម្មជនទាំងនេះ ជាសិទ្ធិរបស់គ្រួសារជនរងគ្រោះ និងអង្គការសង្គមស៊ីវិល ប៉ុន្តែការ​​ឃុំខ្លួន និងចោទប្រកាន់តាមនិតីវិធីរបស់តុលាការ គឺមិន​ អាច​ចេះតែ​ដោះលែង​តាម​ការ​​ស្នើបា​ន​ទេ។

លោក​ស្រីថា៖ «ករណីពួកគាត់ទាំងអស់នេះ ស្ថិតនៅក្នុងនិតីវិធី​តុលាការ ការ​អំពាវ​នាវ​របស់សង្គម​ស៊ីវិល ឬគ្រួសារសកម្មជន​ជាសិទ្ធិពួកគាត់ ប៉ុន្តែនីតិវិធីច្បាប់មិនអាចធ្វើតាមសំណូមពរបានទេ»។

កាលពីថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន​ប្រកាស​សាលក្រមដោយ​ផ្តន្ទា​ទោស​​​​​សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និង​​លោក យីម លាងហ៊ី រួមជាមួយសមាជិក​​ ៥រូបទៀត​ ឱ្យជាប់ពន្ធនាគារ ចាប់ពី​៦ឆ្នាំ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «​ប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ​» ជុំវិញ​ភាពសកម្ម​ការ​ពារ​ធនធាន​ធម្ម​ជាតិ។

ចំណែក ​លោក ​កើត សារ៉ាយ ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KSILA) ត្រូវ​បាន​សាលា​ដំបូង​រាជធានីភ្នំពេញ ផ្តន្ទាទោស​កាលពីអំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ​​ឱ្យ​​ជាប់​​ពន្ធនា​គារ​​រយៈ​​ពេល​​៤​ឆ្នាំ ​និង​​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ពី​បទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្រោយ​​​​បញ្ចេញ​មតិ​​អំពី​វិវាទ​​ដីធ្លី​ដ៏​រសើប​មួយ​​នៅ​​ខេត្ត​ព្រះវិហារ ខណៈលោក ធី ថន អនុប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបាន​តុលាការ​ចោទ​ប្រកាន់​ពីបទ «រួមគំនិតក្បត់» ដែលអាចធ្វើឱ្យលោក​ជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ប្រសិន​បើតុលាការផ្តន្ទាទោសលើរូបលោក៕

អត្ថបទគួរឱ្យចាប់អារម្មណ៍