កម្ពុជាតវ៉ាជំទាស់ជាផ្លូវការជាថ្មីទៀតនឹងសកម្មភាពខុសច្បាប់ ដែលកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានឈូសឆាយនឹងរាយបន្លាលួសនៅតំបន់ ដែលកាន់កាប់ដោយខុសច្បាប់ក្នុងខេត្តព្រះវិហារ។
ជាថ្មីទៀត ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃ៥ ខែមេសា ឆ្នាំ២០២៦ តវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ដែលបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ប្រសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគិរីស្វារៈ រាយលួសបន្លាប្រវែងប្រមាណ១០០ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវជាំតែ។
ក្រសួងការបរទេសបន្តថា សកម្មភាពទាំងនេះមិនជាការការពារខ្លួន និងមិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចព្រមព្រៀងពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយសកម្មភាពនេះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលនេះសរសេរថា៖ “រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូចស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង (fait accompli on the ground) និងសូមតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពទាំងឡាយ ដែលរំលោភពអធិបតេយ្យ និងបរណៈភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំងសៀមឆ្នាំ ១៩០៤ និងសន្និសញ្ញា ឆ្នាំ១៩០៧”។
សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា កម្ពុជាមិនទទួលស្គាល់បន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ និងទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។
សេចក្តីប្រកាសព័ត៌មានបន្តលើកឡើងផងដែរថា កម្ពុជាគោរពយ៉ាងមុតមាំនូវជំហរគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ និងសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕

