កម្ពុជាបានតវ៉ាជាផ្លូវការប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់យោធាថៃ នៅក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ហើយថា ថៃកំពុងធ្វើផ្ទុយពីកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃបានដឹកនាំពលរដ្ឋមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្តោយព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យក្នុងខេត្តបន្ទាយមានជ័យ។
ក្រសួងការបរទេសបន្តថា ជាពិសេសនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបន្តពង្រាយលួសបន្លាបន្ថែម ពង្រាយគ្រឿងចក្រធុនធ្ងន់ និងធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេសបានសង្កត់ធ្ងន់ថា សកម្មភាពរបស់ថៃ គឺជាការប៉ុនប៉ងខុសច្បាប់ ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្តែង (Fait Accompli on the ground) និងជាការសម្រេចទុកជាមុននូវលទ្ធផល នៃការងារកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ និងមិនអាចចាត់ទុកថា ជាសកម្មភាពការពារខ្លួន ឬជាការអនុវត្តសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះឡើយ។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ “សកម្មភាពទាំងនេះ គឺផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការបន្ថយភាពតានតឹង ដែលបានចែងនៅក្នុងសេចក្តីប្រកាសរួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ថៃក្រោមកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ ឬទទួលយកនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយ ដែលថៃបានប្រកាសដោយឯកតោភាគីនោះឡើយ”។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃ ក៏ដូចជាមួយនឹងប្រទេសជិតខាងទាំងអស់ដែរ ស្របតាមច្បាប់អន្តរជាតិ ដោយកម្ពុជានៅតែរក្សាយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕

